19. រួចព្រះទ្រង់បំភ្លឺភ្នែកហាការឲ្យឃើញអណ្តូងទឹក១ នាងក៏ទៅដងដាក់ពេញថង់ស្បែកយកមកឲ្យកូនផឹក
20. ព្រះទ្រង់ក៏គង់ជាមួយនឹងកូនជំទង់នោះ វាកាន់តែធំឡើង ហើយនៅតែក្នុងទីរហោស្ថាន ក៏បានត្រឡប់ជាអ្នកប្រមាញ់ធ្នូ
21. វាអាស្រ័យនៅក្នុងទីរហោស្ថានប៉ារ៉ាន ហើយម្តាយក៏នាំយកស្ត្រីម្នាក់ពីស្រុកអេស៊ីព្ទមកឲ្យធ្វើជាប្រពន្ធ។
22. នៅវេលានោះ អ័ប៊ីម៉្មាឡិច និងភីកុល ជាមេទ័ពទ្រង់ក៏មកនិយាយនឹងអ័ប្រាហាំថា ព្រះទ្រង់គង់ជាមួយនឹងអ្នកក្នុងគ្រប់ការដែលអ្នកធ្វើ
23. ដូច្នេះ សូមឲ្យអ្នកស្បថនឹងព្រះឲ្យខ្ញុំនៅទីនេះឥឡូវ ថាអ្នកនឹងមិនប្រព្រឹត្តចំពោះខ្ញុំ ឬកូនចៅខ្ញុំតរៀងទៅ ដោយសេចក្ដីភូតភរឡើយ សូមប្រព្រឹត្តនឹងខ្ញុំ ហើយស្រុកដែលអ្នកបានសំណាក់នៅនេះដោយសេចក្ដីសប្បុរស ដូចជាខ្ញុំបានប្រព្រឹត្តនឹងអ្នកដែរ
24. អ័ប្រាហាំទូលឆ្លើយថា ទូលបង្គំសុខចិត្តស្បថ
25. តែអ័ប្រាហាំគាត់បន្ទោសដល់អ័ប៊ីម៉្មាឡិច ពីដំណើរអណ្តូងទឹកដែលពួកបាវទ្រង់បានដណ្តើមយក
26. អ័ប៊ីម៉្មាឡិចក៏ឆ្លើយថា ខ្ញុំមិនដឹងជាអ្នកណាបានធ្វើការនោះទេ អ្នកក៏មិនបានប្រាប់ខ្ញុំ ហើយខ្ញុំឥតបានឮអ្វីឡើយ ដរាបដល់ថ្ងៃនេះ
27. អ័ប្រាហាំគាត់យកចៀម និងគោមកថ្វាយអ័ប៊ីម៉្មាឡិច រួចក៏តាំងសញ្ញានឹងគ្នាទៅវិញទៅមក
28. អ័ប្រាហាំគាត់ដាក់កូនចៀម៧ដោយខ្លួន
29. នោះអ័ប៊ីម៉្មាឡិចសួរថា កូនចៀម៧ដែលអ្នកដាក់ដោយខ្លួននេះ តើមានន័យដូចម្តេច
30. គាត់ទូលឆ្លើយថា ទ្រង់ត្រូវទទួលកូនចៀម៧នេះពីដៃទូលបង្គំ ទុកជាទីបន្ទាល់ដល់ទូលបង្គំថា ទូលបង្គំបានជីកអណ្តូងនេះ
31. ដោយហេតុនោះបានជាគាត់ហៅទីនោះថា «បៀរ-សេបា» ពីព្រោះបានស្បថគ្នានៅទីនោះឯង
32. គឺយ៉ាងនោះហើយដែលបានតាំងសញ្ញានឹងគ្នា នៅត្រង់បៀរ-សេបា រួចហើយអ័ប៊ីម៉្មាឡិច និងភីកុល ជាមេទ័ពទ្រង់ក៏ក្រោកឡើងវិលត្រឡប់ទៅឯស្រុកភីលីស្ទីនវិញទៅ។
33. ឯអ័ប្រាហាំគាត់ដាំដើមឈើ១ នៅត្រង់បៀរ-សេបា ហើយនៅទីនោះ គាត់អំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា ជាព្រះដ៏មានព្រះជន្មអស់កល្បជានិច្ច
34. រួចគាត់សំចតនៅស្រុកភីលីស្ទីននោះជាយូរថ្ងៃ។