12. គ្រប់ទាំងកូនប្រុសៗនៅអស់ទាំងដំណឯងតទៅ ទោះបើកើតនៅផ្ទះ ឬបានយកប្រាក់ទិញពីសាសន៍ណាដទៃ ដែលមិនមែនជាពូជឯងក្តី ដល់កើតមកបាន៨ថ្ងៃ នោះត្រូវតែកាត់ស្បែកឲ្យ
13. ទោះបើកូនដែលកើតនៅផ្ទះឯង ឬកូនដែលបានទិញនឹងប្រាក់មកក្តី នោះក៏ត្រូវតែកាត់ស្បែកទាំងអស់ដែរ ទើបសេចក្ដីសញ្ញារបស់អញនឹងនៅជាប់ក្នុងសាច់ឯងរាល់គ្នា ទុកជាសេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច
14. មនុស្សប្រុសណាដែលមិនកាត់ស្បែក គឺមិនបានកាត់ស្រោមចុងស្វាស អ្នកនោះនឹងត្រូវកាត់កាល់ចេញពីសាសន៍របស់ខ្លួន ព្រោះបានលះចោលសេចក្ដីសញ្ញារបស់អញហើយ។
15. រួចព្រះទ្រង់ក៏មានព្រះបន្ទូលនឹងអ័ប្រាហាំទៀតថា ឯសារ៉ាយជាប្រពន្ធឯង នោះឯងមិនត្រូវហៅថាសារ៉ាយទៀតទេ គឺត្រូវហៅថាសារ៉ាវិញ
16. អញនឹងឲ្យពរដល់នាង ហើយនឹងឲ្យឯងមានកូនពីនាងដែរ អញនឹងឲ្យពរដល់នាងជាពិត នាងនឹងធ្វើជាម្តាយនៃនគរផ្សេងៗ ហើយនឹងមានស្តេចនៃសាសន៍ជាច្រើនចេញពីនាងមក
17. នោះអ័ប្រាហាំក៏ក្រាបផ្កាប់មុខ និងអស់សំណើចក្នុងចិត្តថា តើនឹងមានកូនកើតដល់មនុស្សអាយុ១០០ឆ្នាំបានដែរឬ ហើយសារ៉ាដែលអាយុ៩០ឆ្នាំទៅហើយ តើនឹងបង្កើតកូនបានឬទេ
18. រួចអ័ប្រាហាំទូលថា ឱបើសិនជាអ៊ីសម៉ាអែលនឹងរស់នៅចំពោះទ្រង់ទៅអេះ
19. នោះព្រះទ្រង់មានព្រះបន្ទូលថា សារ៉ាប្រពន្ធឯងនឹងបង្កើតកូនឲ្យឯងមែន ហើយឯងត្រូវឲ្យឈ្មោះថាអ៊ីសាក អញនឹងតាំងសញ្ញានឹងវា ទុកជាសេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច សំរាប់ពូជវាតរៀងទៅ
20. ឯអ៊ីសម៉ាអែល អញបានយល់ព្រមហើយ មើល អញបានឲ្យពរដល់វា ហើយនឹងធ្វើឲ្យវាកើតបានកូនចំរើនឡើងសន្ធឹកណាស់ដែរ វានឹងបង្កើតចៅហ្វាយ១២នាក់ ហើយអញនឹងធ្វើឲ្យវាបានត្រឡប់ជានគរ១យ៉ាងធំ
21. តែឯសេចក្ដីសញ្ញារបស់អញ នោះនឹងបានតាំងនឹងអ៊ីសាកវិញ ដែលសារ៉ានឹងបង្កើតឲ្យដល់ឯងនៅកំណត់ឆ្នាំក្រោយនេះ
22. លុះព្រះទ្រង់មានព្រះបន្ទូលនឹងអ័ប្រាហាំស្រេចហើយ នោះទ្រង់ឃ្លាតចេញពីគាត់ហោះឡើងទៅ។
23. ឯអ័ប្រាហាំក៏យកអ៊ីសម៉ាអែលកូនខ្លួន ព្រមទាំងមនុស្សប្រុសៗដែលបានកើតនៅផ្ទះខ្លួន និងមនុស្សដែលបានទិញដោយប្រាក់ផង គឺគ្រប់ទាំងប្រុសៗនៅក្នុងពួកផ្ទះគាត់ទាំងប៉ុន្មាន មកកាត់ស្បែកស្រោមចុងស្វាសទាំងអស់គ្នានៅថ្ងៃនោះឯង ដូចជាព្រះបានបង្គាប់មក
24. ឯអ័ប្រាហាំ កាលគាត់ទទួលកាត់ស្បែក នោះមានអាយុ៩៩ឆ្នាំហើយ
25. ចំណែកអ៊ីសម៉ាអែលកូនគាត់ក៏មានអាយុ១៣ឆ្នាំដែរ
26. ទាំងអ័ប្រាហាំ និងអ៊ីសម៉ាអែលជាកូន ក៏បានទទួលកាត់ស្បែកនៅថ្ងៃដដែលនោះ
27. ហើយមនុស្សប្រុសៗទាំងអស់នៅផ្ទះគាត់ គឺទាំងពួកអ្នកដែលកើតនៅផ្ទះគាត់ និងពួកអ្នកដែលបានយកប្រាក់ទិញពីពួកសាសន៍ដទៃទាំងប៉ុន្មានផង គេបានកាត់ស្បែកជាមួយនឹងគាត់ទាំងអស់គ្នា។