14. នោះអ័ប្រាហាំក៏ក្រោកឡើងពីព្រលឹម យកនំបុ័ង និងថង់ស្បែកមានទឹកពេញ ប្រគល់ឲ្យហាការទាំងដាក់លើស្មាបញ្ជូនឲ្យនាងទៅ ព្រមទាំងកូននាងដែរ នាងក៏ចេញទៅ ដើរចុះឡើង ក្នុងទីរហោស្ថានក្បែរបៀរសេបា
15. ឯទឹកក្នុងថង់ស្បែកក៏អស់ទៅ រួចនាងចោលកូននៅក្រោមដើមឈើតូច១
16. ហើយថយទៅអង្គុយប្រឈមមុខនឹងវា ចំងាយទី១ជួរធ្នូ ដោយគិតថា កុំឲ្យអញឃើញកូនស្លាប់ឡើយ ដូច្នេះ នាងក៏អង្គុយប្រឈមមុខនឹងកូន ស្រែកយំឡើង
17. ព្រះទ្រង់ឮសំឡេងកូនជំទង់នោះ ហើយទេវតានៃព្រះក៏ហៅហាការពីលើមេឃសួរថា វាថ្វី ហាការអើយ កុំឲ្យខ្លាចឡើយ ដ្បិតព្រះទ្រង់បានឮសំឡេងរបស់កូនជំទង់ពីកន្លែងវាហើយ
18. ចូរក្រោកឡើងទៅលើកកូនមក ដ្បិតអញនឹងធ្វើឲ្យវាត្រឡប់ជាសាសន៍១យ៉ាងធំ
19. រួចព្រះទ្រង់បំភ្លឺភ្នែកហាការឲ្យឃើញអណ្តូងទឹក១ នាងក៏ទៅដងដាក់ពេញថង់ស្បែកយកមកឲ្យកូនផឹក
20. ព្រះទ្រង់ក៏គង់ជាមួយនឹងកូនជំទង់នោះ វាកាន់តែធំឡើង ហើយនៅតែក្នុងទីរហោស្ថាន ក៏បានត្រឡប់ជាអ្នកប្រមាញ់ធ្នូ
21. វាអាស្រ័យនៅក្នុងទីរហោស្ថានប៉ារ៉ាន ហើយម្តាយក៏នាំយកស្ត្រីម្នាក់ពីស្រុកអេស៊ីព្ទមកឲ្យធ្វើជាប្រពន្ធ។
22. នៅវេលានោះ អ័ប៊ីម៉្មាឡិច និងភីកុល ជាមេទ័ពទ្រង់ក៏មកនិយាយនឹងអ័ប្រាហាំថា ព្រះទ្រង់គង់ជាមួយនឹងអ្នកក្នុងគ្រប់ការដែលអ្នកធ្វើ
23. ដូច្នេះ សូមឲ្យអ្នកស្បថនឹងព្រះឲ្យខ្ញុំនៅទីនេះឥឡូវ ថាអ្នកនឹងមិនប្រព្រឹត្តចំពោះខ្ញុំ ឬកូនចៅខ្ញុំតរៀងទៅ ដោយសេចក្ដីភូតភរឡើយ សូមប្រព្រឹត្តនឹងខ្ញុំ ហើយស្រុកដែលអ្នកបានសំណាក់នៅនេះដោយសេចក្ដីសប្បុរស ដូចជាខ្ញុំបានប្រព្រឹត្តនឹងអ្នកដែរ
24. អ័ប្រាហាំទូលឆ្លើយថា ទូលបង្គំសុខចិត្តស្បថ
25. តែអ័ប្រាហាំគាត់បន្ទោសដល់អ័ប៊ីម៉្មាឡិច ពីដំណើរអណ្តូងទឹកដែលពួកបាវទ្រង់បានដណ្តើមយក
26. អ័ប៊ីម៉្មាឡិចក៏ឆ្លើយថា ខ្ញុំមិនដឹងជាអ្នកណាបានធ្វើការនោះទេ អ្នកក៏មិនបានប្រាប់ខ្ញុំ ហើយខ្ញុំឥតបានឮអ្វីឡើយ ដរាបដល់ថ្ងៃនេះ