1. នាងសារ៉ាអាយុបាន១២៧ឆ្នាំ នោះជាចំនួននៃឆ្នាំអាយុរបស់នាង
2. រួចនាងស្លាប់នៅក្រុងគារយ៉ាត់-អើបាទៅ គឺជាហេប្រុននៅក្នុងស្រុកកាណាន អ័ប្រាហាំក៏មកដើម្បីកាន់ទុក្ខ ហើយយំសោកនឹងសពសារ៉ា
3. រួចគាត់ក្រោកចេញពីមុខសព ទៅនិយាយនឹងពួកកូនចៅហេតថា
4. ខ្ញុំជាអ្នកដទៃ ដែលគ្រាន់តែសំណាក់នៅជាមួយនឹងអ្នករាល់គ្នាប៉ុណ្ណោះ ដូច្នេះ សូមឲ្យខ្ញុំមានកន្លែងកប់ខ្មោចនៅជាមួយនឹងអ្នករាល់គ្នាផង ដើម្បីឲ្យខ្ញុំបានយកសពនេះពីមុខខ្ញុំចេញទៅកប់
5. នោះពួកកូនចៅហេតគេឆ្លើយទៅអ័ប្រាហាំថា
6. លោកម្ចាស់អើយ សូមស្តាប់យើងខ្ញុំ លោកជាអ្នកធំរបស់ព្រះដែលនៅជាមួយនឹងយើងខ្ញុំរាល់គ្នា ដូច្នេះ សូមឲ្យលោកកប់សពរបស់ប្រពន្ធលោកនៅក្នុងផ្នូរដែលល្អជាងគេរបស់យើងខ្ញុំចុះ ក្នុងពួកយើងខ្ញុំនោះគ្មានអ្នកណាមួយនឹងប្រកែកថា មិនឲ្យលោកកប់ខ្មោចនៅក្នុងផ្នូររបស់យើងខ្ញុំនោះទេ
7. នោះអ័ប្រាហាំក្រោកឡើង ឱនគោរពចំពោះអស់ពួកកូនចៅហេត ដែលនៅស្រុកនោះ
8. ហើយនិយាយថា បើអ្នករាល់គ្នាសុខចិត្តឲ្យខ្ញុំយកសពនេះពីមុខខ្ញុំទៅកប់ នោះសូមស្តាប់ខ្ញុំសិន សូមជួយអង្វរអេប្រុនជាកូនសូហារជំនួសខ្ញុំផង
9. ឲ្យគាត់ចំណាយរអាងម៉ាក់ពេឡាដែលនៅចុងចំការរបស់គាត់មកខ្ញុំ គឺសូមឲ្យគាត់លក់ពេញថ្លៃមកខ្ញុំ ទុកជាកេរអាករសំរាប់ជាទីកប់ខ្មោចនៅកណ្តាលពួកអ្នករាល់គ្នាចុះ
10. រីឯអេប្រុនជាសាសន៍ហេត គាត់ក៏អង្គុយជាមួយនឹងពួកបងប្អូននោះដែរ ហើយគាត់ឆ្លើយទៅអ័ប្រាហាំនៅមុខពួកបងប្អូនខ្លួន គឺនៅចំពោះអស់ពួកអ្នកដែលចូលតាមទ្វារក្រុងនោះថា
11. ទេ លោកម្ចាស់អើយ សូមស្តាប់ខ្ញុំវិញ ចំការនោះខ្ញុំជូនលោកហើយ ព្រមទាំងរអាងដែលនៅឯណោះដែរ ខ្ញុំជូនលោកទាំងអស់នៅមុខពួកបងប្អូនសាសន៍ខ្ញុំនេះហើយ សូមលោកកប់សពរបស់ប្រពន្ធលោកចុះ
12. អ័ប្រាហាំគាត់ក៏ឱនខ្លួនគោរពចំពោះពួកអ្នកស្រុកនោះ
13. ហើយនិយាយទៅអេប្រុននៅចំពោះមុខពួកអ្នកស្រុកថា បើអ្នកសុខចិត្ត នោះសូមស្តាប់ខ្ញុំវិញ ខ្ញុំនឹងចេញថ្លៃចំការឲ្យ សូមយកពីខ្ញុំចុះ រួចខ្ញុំនឹងកប់សពនៅទីនោះ