20. មើលន៏ មានទីក្រុង១នុ៎ះស្ថិតនៅជិតបង្កើយ ហើយក៏តូចផង ឬមិនតូចទេ នោះល្មមនឹងរត់ទៅឲ្យរួចបាន សូមឲ្យខ្ញុំរត់ទៅឯណោះវិញ នោះខ្ញុំនឹងបានរួចជីវិតហើយ
21. ទេវតាក៏ឆ្លើយថា មើល អញបានព្រមតាមឯងក្នុងការនេះដែរ ឯទីក្រុង១ដែលឯងនិយាយនោះ អញមិនបំផ្លាញទេ
22. ចូរប្រញាប់ឡើង ហើយរត់ទៅឯណោះឲ្យរួចចុះ ដ្បិតអញធ្វើអ្វីមិនកើត ទាល់តែឯងបានទៅដល់សិន ដូច្នេះ ទីក្រុងនោះបានហៅឈ្មោះថាសូអារ។
23. លុះកាលឡុតចូលទៅក្នុងសូអារ នោះថ្ងៃបានរះហើយ
24. ព្រះយេហូវ៉ាទ្រង់បង្អុរភ្លៀងជាស្ពាន់ធ័រ និងភ្លើងពីលើមេឃ មកលើក្រុងសូដុំម និងក្រុងកូម៉ូរ៉ា
25. ទ្រង់ក៏បំផ្លាញក្រុងទាំងនោះ និងស្រុកវាលទាំងមូល ហើយអស់ទាំងមនុស្សនៅទីក្រុងនោះ និងគ្រប់ទាំងអស់ដែលដុះនៅដីផង។
26. ឯប្រពន្ធឡុតក៏ងាកបែរមើលទៅក្រោយវិញ នោះស្រាប់តែទៅជាបង្គោលអំបិលទៅ។
27. ឯអ័ប្រាហាំគាត់ក្រោកពីព្រលឹមឡើង នៅឯកន្លែងដែលបានឈរនៅចំពោះព្រះយេហូវ៉ា
28. គាត់មើលទៅឯក្រុងសូដុំម ក្រុងកូម៉ូរ៉ា និងស្រុកវាលទាំងអស់ឃើញមានសុទ្ធតែផ្សែងហុយឡើងពីដីមក ដូចជាផ្សែងនៃគុកភ្លើង។
29. ក្នុងខណៈដែលព្រះទ្រង់បំផ្លាញទីក្រុងនៅស្រុកវាលទាំងប៉ុន្មាន នោះទ្រង់នឹកចាំពីអ័ប្រាហាំ ក៏ឲ្យឡុតចេញរួចពីការហិនវិនាសនោះ ក្នុងកាលដែលទ្រង់បានរំលាយទីក្រុងទាំងនោះដែលឡុតបាននៅ។
30. ឯឡុត ព្រមទាំងកូនស្រីទាំង២ ក៏ចេញពីសូអារឡើងទៅនៅឯភ្នំវិញ ដ្បិតគាត់ខ្លាចមិនហ៊ាននៅក្នុងក្រុងសូអារទេ គាត់ក៏នៅក្នុងរអាងភ្នំជាមួយនឹងកូនស្រីរបស់គាត់ទាំង២ទៅ
31. ចំណែកនាងបងនិយាយទៅកាន់ប្អូនថា ឪពុកយើងគាត់ចាស់ហើយ គ្មានប្រុសណានៅគ្រប់ក្នុងស្រុកនេះ នឹងចូលមកឯយើងតាមបវេណីផែនដីទេ
32. បើដូច្នេះ ចូរយើងបំផឹកស្រាឪពុកយើង ហើយទៅដេកជាមួយនឹងគាត់ទៅ ដើម្បីឲ្យបានតពូជឲ្យឪពុកយើងវិញ
33. នោះគេក៏បំផឹកស្រាឪពុកគេនៅយប់នោះឯង រួចនាងបងទៅដេកជាមួយនឹងឪពុកខ្លួនទៅ តែគាត់ឥតមានដឹងជាកាលនាងដេក ឬកាលនាងក្រោកឡើង