1. ក្រោយការទាំងនោះមក ព្រះទ្រង់ល្បងអ័ប្រាហាំ ដោយមានព្រះបន្ទូលហៅគាត់ថា អ័ប្រាហាំអើយ គាត់ក៏ទូលឆ្លើយថា ព្រះករុណាវិសេសព្រះអម្ចាស់
2. រួចទ្រង់មានព្រះបន្ទូលថា ចូរយកអ៊ីសាកកូនឯង ដែលជាកូនសំឡាញ់តែ១នោះទៅឥឡូវ នាំគ្នាទៅឯស្រុកម៉ូរីយ៉ា រួចថ្វាយវាជាដង្វាយដុត នៅលើភ្នំ១ក្នុងស្រុកដែលអញនឹងបង្ហាញប្រាប់ឯងនោះ។
3. អ័ប្រាហាំក៏ក្រោកឡើងពីព្រលឹម ចាត់ចែងចងកែបលាខ្លួន ហើយពុះឱសសំរាប់ដង្វាយដុត រួចនាំយកបាវ២នាក់ និងអ៊ីសាកជាកូនទៅជាមួយ ក៏ដើរដំរង់ទៅឯកន្លែងដែលព្រះមានព្រះបន្ទូលប្រាប់នោះ
4. លុះដើរបាន៣ថ្ងៃហើយ នោះគាត់ងើបភ្នែកឡើង មើលទៅ ឃើញកន្លែងនោះពីចំងាយ
5. រួចប្រាប់ទៅបាវថា ចូរឯងនៅទីនេះសិនមើលលាផង អញនឹងទៅឯណោះថ្វាយបង្គំជាមួយនឹងកូនអញ រួចសឹមមកឯឯងវិញ
6. នោះគាត់ចាប់យកឱសដែលសំរាប់ដង្វាយដុតដាក់ឲ្យអ៊ីសាកជាកូនលី ហើយគាត់យកភ្លើង និងកាំបិតកាន់នៅដៃ បណ្តើរគ្នាទៅ
7. អ៊ីសាកនិយាយនឹងឪពុកថា លោកឪពុកអើយ គាត់ក៏ឆ្លើយថា អីកូន រួចវានិយាយថា នេះមានភ្លើង និងឱសហើយ តែកូនចៀមសំរាប់ដង្វាយដុតតើនៅឯណា
8. អ័ប្រាហាំឆ្លើយថា កូនអើយ កូនចៀមដែលសំរាប់ជាដង្វាយដុត នោះព្រះទ្រង់នឹងផ្គត់ផ្គង់ឲ្យ ដូច្នេះ ក៏នាំគ្នាទៅទៀត។
9. លុះដល់កន្លែងដែលព្រះបានមានព្រះបន្ទូលប្រាប់គាត់ហើយ នោះអ័ប្រាហាំក៏ស្អាងអាសនា១នៅទីនោះ រួចដំរៀបឧស ហើយចងអ៊ីសាកជាកូនដាក់លើឱសនៅលើអាសនា
10. គាត់លូកដៃទៅចាប់យកកាំបិតមកប្រុងនឹងសំឡាប់កូន
11. តែទេវតានៃព្រះយេហូវ៉ាមានព្រះបន្ទូលពីលើមេឃហៅគាត់ថា អ័ប្រាហាំៗអើយ នោះគាត់ទូលឆ្លើយថា ព្រះករុណាវិសេសព្រះអម្ចាស់