10. ទ្រង់មានព្រះបន្ទូលថា ដល់កំណត់ អញនឹងមកឯឯងវិញជាមិនខាន នោះសារ៉ាប្រពន្ធឯងនឹងមានកូនប្រុស១ ចំណែកសារ៉ាដែលនៅមាត់ទ្វារត្រសាលខាងក្រោយគាត់ នាងក៏បានឮដែរ
11. រីឯអ័ប្រាហាំ និងសារ៉ា គាត់ជាមនុស្សចាស់មានអាយុច្រើនណាស់ សារ៉ាអស់មានរដូវកាលតាមទំលាប់ស្ត្រីទៀតហើយ
12. នាងនឹកអស់សំណើចក្នុងខ្លួនថា អញចាស់ប៉ុណ្ណេះទៅហើយ តើនឹងនៅមានដំរេកទៀតដែរឬអី ណាមួយលោកម្ចាស់ប្ដីអញក៏ចាស់ណាស់ដែរ
13. តែព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងអ័ប្រាហាំថា ហេតុអ្វីបានជាសារ៉ាសើចដូច្នេះថា ដែលចាស់ប៉ុណ្ណោះហើយ តើនឹងមានកូនដែរឬ
14. តើមានការអ្វីដែលព្រះយេហូវ៉ាធ្វើមិនកើតដែរឬអី ដល់វេលាកំណត់ នោះអញនឹងមកឯឯង លុះគ្រប់ខែហើយ សារ៉ានឹងបង្កើតបានកូនប្រុស១
15. ឯសារ៉ានាងប្រកែកថា ខ្ញុំម្ចាស់មិនបានសើចទេ ពីព្រោះនាងខ្លាច តែទ្រង់មានព្រះបន្ទូលថា ទេ គឺឯងបានសើចមែន។
16. លុះមនុស្សទាំង៣បានក្រោកពីនោះហើយ ក៏ងាកបែរមើលទៅខាងក្រុងសូដុំម ឯអ័ប្រាហាំគាត់ដើរជាមួយដែរ ដើម្បីជូនទៅ
17. នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា តើត្រូវលាក់នឹងអ័ប្រាហាំពីការដែលអញរៀបនឹងធ្វើឬទេ
18. ដ្បិតអ័ប្រាហាំនឹងត្រឡប់ជានគរ១យ៉ាងធំ ហើយពូកែជាពិតប្រាកដ គ្រប់ទាំងសាសន៍នៅផែនដីនឹងបានពរដោយសារគាត់
19. ដ្បិតអញស្គាល់គាត់ថា គាត់នឹងបង្គាប់ដល់កូនចៅ និងពួកផ្ទះគាត់តរៀងទៅ ឲ្យគេកាន់ខ្ជាប់តាមផ្លូវនៃព្រះយេហូវ៉ា ដើម្បីឲ្យបានប្រព្រឹត្តសេចក្ដីសុចរិត និងសេចក្ដីទៀងត្រង់ ប្រយោជន៍ឲ្យព្រះយេហូវ៉ាបានសំរេចដល់គាត់ តាមសេចក្ដីដែលទ្រង់មានព្រះបន្ទូលពីដំណើរគាត់
20. រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ពីព្រោះសំរែកនៃក្រុងសូដុំម និងក្រុងកូម៉ូរ៉ាបានឮជាខ្លាំង ហើយអំពើបាបរបស់គេក៏ធ្ងន់ណាស់ផង
21. នោះបានជាអញចុះទៅមើលឥឡូវ ដើម្បីឲ្យដឹង បើគេបានប្រព្រឹត្តដូចជាសំរែកដែលអញបានឮនោះឬទេ បើមិនមែនទេ នោះអញនឹងបានដឹង
22. រួចក៏បែរចេញពីនោះដំរង់ទៅខាងឯក្រុងសូដុំមទៅ តែអ័ប្រាហាំគាត់ឈរនៅចំពោះព្រះយេហូវ៉ានៅឡើយ។
23. អ័ប្រាហាំក៏ចូលទៅជិតទូលសួរថា តើទ្រង់នឹងបំផ្លាញមនុស្សសុចរិតជាមួយនឹងមនុស្សអាក្រក់ផងដែរឬអី
24. បើសិនជាមានមនុស្សសុចរិត៥០នាក់នៅក្នុងក្រុងនោះ តើទ្រង់នឹងបំផ្លាញអស់រលីងទៅ ឥតមានប្រណីដល់ទីក្រុង ដោយព្រោះមនុស្សសុចរិត៥០នាក់ ដែលនៅទីនោះទេឬអី