3. ស្តេចទាំងនោះក៏មូលគ្នានៅវាលច្រកស៊ីឌីម គឺជាសមុទ្រអំបិល
4. គេបានចុះចូលកេដូឡោមើរអស់១២ឆ្នាំ តែដល់ឆ្នាំទី១៣ក៏នាំគ្នាបះបោរវិញ
5. លុះដល់ឆ្នាំទី១៤កេដូឡោមើរ ហើយអស់ទាំងស្តេចដែលនៅជាមួយក៏មកវាយពួករេផែម នៅត្រង់អាសថារ៉ូត-កើណែម និងពួកស៊ូស៊ីមនៅត្រង់ស្រុកហាំ ពួកអេមីម នៅត្រង់វាលគារយ៉ាថែម
6. ហើយពួកហូរីនៅក្នុងភ្នំសៀរ ជាស្រុករបស់ខ្លួន រហូតទៅដល់អែល-ប៉ារ៉ាន ដែលនៅខាងទីរហោស្ថាន
7. រួចគេវិលមកឯអេន-មីសផាត គឺជាកាដេស ក៏វាយស្រុកអាម៉ាលេកទាំងអស់ និងពួកអាម៉ូរីដែលនៅហាសាសូន-តាម៉ារដែរ។
8. ស្តេចក្រុងសូដុំម ស្តេចក្រុងកូម៉ូរ៉ា ស្តេចក្រុងអាត់ម៉ា ស្តេចក្រុងសេបោម និងស្តេចក្រុងបេឡា គឺជាសូអារ ក៏នាំគ្នាចេញទៅដំរៀបទ័ពច្បាំងនឹងពួកទាំងនោះ នៅត្រង់វាលច្រកស៊ីឌីម
9. គឺច្បាំងនឹងកេដូឡោមើរជាស្តេចអេឡាំ ធីដាលជាស្តេចកូយីម អាំរ៉ាផែលជាស្តេចស៊ីណើរ និងអើយ៉ុកជាស្តេចអេឡាសារ មានស្តេច៤អង្គច្បាំងនឹងស្តេច៥អង្គ
10. ឯវាលច្រកស៊ីឌីម នោះមានសុទ្ធតែអណ្តូងជ័រ ហើយស្តេចក្រុងសូដុំម និងស្តេចក្រុងកូម៉ូរ៉ាគេរត់ទៅ ក៏ដួលនៅទីនោះ ឯអស់អ្នកដែលនៅសល់ គេរត់ទៅឯភ្នំ
11. រួចស្តេចទាំងនោះក៏យកទ្រព្យសម្បត្តិនៃក្រុងសូដុំម និងក្រុងកូម៉ូរ៉ាទាំងអស់ ព្រមទាំងស្បៀងអាហារទាំងប៉ុន្មានចេញបាត់ទៅ
12. ក៏ចាប់ឡុត ជាក្មួយអាប់រ៉ាម ដែលនៅក្រុងសូដុំម និងទ្រព្យសម្បត្តិរបស់គាត់ នាំទៅជាមួយដែរ។
13. មានមនុស្សម្នាក់ដែលបានរត់រួចពីចំបាំង គាត់ទៅជំរាបដល់អាប់រ៉ាមជាសាសន៍ហេព្រើរ ដែលនៅត្រង់ដើមម៉ៃសាក់របស់ម៉ាមរេ ជាសាសន៍អាម៉ូរី ដែលជាបងអែសកុល ហើយនឹងអាន់នើរដែលបានចងមិត្រមេត្រីនឹងអាប់រ៉ាម
14. កាលអាប់រ៉ាមបានឮថា គេចាប់ក្មួយខ្លួនទៅជាឈ្លើយដូច្នោះ នោះគាត់នាំពួកបំរើទាំងប៉ុន្មានដែលកើតក្នុងផ្ទះគាត់ សុទ្ធតែជាមនុស្សថ្នឹកសង្គ្រាម មានចំនួន៣១៨នាក់ លើកគ្នាចេញទៅដេញតាមគេរហូតដល់ដាន់
15. គាត់ចែកពួកបាវឲ្យទៅទាស់នឹងគេទាំងយប់ ក៏វាយគេហើយដេញតាមរហូតហូបា ដែលនៅជាខាងឆ្វេងនៃក្រុងដាម៉ាស
16. រួចនាំអស់ទាំងទ្រព្យសម្បត្តិវិលមកវិញ ព្រមទាំងឡុតជាក្មួយ និងទ្រព្យសម្បត្តិរបស់គាត់ដែរ ទាំងពួកស្ត្រី និងមនុស្សទាំងអស់ផង។