1. ដូច្នេះ ផ្ទៃមេឃ និងផែនដីក៏បានរួចជាស្រេច ព្រមទាំងរបស់សព្វសារពើផង
2. លុះដល់ថ្ងៃទី៧ ការដែលព្រះទ្រង់ធ្វើ នោះបានហើយជាស្រេច ទ្រង់ក៏ឈប់ផ្អាកសំរាកនៅថ្ងៃទី៧នោះ ពីគ្រប់ទាំងការដែលទ្រង់ធ្វើ
3. ព្រះទ្រង់ក៏ប្រទានពរដល់ថ្ងៃទី៧នោះ ព្រមទាំងញែកទុកជាថ្ងៃបរិសុទ្ធ ពីព្រោះនៅថ្ងៃនោះ ទ្រង់បានឈប់សំរាកពីគ្រប់ទាំងការដែលទ្រង់បានបង្កើតបានធ្វើ។
4. នេះហើយជាដើមកំណើតនៃផ្ទៃមេឃ និងផែនដី ក្នុងកាលដែលបានកើតមក។គឺនៅវេលាដែលព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បានធ្វើផែនដី និងផ្ទៃមេឃនោះឯង
5. រីឯនៅផែនដីនោះមិនទាន់មានអ្វីដុះនៅឡើយទេ ក៏មិនទាន់មានតិណជាតិណានៅវាលដែរ ពីព្រោះព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មិនបានបង្អុរភ្លៀងមកលើផែនដីសោះ ហើយក៏គ្មានមនុស្សណានឹងភ្ជួររាស់ដីផង
6. គ្រាន់តែមានចំហាយឡើងពីដីមកស្រោចស្រប់លើផែនដីប៉ុណ្ណោះ
7. ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់យកធូលីដីមកសូនធ្វើជាមនុស្ស ទ្រង់ផ្លុំខ្យល់ដង្ហើមជីវិតបញ្ចូលទៅក្នុងរន្ធច្រមុះ នោះក៏ត្រឡប់ជាមានព្រលឹងរស់ឡើង។
8. រួចព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ធ្វើសួនច្បារ១នៅស្រុកអេដែនទិសខាងកើត ក៏ដាក់មនុស្សដែលទ្រង់បានសូនធ្វើឲ្យនៅទីនោះ
9. ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ក៏ធ្វើឲ្យដីដុះគ្រប់អស់ទាំងដើមឈើដែលគួរពិចពិលរមឹលមើល ហើយសំរាប់ជាអាហារផង ក៏ដាំដើមជីវិត និងដើមសំរាប់ដឹងខុសត្រូវនៅកណ្តាលសួនច្បារនោះដែរ
10. មានទន្លេ១ហូរចេញពីស្រុកអេដែនមកស្រោចសួនច្បារនោះ រួចហូរបែកពីនោះទៅជា៤មុខ
11. ទី១ឈ្មោះពិសុន គឺជាទន្លេដែលហូរព័ទ្ធស្រុកហាវីឡាដែលមានមាស
12. មាសដែលមកពីស្រុកនោះជាមាសយ៉ាងល្អ ក៏មានទាំងប្តេល្លាម និងត្បូងអូនីក្សផង
13. ទី២ឈ្មោះគីហុន គឺជាទន្លេដែលហូរព័ទ្ធស្រុកគូស
14. ទី៣ឈ្មោះហ៊ីដេកែល គឺជាទន្លេដែលហូរចាក់ទៅខាងកើតស្រុកអាសស៊ើរ ហើយទន្លេទី៤ឈ្មោះអ៊ើប្រាត
15. ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់យកអ័ដាមទៅដាក់នៅក្នុងសួនច្បារអេដែន ឲ្យគាត់ធ្វើការហើយថែរក្សា
16. ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បង្គាប់ទៅអ័ដាមថា ឯងនឹងស៊ីផ្លែទាំងអស់ក្នុងសួនច្បារនេះបានតាមចិត្ត