52. កាលបាវរបស់អ័ប្រាហាំបានឮដូច្នោះ នោះគាត់ក៏ឱនក្រាបដល់ដីថ្វាយបង្គំដល់ព្រះយេហូវ៉ា
53. រួចបញ្ចេញគ្រឿងមាសគ្រឿងប្រាក់ និងសំលៀកបំពាក់ឲ្យដល់រេបិកា ព្រមទាំងជូនរបស់ទ្រព្យដ៏មានដំឡៃ ទៅបងនាង និងម្តាយនាងដែរ
54. រួចគាត់ក៏បរិភោគទៅ ព្រមទាំងពួកអ្នកដែលមកជាមួយផង ហើយផ្អាកនៅក្នុងយប់នោះឯង លុះដល់ពេលព្រឹក កាលគេបានក្រោកឡើងហើយ នោះគាត់ជំរាបលាគេថា ខ្ញុំសូមវិលទៅឯចៅហ្វាយខ្ញុំវិញហើយ
55. តែបង និងម្តាយនាងនិយាយថា សូមឲ្យនាងនៅជាមួយនឹងយើងសិន បើតិចណាស់ត្រឹម១០ថ្ងៃ រួចសឹមយកទៅចុះ
56. គាត់ឆ្លើយថា កុំឃាត់ខ្ញុំឡើយ ព្រោះព្រះយេហូវ៉ាបានធ្វើឲ្យដំណើរខ្ញុំកើតការហើយ ដូច្នេះ ខ្ញុំសូមលាត្រឡប់ទៅឯចៅហ្វាយខ្ញុំវិញ
57. នោះគេឆ្លើយថា ចាំយើងហៅនាងមកសួរសិន
58. រួចគេហៅរេបិកាមកសួរថា ឯងព្រមទៅជាមួយនឹងអ្នកនេះឬទេ នាងទទួលថា ព្រម
59. នោះគេក៏ឲ្យរេបិកាជាប្អូន ព្រមទាំងមេនំនាង និងបាវអ័ប្រាហាំ ហើយនឹងពួកគាត់ទាំងប៉ុន្មានចេញទៅ
60. គេក៏ឲ្យពរដល់រេបិកាដោយពាក្យថា ប្អូនយើងអើយ សូមឲ្យឯងបង្កើតបានទាំងពាន់ទាំងម៉ឺន ហើយឲ្យពូជឯងគ្រប់គ្រងលើទ្វារក្រុងនៃពួកអស់អ្នកដែលស្អប់ដល់គេចុះ
61. រេបិកាក៏ក្រោកឡើង ព្រមទាំងពួកស្រីបំរើនាងឡើងជិះអូដ្ឋទៅតាមបាវនោះ ហើយគាត់ក៏នាំយកនាងធ្វើដំណើរចេញទៅ។
62. ឯអ៊ីសាក គាត់ដើរមកតាមផ្លូវដែលមកពីអណ្តូងឡាហាយ-រយ ដ្បិតគាត់នៅស្រុកត្បូង
63. ហើយគាត់ក៏ចេញទៅរំពឹងគិតនៅត្រង់ទីវាល ក្នុងកាលដែលពេលជិតព្រលប់ គាត់ក្រឡេកភ្នែកមើលទៅ ស្រាប់តែឃើញមានសត្វអូដ្ឋដើរចូលមក
64. ឯរេបិកាក៏ងើបភ្នែកឡើងដែរ កាលបានឃើញអ៊ីសាក នោះក៏លោតចុះពីលើអូដ្ឋមក
65. ហើយសួរទៅបាវនោះថា អ្នកណាន៏ ដែលដើរកាត់វាលដំរង់មកឯយើងនោះ បាវនោះឆ្លើយថា នោះហើយជាចៅហ្វាយរបស់ខ្ញុំ រួចនាងយកស្បៃមកបាំងមុខ
66. បាវនោះក៏រៀបរាប់ប្រាប់អ៊ីសាក ពីគ្រប់ទាំងការដែលគាត់បានធ្វើ
67. រួចអ៊ីសាកនាំរេបិកាចូលទៅក្នុងត្រសាលរបស់សារ៉ាជាម្តាយខ្លួន ហើយក៏យកនាងធ្វើជាប្រពន្ធ ព្រមទាំងប្រតិព័ទ្ធស្រឡាញ់ដល់នាង នោះអ៊ីសាកគាត់បានក្សាន្តចាកទុក្ខពីម្តាយស្លាប់។