លោកុប្បត្តិ 24:23-35 ព្រះគម្ពីរបរិសុទ្ធ (KHOV)

23. ហើយ​សួរ​ថា នាង​ជា​កូន​អ្នក​ណា សូម​ប្រាប់​ខ្ញុំ​ផង ហើយ​នៅ​ផ្ទះ​ឪពុក​នាង តើ​មាន​កន្លែង​ណា​ល្មម​ឲ្យ​ខ្ញុំ​ស្នាក់​នៅ​បាន​ឬ​ទេ

24. នាង​ឆ្លើយ​ថា ខ្ញុំ​ជា​កូន​បេធូ‌អែល គឺ​ជា​ចៅ​ណាឃរ និង​មីលកា

25. រួច​នាង​ឆ្លើយ​ទៅ​គាត់​ទៀត​ថា នៅ​ផ្ទះ​ខ្ញុំ​មាន​ចំបើង និង​ស្មៅ​ជា​បរិបូរ ហើយ​កន្លែង​សំរាប់​ស្នាក់​នៅ​ក៏​មាន​ដែរ

26. បាវ​នោះ​ក៏​ឱន​ខ្លួន​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា

27. ដោយ​ទូល​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ័ប្រា‌ហាំ​ចៅ‌ហ្វាយ​ទូល‌បង្គំ ដែល​ទ្រង់​មិន​បាន​ខាន​នឹង​ផ្តល់​សេចក្ដី​សប្បុរស និង​សេចក្ដី​ស្មោះ‌ត្រង់​ដល់​ចៅ‌ហ្វាយ​ទូល‌បង្គំ​បាន​ប្រកប​ដោយ​ព្រះ‌ពរ ឯ​ទូល‌បង្គំ​សោត ក៏​ព្រះ‌យេហូវ៉ា​ទ្រង់​នាំ​ផ្លូវ​មក​ដល់​ផ្ទះ​ពួក​បង​ប្អូន​របស់​ចៅ‌ហ្វាយ​ទូល‌បង្គំ​ហើយ

28. នាង​ក៏​រត់​ទៅ​ប្រាប់​ដំណើរ​នោះ​ដល់​ពួក​ផ្ទះ​ម្តាយ​ខ្លួន។

29. រេបិកា​មាន​បង​ប្រុស​១​ឈ្មោះ​ឡាបាន់ ហើយ​ឡាបាន់​ក៏​រត់​ទៅ​ឯ​បាវ​នោះ​នៅ​ឯ​ក្រៅ​ត្រង់​អណ្តូង

30. កាល​គាត់​ឃើញ​ក្រវិល និង​កង​ដែល​ប្អូន​ពាក់​នៅ​ដៃ ហើយ​បាន​ឮ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​រេបិកា​ជា​ប្អូន​បាន​ប្រាប់​ពី​អ្នក​នោះ​ថា គាត់​បាន​និយាយ​នឹង​ខ្ញុំ​យ៉ាង​នេះ​មួយៗ នោះ​ក៏​ចេញ​ទៅ​ឯ​គាត់ ឃើញ​កំពុង​ឈរ​នៅ​ក្បែរ​អូដ្ឋ​ជិត​អណ្តូង​នៅ​ឡើយ

31. នោះ​ឡាបាន់​និយាយ​ថា សូម​អញ្ជើញ​ចូល​មក ឱ​អ្នក​ដែល​ប្រកប​ដោយ​ព្រះ‌ពរ​នៃ​ព្រះ‌យេហូវ៉ា​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​ឈរ​នៅ​ខាង​ក្រៅ​វិញ ខ្ញុំ​បាន​រៀប‌ចំ​ទី​ផ្ទះ និង​កន្លែង​សំរាប់​ឲ្យ​អូដ្ឋ​ជា​ស្រេច​ហើយ។

32. បាវ​នោះ​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​ដោះ​អីវ៉ាន់​ពី​អូដ្ឋ​ចេញ រួច​មាន​គេ​យក​ចំបើង និង​ស្មៅ​មក​ឲ្យ​អូដ្ឋ​ស៊ី ហើយ​នឹង​ទឹក​មក​សំរាប់​លាង​ជើង​គាត់ ព្រម​ទាំង​មនុស្ស​ឯ​ទៀត​ដែល​មក​ជា​មួយ​នឹង​គាត់​ដែរ

33. រួច​លើក​ភោជ‌នាហារ​មក​ជូន​គាត់​បរិភោគ តែ​គាត់​ប្រកែក​ថា ខ្ញុំ​មិន​ទទួល​ទាន​ទេ លុះ​ត្រា​តែ​ខ្ញុំ​បាន​ជំរាប​ពី​រឿង​ខ្ញុំ​ហើយ​សិន នោះ​ឡាបាន់​ក៏​និយាយ​ថា សូម​មាន​ប្រសាសន៍​មក​ចុះ

34. រួច​គាត់​និយាយ​ថា ខ្ញុំ​ជា​បាវ​របស់​អ័ប្រា‌ហាំ

35. ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ពរ​ឲ្យ​ចៅ‌ហ្វាយ​ខ្ញុំ​យ៉ាង​សន្ធឹក ហើយ​លោក​បាន​ត្រឡប់​ជា​ធំ គឺ​ទ្រង់​បាន​ប្រទាន​ឲ្យ​លោក​មាន​ចៀម គោ មាស ប្រាក់ បាវ​ប្រុស បាវ​ស្រី អូដ្ឋ ហើយ​នឹង​លា

លោកុប្បត្តិ 24