1. ដល់ពេលត្រលប់ នោះទេវតាទាំង២ក៏ទៅដល់ក្រុងសូដុំម ឯឡុតគាត់អង្គុយនៅមាត់ទ្វារក្រុង គាត់ក៏ឃើញ ហើយក្រោកទៅទទួល រួចក្រាបផ្កាប់មុខនឹងដី ជំរាបថា
2. លោកម្ចាស់ខ្ញុំអើយ ឥឡូវ សូមអញ្ជើញចូលទៅក្នុងផ្ទះខ្ញុំជាអ្នកបំរើលោក ដើម្បីនឹងលាងជើង ហើយសំណាក់នៅ១យប់នេះសិន រួចសឹមភ្ញាក់ឡើងពីព្រលឹមអញ្ជើញទៅទៀតចុះ តែទេវតានោះឆ្លើយថា ទេ យប់នេះយើងនឹងដេកនៅតាមផ្លូវវិញ
3. ប៉ុន្តែដោយគាត់បង្ខំណាស់ បានជាទេវតាក៏ចូលទៅក្នុងផ្ទះគាត់ ហើយគាត់ក៏រៀបចំជប់លៀង គាត់ដុតនំបុ័ងឥតដំបែ ហើយទេវតាក៏បរិភោគ
4. កាលមិនទាន់ដេកនៅឡើយ នោះពួកមនុស្សទាំងឡាយ ទាំងក្មេងទាំងចាស់នៅក្នុងក្រុងសូដុំម គេមកឡោមព័ទ្ធផ្ទះ គឺជាមនុស្សទាំងអស់ពីគ្រប់ក្នុងទីក្រុង
5. គេស្រែកហៅឡុតសួរថា មនុស្សដែលចូលមកក្នុងផ្ទះឯងអម្បាញ់មិញនេះ តើនៅឯណា ចូរឯងនាំវាចេញមកឯយើង ឲ្យយើងបានស្គាល់ផង
6. នោះឡុតចេញមកឯគេដល់មាត់ទ្វារ រួចបិទទ្វារទៅវិញ
7. គាត់អង្វរថា បងប្អូនខ្ញុំអើយ សូមកុំធ្វើអាក្រក់ដូច្នេះឡើយ
8. មើល ខ្ញុំមានកូនស្រី២នាក់ វាមិនទាន់ដែលស្គាល់ប្រុសណាទេ ចាំខ្ញុំនាំវាចេញមក ប្រគល់ឲ្យអ្នករាល់គ្នាប្រព្រឹត្តនឹងវាតាមតែចិត្តចុះ សូមកុំឲ្យតែធ្វើអ្វីដល់មនុស្សទាំង២នោះឡើយ ពីព្រោះលោកបានចូលមកសំណាក់នៅផ្ទះខ្ញុំហើយ