2. លោកម្ចាស់ខ្ញុំអើយ ឥឡូវ សូមអញ្ជើញចូលទៅក្នុងផ្ទះខ្ញុំជាអ្នកបំរើលោក ដើម្បីនឹងលាងជើង ហើយសំណាក់នៅ១យប់នេះសិន រួចសឹមភ្ញាក់ឡើងពីព្រលឹមអញ្ជើញទៅទៀតចុះ តែទេវតានោះឆ្លើយថា ទេ យប់នេះយើងនឹងដេកនៅតាមផ្លូវវិញ
3. ប៉ុន្តែដោយគាត់បង្ខំណាស់ បានជាទេវតាក៏ចូលទៅក្នុងផ្ទះគាត់ ហើយគាត់ក៏រៀបចំជប់លៀង គាត់ដុតនំបុ័ងឥតដំបែ ហើយទេវតាក៏បរិភោគ
4. កាលមិនទាន់ដេកនៅឡើយ នោះពួកមនុស្សទាំងឡាយ ទាំងក្មេងទាំងចាស់នៅក្នុងក្រុងសូដុំម គេមកឡោមព័ទ្ធផ្ទះ គឺជាមនុស្សទាំងអស់ពីគ្រប់ក្នុងទីក្រុង
5. គេស្រែកហៅឡុតសួរថា មនុស្សដែលចូលមកក្នុងផ្ទះឯងអម្បាញ់មិញនេះ តើនៅឯណា ចូរឯងនាំវាចេញមកឯយើង ឲ្យយើងបានស្គាល់ផង
6. នោះឡុតចេញមកឯគេដល់មាត់ទ្វារ រួចបិទទ្វារទៅវិញ
7. គាត់អង្វរថា បងប្អូនខ្ញុំអើយ សូមកុំធ្វើអាក្រក់ដូច្នេះឡើយ
8. មើល ខ្ញុំមានកូនស្រី២នាក់ វាមិនទាន់ដែលស្គាល់ប្រុសណាទេ ចាំខ្ញុំនាំវាចេញមក ប្រគល់ឲ្យអ្នករាល់គ្នាប្រព្រឹត្តនឹងវាតាមតែចិត្តចុះ សូមកុំឲ្យតែធ្វើអ្វីដល់មនុស្សទាំង២នោះឡើយ ពីព្រោះលោកបានចូលមកសំណាក់នៅផ្ទះខ្ញុំហើយ
9. តែគេកំហែងទៅថា ចូរចៀសចេញ ហើយមានខ្លះគេនិយាយថា អា១នេះបានចូលមកស្នាក់នៅទីនេះ ឥឡូវចង់តាំងខ្លួនធ្វើជាចៅក្រមវិញ អើ បើដូច្នេះយើងនឹងធ្វើឯងឥឡូវ ឲ្យអាក្រក់ជាង២នាក់នោះទៅទៀតផង រួចគេក៏ប្រជ្រៀតលើឡុតជាខ្លាំង ព្រមទាំងរំលោភចូលទៅជិតចង់ទំលាយទ្វារ
10. តែទេវតាលូកដៃទៅចាប់ឡុតទាញចូលមកក្នុងផ្ទះវិញ រួចបិទទ្វារជិត
11. ក៏ធ្វើឲ្យមនុស្សទាំងអស់ដែលនៅត្រង់មាត់ទ្វារនោះខ្វាក់ភ្នែកទៅទាំងតូចទាំងធំ បានជាគេអស់ចិត្តនឹងរកទ្វារទៀត។
12. រួចទេវតាសួរឡុតថា តើឯងមានអ្នកណាទៀត នៅទីនេះឬទេ ទោះបើកូនប្រសា ឬកូនប្រុសកូនស្រីឯងក្តី ចូរនាំពួកឯងទាំងអស់ចេញពីទីក្រុងនេះទៅ
13. ដ្បិតយើងនឹងបំផ្លាញទីនេះ ពីព្រោះសំរែករបស់គេបានឮកាន់តែខ្លាំងឡើងនៅចំពោះព្រះយេហូវ៉ាហើយ នេះគឺព្រះយេហូវ៉ាទ្រង់បានចាត់ឲ្យយើងមកបំផ្លាញចេញ
14. នោះឡុតក៏ចេញទៅប្រាប់ដល់កូនប្រសា ដែលបានយកកូនស្រីគាត់ថា ចូរក្រោកឡើងចេញពីទីនេះទៅ ពីព្រោះព្រះយេហូវ៉ារៀបនឹងបំផ្លាញទីក្រុងចោល តែពួកកូនប្រសាគាត់ស្មានថា គាត់និយាយលេងទេ។
15. លុះពេលភ្លឺឡើង នោះទេវតាបង្ខំឡុតថា ចូរក្រោកឡើង យកប្រពន្ធហើយនឹងកូនស្រីទាំង២នាក់ដែលនៅឯណេះទៅ ក្រែងឯងត្រូវវិនាសក្នុងអំពើទុច្ចរិតរបស់ទីក្រុងនេះដែរ
16. តែគាត់នៅបង្អែបង្អង់ នោះទេវតាក៏ចាប់ដៃគាត់ និងដៃប្រពន្ធ ហើយនឹងកូនស្រីគាត់ទាំង២នាំចេញទៅលែងឯក្រៅទីក្រុង ដ្បិតព្រះយេហូវ៉ាទ្រង់មេត្តាប្រណីដល់គាត់
17. កាលបាននាំចេញផុតទៅក្រៅហើយ នោះទេវតាប្រាប់ថា ចូររត់ទៅឲ្យបានរួចជីវិតចុះ កុំឲ្យមើលមកក្រោយឡើយ ក៏កុំឲ្យឈប់នៅស្រុកវាលឯណានីមួយផង ចូររត់ទៅឯភ្នំវិញ ក្រែងឯងត្រូវវិនាសដែរ
18. តែឡុតប្រកែកថា ទេ លោកម្ចាស់អើយ
19. មើលឥឡូវនេះ លោកបានផ្តល់ព្រះគុណមកខ្ញុំជាអ្នកបំរើលោក ហើយបានចំរើនសេចក្ដីមេត្តាករុណារបស់លោកឲ្យខ្ញុំឃើញ ដោយការពារជីវិតខ្ញុំ តែខ្ញុំរត់ទៅឯភ្នំមិនបានទេ ក្រែងសេចក្ដីអាក្រក់តាមខ្ញុំទាន់ ហើយខ្ញុំត្រូវស្លាប់វិញ