1. រួចព្រះយេហូវ៉ាទ្រង់លេចមកឯគាត់ នៅត្រង់ដើមម៉ៃសាក់របស់ម៉ាមរេ ក្នុងកាលដែលគាត់កំពុងអង្គុយនៅមាត់ទ្វារត្រសាល នៅវេលាថ្ងៃពេញកំដៅ
2. គាត់ងើបភ្នែកឡើង ក៏មើលឃើញមនុស្ស៣នាក់ឈរនៅចំពោះមុខ កាលគាត់ឃើញដូច្នោះ នោះគាត់រត់ពីមាត់ទ្វារត្រសាលទៅទទួល ដោយក្រាបរាបនឹងដី
3. ក៏ទូលថា ព្រះអម្ចាស់អើយ បើសិនជាទូលបង្គំបានប្រកបដោយព្រះគុណនៅចំពោះទ្រង់ នោះសូមកុំអាលយាងហួសពីទូលបង្គំជាបាវបំរើទ្រង់ទៅឡើយ
4. សូមរង់ចាំឲ្យគេយកទឹកមកបន្តិចនឹងលាងព្រះបាទទ្រង់ ហើយសូមទ្រង់ឈប់សំរាកក្រោមដើមឈើនេះសិន
5. ទូលបង្គំនឹងយកនំបុ័ងបន្តិចបន្តួចមកថ្វាយ ឲ្យទ្រង់មានកំឡាំងឡើង រួចសឹមយាងទៅចុះ ដ្បិតទ្រង់បានយាងមកដល់ទូលបង្គំជាអ្នកបំរើទ្រង់ហើយ នោះទ្រង់មានព្រះបន្ទូលថា ចូរធ្វើដូចជាឯងបាននិយាយចុះ
6. អ័ប្រាហាំក៏ប្រញាប់ប្រញាល់ចូលទៅក្នុងត្រសាល ប្រាប់សារ៉ាថា ចូរយកម្សៅយ៉ាងម៉ដ្ត៣រង្វាល់មកលាយធ្វើនំឲ្យឆាប់ៗ
7. រួចគាត់រត់ទៅឯហ្វូងសត្វ ចាប់យកកូនគោ១ដែលមានសាច់ទន់ល្វន់ល្អ ប្រគល់ឲ្យដល់បាវបំរើម្នាក់ ហើយបាវនោះក៏បានចាត់ចែងយ៉ាងប្រញាប់ប្រញាល់
8. នោះគាត់យកខ្លាញ់ទឹកដោះ ហើយនឹងទឹកដោះរាវ និងកូនគោដែលបានរៀបចំទៅថ្វាយដល់ទ្រង់ រួចឈរនៅក្រោមដើមឈើជិតទ្រង់ ហើយទ្រង់ក៏សោយទៅ។
9. ទ្រង់មានព្រះបន្ទូលសួរគាត់ថា សារ៉ាប្រពន្ធឯងនៅឯណា គាត់ទូលឆ្លើយថា នៅក្នុងត្រសាលឯណោះ
10. ទ្រង់មានព្រះបន្ទូលថា ដល់កំណត់ អញនឹងមកឯឯងវិញជាមិនខាន នោះសារ៉ាប្រពន្ធឯងនឹងមានកូនប្រុស១ ចំណែកសារ៉ាដែលនៅមាត់ទ្វារត្រសាលខាងក្រោយគាត់ នាងក៏បានឮដែរ