12. រួចក៏ទូលថា ឱព្រះយេហូវ៉ាជាព្រះនៃអ័ប្រាហាំចៅហ្វាយទូលបង្គំអើយ នៅថ្ងៃនេះសូមប្រោសមេត្តាដល់ទូលបង្គំ សូមសំដែងសេចក្ដីសប្បុរសដល់អ័ប្រាហាំ ជាចៅហ្វាយទូលបង្គំផង
13. មើល ទូលបង្គំឈរនៅជិតអណ្តូងទឹកនេះ ដូច្នេះ កាលណាពួកកូនស្រីរបស់មនុស្សក្នុងក្រុងនេះចេញមកដងទឹក
14. នោះនាងក្រមុំណាដែលទូលបង្គំនិយាយថា សូមនាងដាក់ក្អមចុះមកឲ្យខ្ញុំផឹកផង ហើយនាងនោះនឹងឆ្លើយមកថា អញ្ជើញពិសាចុះ ខ្ញុំនឹងដងទឹកឲ្យអូដ្ឋផឹកដែរ សូមឲ្យត្រូវត្រង់រូបស្ត្រីនោះឯង ដែលទ្រង់ដំរូវឲ្យអ៊ីសាកជាអ្នកបំរើទ្រង់ យ៉ាងនោះទូលបង្គំនឹងដឹងថា ទ្រង់បានសំដែងសេចក្ដីសប្បុរសចំពោះចៅហ្វាយទូលបង្គំមែន។
15. កាលគាត់កំពុងតែអធិស្ឋានមិនទាន់ផុតនៅឡើយ នោះស្រាប់តែរេបិកាកណ្តៀតក្អមចេញមក នាងនោះជាកូនបេធូអែល ដែលជាកូនមីលកា ប្រពន្ធណាឃរ ជាប្អូនអ័ប្រាហាំ
16. នាងមានរូបស្រស់បស់ល្អណាស់ ក៏នៅក្រមុំសុទ្ធ គ្មានប្រុសណាបានស្គាល់នាងឡើយ នាងចុះទៅក្នុងអណ្តូងដងទឹកពេញក្អម រួចឡើងមកវិញ
17. បាវនោះក៏រត់ទៅស្ទាក់ផ្លូវនាង ហើយនិយាយថា នាង សូមឲ្យខ្ញុំសុំទឹកពីក្អមនាងផឹកបន្តិចសិន
18. រួចនាងឆ្លើយថា ចាស៎អញ្ជើញពិសាចុះ លោកម្ចាស់ ហើយនាងក៏ដាក់ក្អមចុះមកជាប្រញាប់ឲ្យគាត់ផឹក
19. កាលនាងបានឲ្យគាត់ផឹករួចហើយ នោះនាងនិយាយថា ខ្ញុំនឹងដងឲ្យអូដ្ឋរបស់លោកផឹកទាល់តែឆ្អែតដែរ
20. នោះនាងក៏ចាក់ទឹកពីក្នុងក្អមចុះទៅក្នុងស្នូកជា១រំពេច រួចរត់ទៅដងថែមទៀតយកមកឲ្យអូដ្ឋគាត់ផឹកទាំងអស់
21. បាវនោះសំឡឹងមើលនាងទាំងមានសេចក្ដីអស្ចារ្យ តែគាត់នៅស្ងៀម ដោយចង់ដឹង បើព្រះយេហូវ៉ានឹងធ្វើឲ្យដំណើរគាត់ដើរមកនោះបានសំរេចការឬទេ
22. កាលអូដ្ឋបានផឹកឆ្អែតអស់ហើយ នោះគាត់ក៏យកក្រវិលមាសទំងន់១ជី និងកងដៃ២ដុំ ទំងន់២០ជីឲ្យដល់នាង
23. ហើយសួរថា នាងជាកូនអ្នកណា សូមប្រាប់ខ្ញុំផង ហើយនៅផ្ទះឪពុកនាង តើមានកន្លែងណាល្មមឲ្យខ្ញុំស្នាក់នៅបានឬទេ
24. នាងឆ្លើយថា ខ្ញុំជាកូនបេធូអែល គឺជាចៅណាឃរ និងមីលកា
25. រួចនាងឆ្លើយទៅគាត់ទៀតថា នៅផ្ទះខ្ញុំមានចំបើង និងស្មៅជាបរិបូរ ហើយកន្លែងសំរាប់ស្នាក់នៅក៏មានដែរ
26. បាវនោះក៏ឱនខ្លួនថ្វាយបង្គំដល់ព្រះយេហូវ៉ា