លោកុប្បត្តិ 19:16-26 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. តែ​គាត់​នៅ​បង្អែ‌បង្អង់ នោះ​ទេវតា​ក៏​ចាប់​ដៃ​គាត់ និង​ដៃ​ប្រពន្ធ ហើយ​នឹង​កូន​ស្រី​គាត់​ទាំង​២​នាំ​ចេញ​ទៅ​លែង​ឯ​ក្រៅ​ទី​ក្រុង ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មេត្តា​ប្រណី​ដល់​គាត់

17. កាល​បាន​នាំ​ចេញ​ផុត​ទៅ​ក្រៅ​ហើយ នោះ​ទេវតា​ប្រាប់​ថា ចូរ​រត់​ទៅ​ឲ្យ​បាន​រួច​ជីវិត​ចុះ កុំ​ឲ្យ​មើល​មក​ក្រោយ​ឡើយ ក៏​កុំ​ឲ្យ​ឈប់​នៅ​ស្រុក​វាល​ឯ​ណា​នីមួយ​ផង ចូរ​រត់​ទៅ​ឯ​ភ្នំ​វិញ ក្រែង​ឯង​ត្រូវ​វិនាស​ដែរ

18. តែ​ឡុត​ប្រកែក​ថា ទេ លោក​ម្ចាស់​អើយ

19. មើល​ឥឡូវ​នេះ លោក​បាន​ផ្តល់​ព្រះ‌គុណ​មក​ខ្ញុំ​ជា​អ្នក​បំរើ​លោក ហើយ​បាន​ចំរើន​សេចក្ដី​មេត្តា‌ករុណា​របស់​លោក​ឲ្យ​ខ្ញុំ​ឃើញ ដោយ​ការ‌ពារ​ជីវិត​ខ្ញុំ តែ​ខ្ញុំ​រត់​ទៅ​ឯ​ភ្នំ​មិន​បាន​ទេ ក្រែង​សេចក្ដី​អាក្រក់​តាម​ខ្ញុំ​ទាន់ ហើយ​ខ្ញុំ​ត្រូវ​ស្លាប់​វិញ

20. មើល‌ន៏ មាន​ទី​ក្រុង​១​នុ៎ះ​ស្ថិត​នៅ​ជិត​បង្កើយ ហើយ​ក៏​តូច​ផង ឬ​មិន​តូច​ទេ នោះ​ល្មម​នឹង​រត់​ទៅ​ឲ្យ​រួច​បាន សូម​ឲ្យ​ខ្ញុំ​រត់​ទៅ​ឯ​ណោះ​វិញ នោះ​ខ្ញុំ​នឹង​បាន​រួច​ជីវិត​ហើយ

21. ទេវតា​ក៏​ឆ្លើយ​ថា មើល អញ​បាន​ព្រម​តាម​ឯង​ក្នុង​ការ​នេះ​ដែរ ឯ​ទី​ក្រុង​១​ដែល​ឯង​និយាយ​នោះ អញ​មិន​បំផ្លាញ​ទេ

22. ចូរ​ប្រញាប់​ឡើង ហើយ​រត់​ទៅ​ឯ​ណោះ​ឲ្យ​រួច​ចុះ ដ្បិត​អញ​ធ្វើ​អ្វី​មិន​កើត ទាល់​តែ​ឯង​បាន​ទៅ​ដល់​សិន ដូច្នេះ ទី​ក្រុង​នោះ​បាន​ហៅ​ឈ្មោះ​ថា​សូអារ។

23. លុះ​កាល​ឡុត​ចូល​ទៅ​ក្នុង​សូអារ នោះ​ថ្ងៃ​បាន​រះ​ហើយ

24. ព្រះ‌យេហូវ៉ា​ទ្រង់​បង្អុរ​ភ្លៀង​ជា​ស្ពាន់‌ធ័រ និង​ភ្លើង​ពី​លើ​មេឃ មក​លើ​ក្រុង​សូដុំម និង​ក្រុង​កូម៉ូរ៉ា

25. ទ្រង់​ក៏​បំផ្លាញ​ក្រុង​ទាំង​នោះ និង​ស្រុក​វាល​ទាំង​មូល ហើយ​អស់​ទាំង​មនុស្ស​នៅ​ទី​ក្រុង​នោះ និង​គ្រប់​ទាំង​អស់​ដែល​ដុះ​នៅ​ដី​ផង។

26. ឯ​ប្រពន្ធ​ឡុត​ក៏​ងាក​បែរ​មើល​ទៅ​ក្រោយ​វិញ នោះ​ស្រាប់​តែ​ទៅ​ជា​បង្គោល​អំបិល​ទៅ។

លោកុប្បត្តិ 19