28. នាងក៏រត់ទៅប្រាប់ដំណើរនោះដល់ពួកផ្ទះម្តាយខ្លួន។
29. រេបិកាមានបងប្រុស១ឈ្មោះឡាបាន់ ហើយឡាបាន់ក៏រត់ទៅឯបាវនោះនៅឯក្រៅត្រង់អណ្តូង
30. កាលគាត់ឃើញក្រវិល និងកងដែលប្អូនពាក់នៅដៃ ហើយបានឮសេចក្ដីទាំងប៉ុន្មានដែលរេបិកាជាប្អូនបានប្រាប់ពីអ្នកនោះថា គាត់បាននិយាយនឹងខ្ញុំយ៉ាងនេះមួយៗ នោះក៏ចេញទៅឯគាត់ ឃើញកំពុងឈរនៅក្បែរអូដ្ឋជិតអណ្តូងនៅឡើយ
31. នោះឡាបាន់និយាយថា សូមអញ្ជើញចូលមក ឱអ្នកដែលប្រកបដោយព្រះពរនៃព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាអ្នកឈរនៅខាងក្រៅវិញ ខ្ញុំបានរៀបចំទីផ្ទះ និងកន្លែងសំរាប់ឲ្យអូដ្ឋជាស្រេចហើយ។
32. បាវនោះក៏ចូលទៅក្នុងផ្ទះ ហើយដោះអីវ៉ាន់ពីអូដ្ឋចេញ រួចមានគេយកចំបើង និងស្មៅមកឲ្យអូដ្ឋស៊ី ហើយនឹងទឹកមកសំរាប់លាងជើងគាត់ ព្រមទាំងមនុស្សឯទៀតដែលមកជាមួយនឹងគាត់ដែរ
33. រួចលើកភោជនាហារមកជូនគាត់បរិភោគ តែគាត់ប្រកែកថា ខ្ញុំមិនទទួលទានទេ លុះត្រាតែខ្ញុំបានជំរាបពីរឿងខ្ញុំហើយសិន នោះឡាបាន់ក៏និយាយថា សូមមានប្រសាសន៍មកចុះ
34. រួចគាត់និយាយថា ខ្ញុំជាបាវរបស់អ័ប្រាហាំ
35. ព្រះយេហូវ៉ាទ្រង់បានប្រទានពរឲ្យចៅហ្វាយខ្ញុំយ៉ាងសន្ធឹក ហើយលោកបានត្រឡប់ជាធំ គឺទ្រង់បានប្រទានឲ្យលោកមានចៀម គោ មាស ប្រាក់ បាវប្រុស បាវស្រី អូដ្ឋ ហើយនឹងលា
36. ឯលោកយាយសារ៉ាជាប្រពន្ធរបស់ចៅហ្វាយខ្ញុំ នោះបានបង្កើតកូនប្រុស១ឲ្យចៅហ្វាយខ្ញុំ ក្នុងកាលដែលលោកចាស់ហើយ លោកក៏បានចែករបស់ទ្រព្យទាំងអស់ដល់កូននោះ
37. ចៅហ្វាយខ្ញុំក៏បានឲ្យខ្ញុំស្បថដោយមានប្រសាសន៍ថា កុំឲ្យឯងយកប្រពន្ធឲ្យកូនអញពីពួកកូនស្រីសាសន៍កាណាន ដែលអញនៅស្រុកគេនេះឡើយ