19. ដ្បិតអញស្គាល់គាត់ថា គាត់នឹងបង្គាប់ដល់កូនចៅ និងពួកផ្ទះគាត់តរៀងទៅ ឲ្យគេកាន់ខ្ជាប់តាមផ្លូវនៃព្រះយេហូវ៉ា ដើម្បីឲ្យបានប្រព្រឹត្តសេចក្ដីសុចរិត និងសេចក្ដីទៀងត្រង់ ប្រយោជន៍ឲ្យព្រះយេហូវ៉ាបានសំរេចដល់គាត់ តាមសេចក្ដីដែលទ្រង់មានព្រះបន្ទូលពីដំណើរគាត់
20. រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ពីព្រោះសំរែកនៃក្រុងសូដុំម និងក្រុងកូម៉ូរ៉ាបានឮជាខ្លាំង ហើយអំពើបាបរបស់គេក៏ធ្ងន់ណាស់ផង
21. នោះបានជាអញចុះទៅមើលឥឡូវ ដើម្បីឲ្យដឹង បើគេបានប្រព្រឹត្តដូចជាសំរែកដែលអញបានឮនោះឬទេ បើមិនមែនទេ នោះអញនឹងបានដឹង
22. រួចក៏បែរចេញពីនោះដំរង់ទៅខាងឯក្រុងសូដុំមទៅ តែអ័ប្រាហាំគាត់ឈរនៅចំពោះព្រះយេហូវ៉ានៅឡើយ។
23. អ័ប្រាហាំក៏ចូលទៅជិតទូលសួរថា តើទ្រង់នឹងបំផ្លាញមនុស្សសុចរិតជាមួយនឹងមនុស្សអាក្រក់ផងដែរឬអី
24. បើសិនជាមានមនុស្សសុចរិត៥០នាក់នៅក្នុងក្រុងនោះ តើទ្រង់នឹងបំផ្លាញអស់រលីងទៅ ឥតមានប្រណីដល់ទីក្រុង ដោយព្រោះមនុស្សសុចរិត៥០នាក់ ដែលនៅទីនោះទេឬអី
25. មិនគួរគប្បីឲ្យទ្រង់ប្រព្រឹត្តដូច្នោះ និងសំឡាប់មនុស្សសុចរិតជាមួយនឹងមនុស្សអាក្រក់នោះទេ យ៉ាងនោះឈ្មោះថាធ្វើឲ្យមនុស្សសុចរិតបានដូចជាមនុស្សអាក្រក់ដែរ សូមកុំឲ្យទ្រង់ធ្វើដូច្នោះឡើយ ឯព្រះដ៏ជាចៅក្រមផែនដីទាំងមូល តើទ្រង់មិនត្រូវប្រព្រឹត្តដោយយុត្តិធម៌ទេឬអី
26. នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា បើអញឃើញមានមនុស្សសុចរិត៥០នាក់នៅក្នុងទីក្រុងសូដុំម នោះអញនឹងប្រណីដល់ទីនោះ ដោយយល់ដល់គេវិញ
27. រួចអ័ប្រាហាំគាត់ទូលថា មើល ឥឡូវទូលបង្គំបានផ្តើមទូលនឹងព្រះអម្ចាស់ដែលទូលបង្គំជាធូលីដី ហើយជាផេះទទេ
28. ក្នុងមនុស្សសុចរិតទាំង៥០នាក់នោះ ប្រហែលជានឹងមានខ្វះ៥នាក់ ដូច្នេះ តើទ្រង់នឹងបំផ្លាញទីក្រុងទាំងមូល ដោយព្រោះខ្វះ៥នាក់ឬអី នោះទ្រង់មានព្រះបន្ទូលថា បើអញឃើញមាន៤៥នាក់ នោះអញមិនបំផ្លាញទេ
29. គាត់ក៏ទូលទ្រង់ទៀតថា ប្រហែលជារកបានតែ៤០នាក់ទេ នោះទ្រង់មានព្រះបន្ទូលថា អញមិនធ្វើអ្វីទេ ដោយយល់ដល់៤០នាក់នោះ
30. រួចគាត់ទូលថា សូមកុំឲ្យព្រះអម្ចាស់ខ្ញាល់ នោះទូលបង្គំនឹងទូលទៀតថា នៅទីនោះប្រហែលជានឹងឃើញមានតែ៣០នាក់ទេ នោះទ្រង់មានព្រះបន្ទូលថា បើអញឃើញមាន៣០នាក់ នោះអញក៏មិនធ្វើអ្វីដែរ