2. នោះអាប់រ៉ាមគាត់ទូលសួរថា ឱព្រះយេហូវ៉ាជាព្រះអម្ចាស់អើយ តើទ្រង់នឹងប្រទានអ្វីមកទូលបង្គំ ដែលទូលបង្គំចេះតែនៅដោយឥតមានកូនដូច្នេះ ហើយអ្នកដែលត្រូវធ្វើជាម្ចាស់លើផ្ទះទូលបង្គំ នោះមានតែអេលាស៊ើរជាអ្នកស្រុកដាម៉ាសនេះប៉ុណ្ណោះ
3. អាប់រ៉ាមក៏ទូលទៀតថា មើល ទ្រង់មិនបានប្រទានឲ្យទូលបង្គំមានកូនសោះ ហើយមើល បាវម្នាក់ដែលកើតនៅផ្ទះទូលបង្គំ វានឹងគ្រងមរដករបស់ទូលបង្គំហើយ
4. នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងគាត់ថា អ្នកនោះមិនត្រូវស៊ីមរដករបស់ឯងទេ គឺជាម្នាក់ដែលនឹងកើតពីឯងមកវិញទេតើ ដែលត្រូវស៊ីមរដករបស់ឯងនោះ
5. រួចទ្រង់នាំគាត់ចេញទៅក្រៅប្រាប់ថា ចូរមើលទៅលើមេឃឥឡូវ ហើយរាប់ផ្កាយចុះ បើឯងអាចនឹងរាប់ទាំងអស់បាន រួចទ្រង់មានព្រះបន្ទូលប្រាប់ថា ពូជឯងនឹងបានដូច្នោះដែរ
6. គាត់ក៏ជឿដល់ព្រះយេហូវ៉ា ហើយទ្រង់រាប់សេចក្ដីជំនឿនោះ ទុកជាសេចក្ដីសុចរិតដល់គាត់
7. នោះទ្រង់មានព្រះបន្ទូលទៅគាត់ថា អញជាព្រះយេហូវ៉ា ដែលនាំឯងចេញពីស្រុកអ៊ើររបស់សាសន៍ខាល់ដេ មកដើម្បីនឹងឲ្យស្រុកនេះដល់ឯងទុកជាកេរអាករ
8. រួចគាត់ទូលសួរថា ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់អើយ តើទូលបង្គំនឹងដឹងដោយសារអ្វីថា ទូលបង្គំនឹងបានស្រុកនេះជាកេរអាករពិត
9. នោះទ្រង់មានព្រះបន្ទូលថា ចូរយកគោញី១អាយុ៣ខួប ពពែញី១អាយុ៣ខួប ចៀមឈ្មោល១ អាយុ៣ខួប ហើយលលក១ និងព្រាបជំទើ១មកឲ្យអញ
10. គាត់ក៏យកសត្វទាំងនោះមកពុះជា២ភាគ រួចដាក់ចំហៀងប្រទល់គ្នា តែសត្វស្លាបគាត់មិនពុះទេ
11. ឯពួកសត្វហើរក៏ចុះមកលើខ្មោចនៃសត្វទាំងនោះ តែអាប់រ៉ាមដេញវាទៅ។
12. លុះដល់វេលាថ្ងៃដែលកំពុងតែលិច អាប់រ៉ាមក៏ដេកលក់យន់ទៅ នោះឃើញមានងងឹតយ៉ាងខ្លាំងគួរស្ញែងខ្លាចចុះមកគ្របលើគាត់
13. រួចទ្រង់មានព្រះបន្ទូលប្រាប់អាប់រ៉ាមថា ចូរដឹងជាប្រាកដថា ពូជឯងនឹងត្រូវទៅជាអ្នកដទៃនៅស្រុក១ដែលមិនមែនជាស្រុករបស់ផងខ្លួន ហើយត្រូវបំរើពួកស្រុកនោះ ដែលគេនឹងសង្កត់សង្កិនឯងអស់រវាង៤០០ឆ្នាំ
14. តែអញនឹងជំនុំជំរះសាសន៍ដែលឯងត្រូវបំរើនោះ រួចពីនោះមក ពូជឯងនឹងចេញមកទាំងមានទ្រព្យសម្បត្តិជាច្រើនវិញ
15. ឯឯងនឹងទៅឯពួកអយ្យកោឯងដោយសុខសាន្ត ហើយគេនឹងកប់ឯង ក្រោយដែលឯងមានអាយុវែងល្អហើយ
16. ដល់ដំណរទី៤ នោះគេនឹងវិលមកឯណេះវិញ ដ្បិតសេចក្ដីទុច្ចរិតរបស់ពួកសាសន៍អាម៉ូរីមិនទាន់ពោរពេញនៅឡើយ
17. រួចកាលថ្ងៃលិចទៅ បានងងឹតហើយ នោះឃើញមានគុកភ្លើងហុយផ្សែង និងចន្លុះដែលឆេះទៅមកនៅកណ្តាលដុំសាច់ទាំងនោះ។