លោកុប្បត្តិ 24:31-42 ព្រះគម្ពីរបរិសុទ្ធ (KHOV)

31. នោះ​ឡាបាន់​និយាយ​ថា សូម​អញ្ជើញ​ចូល​មក ឱ​អ្នក​ដែល​ប្រកប​ដោយ​ព្រះ‌ពរ​នៃ​ព្រះ‌យេហូវ៉ា​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​ឈរ​នៅ​ខាង​ក្រៅ​វិញ ខ្ញុំ​បាន​រៀប‌ចំ​ទី​ផ្ទះ និង​កន្លែង​សំរាប់​ឲ្យ​អូដ្ឋ​ជា​ស្រេច​ហើយ។

32. បាវ​នោះ​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​ដោះ​អីវ៉ាន់​ពី​អូដ្ឋ​ចេញ រួច​មាន​គេ​យក​ចំបើង និង​ស្មៅ​មក​ឲ្យ​អូដ្ឋ​ស៊ី ហើយ​នឹង​ទឹក​មក​សំរាប់​លាង​ជើង​គាត់ ព្រម​ទាំង​មនុស្ស​ឯ​ទៀត​ដែល​មក​ជា​មួយ​នឹង​គាត់​ដែរ

33. រួច​លើក​ភោជ‌នាហារ​មក​ជូន​គាត់​បរិភោគ តែ​គាត់​ប្រកែក​ថា ខ្ញុំ​មិន​ទទួល​ទាន​ទេ លុះ​ត្រា​តែ​ខ្ញុំ​បាន​ជំរាប​ពី​រឿង​ខ្ញុំ​ហើយ​សិន នោះ​ឡាបាន់​ក៏​និយាយ​ថា សូម​មាន​ប្រសាសន៍​មក​ចុះ

34. រួច​គាត់​និយាយ​ថា ខ្ញុំ​ជា​បាវ​របស់​អ័ប្រា‌ហាំ

35. ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ពរ​ឲ្យ​ចៅ‌ហ្វាយ​ខ្ញុំ​យ៉ាង​សន្ធឹក ហើយ​លោក​បាន​ត្រឡប់​ជា​ធំ គឺ​ទ្រង់​បាន​ប្រទាន​ឲ្យ​លោក​មាន​ចៀម គោ មាស ប្រាក់ បាវ​ប្រុស បាវ​ស្រី អូដ្ឋ ហើយ​នឹង​លា

36. ឯ​លោក​យាយ​សារ៉ា​ជា​ប្រពន្ធ​របស់​ចៅ‌ហ្វាយ​ខ្ញុំ នោះ​បាន​បង្កើត​កូន​ប្រុស​១​ឲ្យ​ចៅ‌ហ្វាយ​ខ្ញុំ ក្នុង​កាល​ដែល​លោក​ចាស់​ហើយ លោក​ក៏​បាន​ចែក​របស់​ទ្រព្យ​ទាំង​អស់​ដល់​កូន​នោះ

37. ចៅ‌ហ្វាយ​ខ្ញុំ​ក៏​បាន​ឲ្យ​ខ្ញុំ​ស្បថ​ដោយ​មាន​ប្រសាសន៍​ថា កុំ​ឲ្យ​ឯង​យក​ប្រពន្ធ​ឲ្យ​កូន​អញ​ពី​ពួក​កូន​ស្រី​សាសន៍​កាណាន ដែល​អញ​នៅ​ស្រុក​គេ​នេះ​ឡើយ

38. តែ​ត្រូវ​ឲ្យ​ឯង​ទៅ​ឯ​ផ្ទះ​ឪពុក​អញ ហើយ​នឹង​ញាតិ‌សន្តាន​អញ​វិញ ដើម្បី​នឹង​យក​ប្រពន្ធ​មក​ឲ្យ​កូន​អញ

39. ខ្ញុំ​បាន​ជំរាប​ចៅ‌ហ្វាយ​ខ្ញុំ​ថា ប្រហែល​ជា​ស្ត្រី​នោះ​មិន​ព្រម​តាម​ខ្ញុំ​ទេ

40. នោះ​លោក​មាន​ប្រសាសន៍​ថា ព្រះ‌យេហូវ៉ា​ដែល​អញ​ដើរ​នៅ​ចំពោះ​ទ្រង់ៗ​នឹង​ចាត់​ទេវតា​ទ្រង់​ទៅ​ជា​មួយ​នឹង​ឯង ដើម្បី​ធ្វើ​ឲ្យ​ដំណើរ​ឯង​បាន​កើត​ការ ហើយ​ឯង​នឹង​យក​ប្រពន្ធ​ឲ្យ​កូន​អញ​ពី​ញាតិ‌សន្តាន​អញ គឺ​ពី​ពួក​វង្ស​ឪពុក​អញ​មក​ជា​ពិត

41. ឯង​នឹង​បាន​រួច​ពី​សម្បថ​ដែល​អញ​ឲ្យ​ឯង​ស្បថ​នេះ គឺ​បើ​កាល​ណា​ឯង​បាន​ទៅ​ដល់​ញាតិ‌សន្តាន​អញ​ហើយ រួច​គេ​មិន​ព្រម​ឲ្យ​នាង​នោះ​មក​ទេ នោះ​ឯង​នឹង​បាន​រួច​ពី​សម្បថ ដែល​អញ​ឲ្យ​ឯង​ស្បថ​នេះ

42. ដូច្នេះ នៅ​ថ្ងៃ​នេះ ខ្ញុំ​ក៏​បាន​មក​ដល់​អណ្តូង​ទឹក ហើយ​ខ្ញុំ​ទូល​ថា ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ័ប្រា‌ហាំ​ជា​ចៅ‌ហ្វាយ​ទូល‌បង្គំ​អើយ បើ​ទ្រង់​នឹង​ធ្វើ​ឲ្យ​ដំណើរ​ទូល‌បង្គំ​បាន​កើត​ការ​ក្នុង​គ្រា​ឥឡូវ​នេះ

លោកុប្បត្តិ 24