14. នោះឡុតក៏ចេញទៅប្រាប់ដល់កូនប្រសា ដែលបានយកកូនស្រីគាត់ថា ចូរក្រោកឡើងចេញពីទីនេះទៅ ពីព្រោះព្រះយេហូវ៉ារៀបនឹងបំផ្លាញទីក្រុងចោល តែពួកកូនប្រសាគាត់ស្មានថា គាត់និយាយលេងទេ។
15. លុះពេលភ្លឺឡើង នោះទេវតាបង្ខំឡុតថា ចូរក្រោកឡើង យកប្រពន្ធហើយនឹងកូនស្រីទាំង២នាក់ដែលនៅឯណេះទៅ ក្រែងឯងត្រូវវិនាសក្នុងអំពើទុច្ចរិតរបស់ទីក្រុងនេះដែរ
16. តែគាត់នៅបង្អែបង្អង់ នោះទេវតាក៏ចាប់ដៃគាត់ និងដៃប្រពន្ធ ហើយនឹងកូនស្រីគាត់ទាំង២នាំចេញទៅលែងឯក្រៅទីក្រុង ដ្បិតព្រះយេហូវ៉ាទ្រង់មេត្តាប្រណីដល់គាត់
17. កាលបាននាំចេញផុតទៅក្រៅហើយ នោះទេវតាប្រាប់ថា ចូររត់ទៅឲ្យបានរួចជីវិតចុះ កុំឲ្យមើលមកក្រោយឡើយ ក៏កុំឲ្យឈប់នៅស្រុកវាលឯណានីមួយផង ចូររត់ទៅឯភ្នំវិញ ក្រែងឯងត្រូវវិនាសដែរ
18. តែឡុតប្រកែកថា ទេ លោកម្ចាស់អើយ
19. មើលឥឡូវនេះ លោកបានផ្តល់ព្រះគុណមកខ្ញុំជាអ្នកបំរើលោក ហើយបានចំរើនសេចក្ដីមេត្តាករុណារបស់លោកឲ្យខ្ញុំឃើញ ដោយការពារជីវិតខ្ញុំ តែខ្ញុំរត់ទៅឯភ្នំមិនបានទេ ក្រែងសេចក្ដីអាក្រក់តាមខ្ញុំទាន់ ហើយខ្ញុំត្រូវស្លាប់វិញ
20. មើលន៏ មានទីក្រុង១នុ៎ះស្ថិតនៅជិតបង្កើយ ហើយក៏តូចផង ឬមិនតូចទេ នោះល្មមនឹងរត់ទៅឲ្យរួចបាន សូមឲ្យខ្ញុំរត់ទៅឯណោះវិញ នោះខ្ញុំនឹងបានរួចជីវិតហើយ
21. ទេវតាក៏ឆ្លើយថា មើល អញបានព្រមតាមឯងក្នុងការនេះដែរ ឯទីក្រុង១ដែលឯងនិយាយនោះ អញមិនបំផ្លាញទេ
22. ចូរប្រញាប់ឡើង ហើយរត់ទៅឯណោះឲ្យរួចចុះ ដ្បិតអញធ្វើអ្វីមិនកើត ទាល់តែឯងបានទៅដល់សិន ដូច្នេះ ទីក្រុងនោះបានហៅឈ្មោះថាសូអារ។
23. លុះកាលឡុតចូលទៅក្នុងសូអារ នោះថ្ងៃបានរះហើយ
24. ព្រះយេហូវ៉ាទ្រង់បង្អុរភ្លៀងជាស្ពាន់ធ័រ និងភ្លើងពីលើមេឃ មកលើក្រុងសូដុំម និងក្រុងកូម៉ូរ៉ា
25. ទ្រង់ក៏បំផ្លាញក្រុងទាំងនោះ និងស្រុកវាលទាំងមូល ហើយអស់ទាំងមនុស្សនៅទីក្រុងនោះ និងគ្រប់ទាំងអស់ដែលដុះនៅដីផង។
26. ឯប្រពន្ធឡុតក៏ងាកបែរមើលទៅក្រោយវិញ នោះស្រាប់តែទៅជាបង្គោលអំបិលទៅ។
27. ឯអ័ប្រាហាំគាត់ក្រោកពីព្រលឹមឡើង នៅឯកន្លែងដែលបានឈរនៅចំពោះព្រះយេហូវ៉ា
28. គាត់មើលទៅឯក្រុងសូដុំម ក្រុងកូម៉ូរ៉ា និងស្រុកវាលទាំងអស់ឃើញមានសុទ្ធតែផ្សែងហុយឡើងពីដីមក ដូចជាផ្សែងនៃគុកភ្លើង។
29. ក្នុងខណៈដែលព្រះទ្រង់បំផ្លាញទីក្រុងនៅស្រុកវាលទាំងប៉ុន្មាន នោះទ្រង់នឹកចាំពីអ័ប្រាហាំ ក៏ឲ្យឡុតចេញរួចពីការហិនវិនាសនោះ ក្នុងកាលដែលទ្រង់បានរំលាយទីក្រុងទាំងនោះដែលឡុតបាននៅ។
30. ឯឡុត ព្រមទាំងកូនស្រីទាំង២ ក៏ចេញពីសូអារឡើងទៅនៅឯភ្នំវិញ ដ្បិតគាត់ខ្លាចមិនហ៊ាននៅក្នុងក្រុងសូអារទេ គាត់ក៏នៅក្នុងរអាងភ្នំជាមួយនឹងកូនស្រីរបស់គាត់ទាំង២ទៅ
31. ចំណែកនាងបងនិយាយទៅកាន់ប្អូនថា ឪពុកយើងគាត់ចាស់ហើយ គ្មានប្រុសណានៅគ្រប់ក្នុងស្រុកនេះ នឹងចូលមកឯយើងតាមបវេណីផែនដីទេ
32. បើដូច្នេះ ចូរយើងបំផឹកស្រាឪពុកយើង ហើយទៅដេកជាមួយនឹងគាត់ទៅ ដើម្បីឲ្យបានតពូជឲ្យឪពុកយើងវិញ