លោកុប្បត្តិ 24:38-50 ព្រះគម្ពីរបរិសុទ្ធ (KHOV)

38. តែ​ត្រូវ​ឲ្យ​ឯង​ទៅ​ឯ​ផ្ទះ​ឪពុក​អញ ហើយ​នឹង​ញាតិ‌សន្តាន​អញ​វិញ ដើម្បី​នឹង​យក​ប្រពន្ធ​មក​ឲ្យ​កូន​អញ

39. ខ្ញុំ​បាន​ជំរាប​ចៅ‌ហ្វាយ​ខ្ញុំ​ថា ប្រហែល​ជា​ស្ត្រី​នោះ​មិន​ព្រម​តាម​ខ្ញុំ​ទេ

40. នោះ​លោក​មាន​ប្រសាសន៍​ថា ព្រះ‌យេហូវ៉ា​ដែល​អញ​ដើរ​នៅ​ចំពោះ​ទ្រង់ៗ​នឹង​ចាត់​ទេវតា​ទ្រង់​ទៅ​ជា​មួយ​នឹង​ឯង ដើម្បី​ធ្វើ​ឲ្យ​ដំណើរ​ឯង​បាន​កើត​ការ ហើយ​ឯង​នឹង​យក​ប្រពន្ធ​ឲ្យ​កូន​អញ​ពី​ញាតិ‌សន្តាន​អញ គឺ​ពី​ពួក​វង្ស​ឪពុក​អញ​មក​ជា​ពិត

41. ឯង​នឹង​បាន​រួច​ពី​សម្បថ​ដែល​អញ​ឲ្យ​ឯង​ស្បថ​នេះ គឺ​បើ​កាល​ណា​ឯង​បាន​ទៅ​ដល់​ញាតិ‌សន្តាន​អញ​ហើយ រួច​គេ​មិន​ព្រម​ឲ្យ​នាង​នោះ​មក​ទេ នោះ​ឯង​នឹង​បាន​រួច​ពី​សម្បថ ដែល​អញ​ឲ្យ​ឯង​ស្បថ​នេះ

42. ដូច្នេះ នៅ​ថ្ងៃ​នេះ ខ្ញុំ​ក៏​បាន​មក​ដល់​អណ្តូង​ទឹក ហើយ​ខ្ញុំ​ទូល​ថា ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ័ប្រា‌ហាំ​ជា​ចៅ‌ហ្វាយ​ទូល‌បង្គំ​អើយ បើ​ទ្រង់​នឹង​ធ្វើ​ឲ្យ​ដំណើរ​ទូល‌បង្គំ​បាន​កើត​ការ​ក្នុង​គ្រា​ឥឡូវ​នេះ

43. មើល ទូល‌បង្គំ​នឹង​ឈរ​នៅ​ត្រង់​អណ្តូង​ទឹក​នេះ ដូច្នេះ បើ​នាង​ក្រមុំ​ណា​ដែល​ចេញ​មក​ដង​ទឹក ហើយ​ទូល‌បង្គំ​និយាយ​ថា សូម​ឲ្យ​ខ្ញុំ​សុំ​ទឹក​ពី​ក្អម​នាង​ផឹក​បន្តិច

44. ហើយ​នាង​នោះ​នឹង​ឆ្លើយ​មក​ទូល‌បង្គំ​ថា ចាស អញ្ជើញ​ពិសា​ចុះ ខ្ញុំ​នឹង​ដង​ទឹក​ឲ្យ​អូដ្ឋ​អ្នក​ផឹក​ដែរ នោះ​សូម​ឲ្យ​ត្រូវ​ត្រង់​រូប​ស្ត្រី​នោះ​ឯង ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ដំរូវ​ដល់​កូន​របស់​ចៅ‌ហ្វាយ​ទូល‌បង្គំ

45. កាល​ខ្ញុំ​អធិ‌ស្ឋាន​នៅ​ក្នុង​ចិត្ត​មិន​ទាន់​ផុត​នៅ​ឡើយ នោះ​មើល ស្រាប់​តែ​នាង​រេបិកា​កណ្តៀត​ក្អម​ចេញ​មក នាង​បាន​ចុះ​ទៅ​ក្នុង​អណ្តូង​ដង​ទឹក​មក ហើយ​ខ្ញុំ​បាន​និយាយ​ទៅ​នាង​ថា សូម​ឲ្យ​ខ្ញុំ​ផឹក​ផង

46. នោះ​នាង​ក៏​ដាក់​ក្អម​ចុះ​ពី​លើ​ស្មា​ជា​១​រំពេច ដោយ​ពាក្យ​ថា អញ្ជើញ​ពិសា​ចុះ ខ្ញុំ​នឹង​ឲ្យ​អូដ្ឋ​ផឹក​ដែរ ដូច្នេះ ខ្ញុំ​ក៏​បាន​ទទួល​ទាន រួច​នាង​ឲ្យ​អូដ្ឋ​ផឹក​ផង

47. ហើយ​ខ្ញុំ​សួរ​ថា នាង​ជា​កូន​អ្នក​ណា នាង​ឆ្លើយ​ថា ខ្ញុំ​ជា​កូន​បេធូ‌អែល ជា​ចៅ​ណាឃរ និង​មីលកា នោះ​ខ្ញុំ​ក៏​បំពាក់​ក្រវិលនៅ​ច្រមុះ ហើយ​នឹង​កង​នៅ​ដៃ​នាង

48. ខ្ញុំ​បាន​ឱន​ក្រាប​ថ្វាយ‌បង្គំ ទាំង​សរសើរ‌ដំកើង​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ័ប្រា‌ហាំ​ចៅ‌ហ្វាយ​ខ្ញុំ ដែល​ទ្រង់​បាន​នាំ​ដំរង់​ខ្ញុំ​តាម​ផ្លូវ​រៀង​មក ដើម្បី​ឲ្យ​បាន​កូន​ស្រី​របស់​បង​ប្អូន​ចៅ‌ហ្វាយ​ខ្ញុំ យក​ទៅ​ជូន​ដល់​កូន​លោក

49. ឥឡូវ​នេះ បើ​អ្នក​រាល់​គ្នា​គិត​ប្រព្រឹត្ត​នឹង​ចៅ‌ហ្វាយ​ខ្ញុំ​ដោយ​សប្បុរស​ស្មោះ‌ត្រង់ នោះ​សូម​តប​មក​ខ្ញុំ​ចុះ ពុំ​នោះ​ទេ សូម​ប្រាប់​ខ្ញុំ​ឲ្យ​ដឹង​ផង ដើម្បី​ឲ្យ​ខ្ញុំ​ងាក​បែរ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ទៀត។

50. នោះ​ឡាបាន់ និង​បេធូ‌អែល​ក៏​ឆ្លើយ​ថា ការ​នេះ​សំរេច​តែ​ពី​ព្រះ‌យេហូវ៉ា​ទេ ទោះ​បើ​យើង​ឆ្លើយ​នឹង​អ្នក ជា​អាក្រក់ ឬ​ល្អ​ក៏​ពុំ​បាន​ដែរ

លោកុប្បត្តិ 24