1. ព្រះយេហូវ៉ាទ្រង់ក៏ប្រោសដល់សារ៉ា ដូចជាទ្រង់បានមានព្រះបន្ទូល គឺទ្រង់ធ្វើសំរេចឲ្យសារ៉ា តាមដែលទ្រង់សន្យា
2. សារ៉ាមានទំងន់បង្កើតបានកូនប្រុស១ឲ្យអ័ប្រាហាំ ក្នុងកាលដែលគាត់ចាស់ហើយ ត្រូវតាមពេលកំណត់ដែលទ្រង់បានប្រាប់គាត់
3. អ័ប្រាហាំគាត់ដាក់ឈ្មោះឲ្យកូនដែលសារ៉ាបានបង្កើតនោះថា អ៊ីសាក
4. លុះកើតមកបាន៨ថ្ងៃ នោះអ័ប្រាហាំក៏កាត់ស្បែកឲ្យ ដូចជាព្រះទ្រង់បង្គាប់មក
5. អ័ប្រាហាំអាយុបាន១០០ឆ្នាំហើយក្នុងកាលដែលអ៊ីសាក កូនគាត់កើតមក។
6. សារ៉ានិយាយថា ព្រះទ្រង់បានធ្វើឲ្យអញសើច ហើយអស់អ្នកណាដែលឮ ក៏នឹងសើចជាមួយនឹងអញដែរ
7. នាងពោលទៀតថា តើអ្នកណានឹងហ៊ានប្រាប់អ័ប្រាហាំថា សារ៉ានឹងបំបៅកូន ប៉ុន្តែអញបានបង្កើតកូនឲ្យគាត់ក្នុងកាលដែលគាត់ចាស់ហើយវិញ។
8. ឯអ៊ីសាកក៏ធំឡើង ហើយគេផ្តាច់ដោះចេញ រួចនៅថ្ងៃដែលផ្តាច់ដោះ នោះអ័ប្រាហាំក៏រៀបជប់លៀងយ៉ាងធំ។
9. សារ៉ាឃើញកូនដែលហាការជាសាសន៍អេស៊ីព្ទបានបង្កើតឲ្យអ័ប្រាហាំវាសើចឡកឲ្យ
10. នោះនាងនិយាយនឹងអ័ប្រាហាំថា ចូរបណ្តេញបាវស្រីនេះ និងកូនវាចេញទៅ ដ្បិតកូនរបស់បាវស្រីនេះមិនត្រូវស៊ីមរដកជាមួយនឹងអ៊ីសាកកូនខ្ញុំទេ
11. តែសេចក្ដីនោះនាំឲ្យអ័ប្រាហាំពិបាកចិត្តណាស់ ដោយព្រោះកូនគាត់
12. រួចព្រះទ្រង់មានព្រះបន្ទូលទៅអ័ប្រាហាំថា កុំឲ្យឯងពិបាកចិត្តដោយព្រោះកូនក្មេង ហើយនឹងបាវស្រីរបស់ឯងឡើយ ត្រូវស្តាប់តាមគ្រប់ទាំងសេចក្ដីដែលសារ៉ាបានប្រាប់ឯងវិញ ដ្បិតពូជឯងនឹងបានរាប់ដោយសារតែអ៊ីសាកទេ