3. អាប់រ៉ាមក៏ក្រាបផ្កាប់មុខ រួចព្រះទ្រង់មានព្រះបន្ទូលនឹងគាត់ថា
4. ឯអញ មើល អញបានតាំងសេចក្ដីសញ្ញានឹងឯងហើយ ឯងនឹងធ្វើជាឪពុកនៃសាសន៍ជាច្រើន
5. ឈ្មោះឯងមិនត្រូវហៅថា អាប់រ៉ាមទៀតទេ គឺត្រូវហៅថា អ័ប្រាហាំវិញ ដ្បិតអញបានតាំងឯងឲ្យធ្វើជាឪពុកនៃសាសន៍ជាច្រើន
6. អញនឹងធ្វើឲ្យឯងបង្កើតកូនសុសសាយសន្ធឹក ឲ្យមាននគរផ្សេងៗកើតចេញអំពីឯងមក ព្រមទាំងស្តេចជាច្រើនដែរ
7. អញនឹងតាំងសញ្ញានឹងឯង ហើយនឹងពូជឯងតាមតំណគេតទៅ ទុកជាសេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច ដើម្បីឲ្យអញបានធ្វើជាព្រះនៃឯង និងពូជឯងតទៅ
8. ឯស្រុកកាណានទាំងអស់ដែលឯងសំណាក់នៅជាអ្នកដទៃ នោះអញនឹងឲ្យដល់ឯង និងពូជឯងតរៀងទៅ ទុកជាកេរអាករអស់កល្បជានិច្ច ហើយអញនឹងធ្វើជាព្រះដល់គេ។
9. រួចទ្រង់មានព្រះបន្ទូលនឹងអ័ប្រាហាំទៀតថា ឯឯង ត្រូវឲ្យឯងកាន់តាមសេចក្ដីសញ្ញារបស់អញ ទាំងឯង និងពូជឯងតរៀងទៅ តាមដំណគេ
10. នេះជាសេចក្ដីសញ្ញារបស់អញ ដែលឯងនឹងពូជឯងត្រូវកាន់ចំពោះអញតរៀងទៅគឺថា គ្រប់ទាំងប្រុសៗក្នុងពួកឯង ត្រូវតែកាត់ស្បែក
11. ឯងរាល់គ្នាត្រូវកាត់ស្បែកក្រោមចុងស្វាស ទុកជាទីសំគាល់ពីសេចក្ដីសញ្ញាដែលយើងបានតាំងជាមួយនឹងគ្នា
12. គ្រប់ទាំងកូនប្រុសៗនៅអស់ទាំងដំណឯងតទៅ ទោះបើកើតនៅផ្ទះ ឬបានយកប្រាក់ទិញពីសាសន៍ណាដទៃ ដែលមិនមែនជាពូជឯងក្តី ដល់កើតមកបាន៨ថ្ងៃ នោះត្រូវតែកាត់ស្បែកឲ្យ
13. ទោះបើកូនដែលកើតនៅផ្ទះឯង ឬកូនដែលបានទិញនឹងប្រាក់មកក្តី នោះក៏ត្រូវតែកាត់ស្បែកទាំងអស់ដែរ ទើបសេចក្ដីសញ្ញារបស់អញនឹងនៅជាប់ក្នុងសាច់ឯងរាល់គ្នា ទុកជាសេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច