18. ឯពូជគាត់ទាំងនោះគេអាស្រ័យនៅ ចាប់តាំងពីហាវីឡារហូតដល់ស៊ើរ ជាស្រុកដែលនៅខាងមុខស្រុកអេស៊ីព្ទ តាមផ្លូវទៅឯស្រុកអាសស៊ើរ គាត់ក៏ស្លាប់នៅចំពោះមុខនៃពួកបងប្អូនគាត់ទាំងអស់គ្នា។
19. ហើយនេះជាដំណវង្ស ពីអ៊ីសាក ជាកូនអ័ប្រាហាំ គឺអ័ប្រាហាំបានបង្កើតអ៊ីសាក
20. ឯអ៊ីសាក កាលយករេបិកាជាកូនបេធូអែលសាសន៍អើរ៉ាម ជាអ្នកនៅស្រុកប៉ាដាន់-អើរ៉ាម ដែលនាងជាប្អូនឡាបាន់មកធ្វើជាប្រពន្ធ នោះគាត់មានអាយុ៤០ឆ្នាំហើយ
21. អ៊ីសាកគាត់សូមអង្វរដល់ព្រះយេហូវ៉ាពីដំណើរប្រពន្ធគាត់ ពីព្រោះនាងជាស្ត្រីអារ ហើយព្រះយេហូវ៉ាទ្រង់ទទួលព្រមតាម រួចនាងក៏មានទំងន់
22. ឯកូនក្នុងផ្ទៃនាងវាប្រធាក់គ្នា នាងក៏និយាយថា បើដូច្នេះ តើនឹងកើតមានជាដូចម្តេចទៅ រួចនាងទៅទូលសួរដល់ព្រះយេហូវ៉ា
23. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលប្រាប់នាងថា មាននគរ២នៅក្នុងផ្ទៃឯង គឺនឹងមានសាសន៍២ចេញពីពោះឯងមក សាសន៍១នឹងបានខ្លាំងជាងសាសន៍១ គឺកូនច្បងនឹងត្រូវបំរើប្អូន។
24. លុះនាងគ្រប់ខែហើយ នោះមើល មានកូនភ្លោះតាំងនៅក្នុងផ្ទៃនាង
25. កូនដែលកើតមកមុន នោះមានសម្បុរក្រហមទង់ដែងនៅពេញខ្លួន វិស័យដូចជាអាវរោម គេបានឲ្យឈ្មោះថាអេសាវ
26. បន្ទាប់នោះ កូនប្អូនក៏ចេញមក ទាំងមានដៃកាន់កែងជើងអេសាវ នោះគេឲ្យឈ្មោះថាយ៉ាកុប ឯអ៊ីសាកគាត់មានអាយុ៦០ឆ្នាំហើយ ក្នុងកាលដែលនាងបង្កើតកូនមក
27. កូនទាំង២នោះក៏ធំឡើង អេសាវបានទៅជាអ្នកចំណានខាងឯវិជ្ជាព្រានប្រមាញ់ ជាមនុស្សនៅតែទីវាល ឯយ៉ាកុបជាមនុស្សរមទម នៅតែក្នុងត្រសាលវិញ
28. អ៊ីសាកក៏ស្រឡាញ់ពេញចិត្តចំពោះអេសាវ ដោយព្រោះធ្លាប់បានបរិភោគសាច់ក្តាន់របស់គាត់ ឯរេបិកា នាងស្រឡាញ់យ៉ាកុបវិញ។
29. សម័យ១យ៉ាកុបកំពុងតែស្លសំឡ នោះអេសាវមកពីវាលទាំងហេវ
30. ក៏និយាយថា សូមចែកសំឡក្រហមនោះឲ្យបងបរិភោគផង ដ្បិតបងហេវណាស់ ហេតុនោះបានជាគេហៅឈ្មោះគាត់ថាអេដំមវិញ
31. តែយ៉ាកុបនិយាយថា សូមឲ្យបងផ្ទេរអំណាចមរដករបស់បងច្បងមកឲ្យខ្ញុំសិន
32. នោះអេសាវឆ្លើយថា បងស្លាប់ឥឡូវហើយ ដូច្នេះ តើអំណាចនោះមានប្រយោជន៍អ្វីដល់បងទៀត
33. យ៉ាកុបក៏និយាយថា ចូរស្បថឲ្យខ្ញុំឥឡូវចុះ រួចគាត់ក៏ស្បថឲ្យ ហើយលក់អំណាចនោះឲ្យដល់យ៉ាកុបទៅ
34. យ៉ាកុបក៏ឲ្យនំបុ័ង និងសំឡសណ្តែកបាយដល់អេសាវ គាត់ក៏បរិភោគ រួចក្រោកដើរចេញបាត់ទៅ អេសាវបានមើលងាយអំណាចមរដកនៃបងច្បងរបស់ខ្លួនដោយអាការយ៉ាងដូច្នោះ។