3. អ័ប្រាហាំគាត់ដាក់ឈ្មោះឲ្យកូនដែលសារ៉ាបានបង្កើតនោះថា អ៊ីសាក
4. លុះកើតមកបាន៨ថ្ងៃ នោះអ័ប្រាហាំក៏កាត់ស្បែកឲ្យ ដូចជាព្រះទ្រង់បង្គាប់មក
5. អ័ប្រាហាំអាយុបាន១០០ឆ្នាំហើយក្នុងកាលដែលអ៊ីសាក កូនគាត់កើតមក។
6. សារ៉ានិយាយថា ព្រះទ្រង់បានធ្វើឲ្យអញសើច ហើយអស់អ្នកណាដែលឮ ក៏នឹងសើចជាមួយនឹងអញដែរ
7. នាងពោលទៀតថា តើអ្នកណានឹងហ៊ានប្រាប់អ័ប្រាហាំថា សារ៉ានឹងបំបៅកូន ប៉ុន្តែអញបានបង្កើតកូនឲ្យគាត់ក្នុងកាលដែលគាត់ចាស់ហើយវិញ។
8. ឯអ៊ីសាកក៏ធំឡើង ហើយគេផ្តាច់ដោះចេញ រួចនៅថ្ងៃដែលផ្តាច់ដោះ នោះអ័ប្រាហាំក៏រៀបជប់លៀងយ៉ាងធំ។
9. សារ៉ាឃើញកូនដែលហាការជាសាសន៍អេស៊ីព្ទបានបង្កើតឲ្យអ័ប្រាហាំវាសើចឡកឲ្យ
10. នោះនាងនិយាយនឹងអ័ប្រាហាំថា ចូរបណ្តេញបាវស្រីនេះ និងកូនវាចេញទៅ ដ្បិតកូនរបស់បាវស្រីនេះមិនត្រូវស៊ីមរដកជាមួយនឹងអ៊ីសាកកូនខ្ញុំទេ
11. តែសេចក្ដីនោះនាំឲ្យអ័ប្រាហាំពិបាកចិត្តណាស់ ដោយព្រោះកូនគាត់
12. រួចព្រះទ្រង់មានព្រះបន្ទូលទៅអ័ប្រាហាំថា កុំឲ្យឯងពិបាកចិត្តដោយព្រោះកូនក្មេង ហើយនឹងបាវស្រីរបស់ឯងឡើយ ត្រូវស្តាប់តាមគ្រប់ទាំងសេចក្ដីដែលសារ៉ាបានប្រាប់ឯងវិញ ដ្បិតពូជឯងនឹងបានរាប់ដោយសារតែអ៊ីសាកទេ
13. ឯកូនរបស់បាវស្រី នោះគង់តែអញនឹងធ្វើឲ្យវាបានត្រឡប់ជានគរ១ដែរ ព្រោះវាជាពូជឯង
14. នោះអ័ប្រាហាំក៏ក្រោកឡើងពីព្រលឹម យកនំបុ័ង និងថង់ស្បែកមានទឹកពេញ ប្រគល់ឲ្យហាការទាំងដាក់លើស្មាបញ្ជូនឲ្យនាងទៅ ព្រមទាំងកូននាងដែរ នាងក៏ចេញទៅ ដើរចុះឡើង ក្នុងទីរហោស្ថានក្បែរបៀរសេបា
15. ឯទឹកក្នុងថង់ស្បែកក៏អស់ទៅ រួចនាងចោលកូននៅក្រោមដើមឈើតូច១
16. ហើយថយទៅអង្គុយប្រឈមមុខនឹងវា ចំងាយទី១ជួរធ្នូ ដោយគិតថា កុំឲ្យអញឃើញកូនស្លាប់ឡើយ ដូច្នេះ នាងក៏អង្គុយប្រឈមមុខនឹងកូន ស្រែកយំឡើង