15. ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់យកអ័ដាមទៅដាក់នៅក្នុងសួនច្បារអេដែន ឲ្យគាត់ធ្វើការហើយថែរក្សា
16. ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បង្គាប់ទៅអ័ដាមថា ឯងនឹងស៊ីផ្លែទាំងអស់ក្នុងសួនច្បារនេះបានតាមចិត្ត
17. តែឯត្រង់ដើមដឹងខុសត្រូវ នោះមិនត្រូវឲ្យឯងស៊ីផលឡើយ ដ្បិតនៅថ្ងៃណាដែលឯងស៊ី នោះនឹងត្រូវស្លាប់ជាមិនខាន។
18. ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះបន្ទូលថា ដែលមនុស្សនេះនៅតែម្នាក់ឯង នោះមិនស្រួលទេ អញនឹងធ្វើឲ្យមានម្នាក់ជាជំនួយសំរាប់ជួយវា
19. ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បានយកដីមកសូនធ្វើគ្រប់ទាំងសត្វជើង៤ និងសត្វហើរទាំងប៉ុន្មាន រួចក៏នាំមកឯអ័ដាម ដើម្បីឲ្យដឹងជាគាត់នឹងហៅយ៉ាងដូចម្តេច ឯឈ្មោះណាដែលអ័ដាមបានដាក់ឲ្យដល់ជីវិតផងទាំងឡាយ នោះបានសំរេចជាឈ្មោះរបស់សត្វនោះឯង
20. អ័ដាមដាក់ឈ្មោះឲ្យដល់គ្រប់ទាំងសត្វស្រុក សត្វព្រៃ និងសត្វហើរលើអាកាសទាំងប៉ុន្មានជាស្រេច តែមិនឃើញមានជំនួយណាសំរាប់ឲ្យជួយគាត់សោះ
21. នោះព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ធ្វើឲ្យអ័ដាមដេកលក់ស៊ប់ទៅ រួចទ្រង់យកឆ្អឹងជំនីរគាត់១ ហើយភ្ជិតសាច់ទៅវិញ
22. រីឯឆ្អឹងដែលព្រះយេហូវ៉ាដ៏ជាព្រះបានយកពីអ័ដាមមក នោះទ្រង់ជបឲ្យកើតឡើងជាមនុស្សស្រី ក៏នាំទៅអ័ដាម
23. អ័ដាមក៏ថា នេះហើយជាឆ្អឹងពីឆ្អឹងអញ ជាសាច់ពីសាច់អញ និងត្រូវហៅថា «ស្ត្រី» ពីព្រោះបានយកចេញពីបុរសមក
24. ដោយហេតុនោះ បានជាមនុស្សប្រុសនឹងលាចេញពីឪពុកម្តាយខ្លួន ទៅនៅជាប់នឹងប្រពន្ធវិញ ហើយអ្នកទាំង២នោះនឹងត្រឡប់ជាសាច់តែ១សុទ្ធ
25. រីឯអ័ដាម និងប្រពន្ធគាត់ក៏នៅជាអាក្រាតទទេ ឥតមានសេចក្ដីអៀនខ្មាសឡើយ។