1. ឯអ័ប្រាហាំគាត់ចាស់ណាស់ហើយ មានអាយុវែង ហើយព្រះយេហូវ៉ាទ្រង់បានប្រទានពរដល់គាត់ក្នុងគ្រប់ការទាំងអស់
2. នោះអ័ប្រាហាំនិយាយទៅបាវ ជាអ្នកចាស់ជាងគេក្នុងផ្ទះ ដែលត្រួតត្រាលើរបស់ទ្រព្យទាំងអស់ថា ចូរឯងដាក់ដៃនៅក្រោមភ្លៅអញ
3. អញនឹងឲ្យឯងស្បថនឹងព្រះយេហូវ៉ាជាព្រះនៃស្ថានសួគ៌ ហើយជាព្រះនៃផែនដីថា ឯងនឹងមិនយកប្រពន្ធឲ្យកូនអញពីពួកកូនស្រីសាសន៍កាណាន ដែលអញនៅកណ្តាលគេនេះឡើយ
4. គឺត្រូវឲ្យឯងទៅឯស្រុកអញ និងយកប្រពន្ធឲ្យអ៊ីសាកជាកូនអញ ពីញាតិសន្តានអញវិញ
5. បាវនោះក៏ឆ្លើយទៅគាត់ថា ប្រហែលជាស្ត្រីនោះមិនព្រមតាមខ្ញុំមកស្រុកនេះទេ បើដូច្នេះ តើត្រូវឲ្យខ្ញុំនាំកូនលោកត្រឡប់ទៅនៅស្រុកដែលលោកបានចោលនោះឬអី
6. អ័ប្រាហាំប្រាប់ថា ចូរឯងប្រយ័ត្ន កុំឲ្យនាំកូនអញត្រឡប់ទៅឯណោះវិញឡើយ
7. ព្រះយេហូវ៉ាជាព្រះនៃស្ថានសួគ៌ ដែលបានយកអញចេញពីផ្ទះឪពុកអញ ហើយពីស្រុកកំណើតរបស់អញមក ដែលទ្រង់បានមានព្រះបន្ទូលនឹងអញ ទាំងស្បថថា អញនឹងឲ្យស្រុកនេះដល់ពូជឯង ព្រះអង្គនោះទ្រង់នឹងចាត់ទេវតាទ្រង់ទៅមុនឯង ដូច្នេះ ឯងនឹងបានយកប្រពន្ធពីនោះមកឲ្យកូនអញហើយ
8. បើស្ត្រីនោះមិនព្រមមកតាមឯងទេ នោះឯងនឹងបានរួចពីសម្បថដែលឯងស្បថនឹងអញនេះ ប៉ុន្តែកុំឲ្យឯងនាំកូនអញទៅឯណោះឡើយ
9. នោះបាវបានដាក់ដៃក្រោមភ្លៅអ័ប្រាហាំចៅហ្វាយខ្លួន ហើយក៏ស្បថនឹងគាត់ពីដំណើរនោះ។
10. បាវនោះក៏យកអូដ្ឋ១០ពីហ្វូងអូដ្ឋរបស់ចៅហ្វាយខ្លួនចេញទៅ ពីព្រោះទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់ចៅហ្វាយគាត់ ក៏នៅក្រោមអំណាចគាត់ទាំងអស់ គាត់ក្រោកឡើងទៅឯស្រុកអើរ៉ាមដែលនៅកណ្តាលទន្លេទាំង២ គឺដល់ទីក្រុងរបស់ណាឃរ
11. គាត់ឲ្យសត្វអូដ្ឋលុតជង្គង់នៅខាងក្រៅទីក្រុងជិតអណ្តូងទឹក នៅពេលល្ងាច គឺជាពេលដែលពួកស្រីៗធ្លាប់ចេញមកដងទឹក
12. រួចក៏ទូលថា ឱព្រះយេហូវ៉ាជាព្រះនៃអ័ប្រាហាំចៅហ្វាយទូលបង្គំអើយ នៅថ្ងៃនេះសូមប្រោសមេត្តាដល់ទូលបង្គំ សូមសំដែងសេចក្ដីសប្បុរសដល់អ័ប្រាហាំ ជាចៅហ្វាយទូលបង្គំផង
13. មើល ទូលបង្គំឈរនៅជិតអណ្តូងទឹកនេះ ដូច្នេះ កាលណាពួកកូនស្រីរបស់មនុស្សក្នុងក្រុងនេះចេញមកដងទឹក
14. នោះនាងក្រមុំណាដែលទូលបង្គំនិយាយថា សូមនាងដាក់ក្អមចុះមកឲ្យខ្ញុំផឹកផង ហើយនាងនោះនឹងឆ្លើយមកថា អញ្ជើញពិសាចុះ ខ្ញុំនឹងដងទឹកឲ្យអូដ្ឋផឹកដែរ សូមឲ្យត្រូវត្រង់រូបស្ត្រីនោះឯង ដែលទ្រង់ដំរូវឲ្យអ៊ីសាកជាអ្នកបំរើទ្រង់ យ៉ាងនោះទូលបង្គំនឹងដឹងថា ទ្រង់បានសំដែងសេចក្ដីសប្បុរសចំពោះចៅហ្វាយទូលបង្គំមែន។