40. នោះលោកមានប្រសាសន៍ថា ព្រះយេហូវ៉ាដែលអញដើរនៅចំពោះទ្រង់ៗនឹងចាត់ទេវតាទ្រង់ទៅជាមួយនឹងឯង ដើម្បីធ្វើឲ្យដំណើរឯងបានកើតការ ហើយឯងនឹងយកប្រពន្ធឲ្យកូនអញពីញាតិសន្តានអញ គឺពីពួកវង្សឪពុកអញមកជាពិត
41. ឯងនឹងបានរួចពីសម្បថដែលអញឲ្យឯងស្បថនេះ គឺបើកាលណាឯងបានទៅដល់ញាតិសន្តានអញហើយ រួចគេមិនព្រមឲ្យនាងនោះមកទេ នោះឯងនឹងបានរួចពីសម្បថ ដែលអញឲ្យឯងស្បថនេះ
42. ដូច្នេះ នៅថ្ងៃនេះ ខ្ញុំក៏បានមកដល់អណ្តូងទឹក ហើយខ្ញុំទូលថា ឱព្រះយេហូវ៉ាជាព្រះនៃអ័ប្រាហាំជាចៅហ្វាយទូលបង្គំអើយ បើទ្រង់នឹងធ្វើឲ្យដំណើរទូលបង្គំបានកើតការក្នុងគ្រាឥឡូវនេះ
43. មើល ទូលបង្គំនឹងឈរនៅត្រង់អណ្តូងទឹកនេះ ដូច្នេះ បើនាងក្រមុំណាដែលចេញមកដងទឹក ហើយទូលបង្គំនិយាយថា សូមឲ្យខ្ញុំសុំទឹកពីក្អមនាងផឹកបន្តិច
44. ហើយនាងនោះនឹងឆ្លើយមកទូលបង្គំថា ចាស អញ្ជើញពិសាចុះ ខ្ញុំនឹងដងទឹកឲ្យអូដ្ឋអ្នកផឹកដែរ នោះសូមឲ្យត្រូវត្រង់រូបស្ត្រីនោះឯង ដែលព្រះយេហូវ៉ាទ្រង់ដំរូវដល់កូនរបស់ចៅហ្វាយទូលបង្គំ
45. កាលខ្ញុំអធិស្ឋាននៅក្នុងចិត្តមិនទាន់ផុតនៅឡើយ នោះមើល ស្រាប់តែនាងរេបិកាកណ្តៀតក្អមចេញមក នាងបានចុះទៅក្នុងអណ្តូងដងទឹកមក ហើយខ្ញុំបាននិយាយទៅនាងថា សូមឲ្យខ្ញុំផឹកផង
46. នោះនាងក៏ដាក់ក្អមចុះពីលើស្មាជា១រំពេច ដោយពាក្យថា អញ្ជើញពិសាចុះ ខ្ញុំនឹងឲ្យអូដ្ឋផឹកដែរ ដូច្នេះ ខ្ញុំក៏បានទទួលទាន រួចនាងឲ្យអូដ្ឋផឹកផង