12. ក៏ចាប់ឡុត ជាក្មួយអាប់រ៉ាម ដែលនៅក្រុងសូដុំម និងទ្រព្យសម្បត្តិរបស់គាត់ នាំទៅជាមួយដែរ។
13. មានមនុស្សម្នាក់ដែលបានរត់រួចពីចំបាំង គាត់ទៅជំរាបដល់អាប់រ៉ាមជាសាសន៍ហេព្រើរ ដែលនៅត្រង់ដើមម៉ៃសាក់របស់ម៉ាមរេ ជាសាសន៍អាម៉ូរី ដែលជាបងអែសកុល ហើយនឹងអាន់នើរដែលបានចងមិត្រមេត្រីនឹងអាប់រ៉ាម
14. កាលអាប់រ៉ាមបានឮថា គេចាប់ក្មួយខ្លួនទៅជាឈ្លើយដូច្នោះ នោះគាត់នាំពួកបំរើទាំងប៉ុន្មានដែលកើតក្នុងផ្ទះគាត់ សុទ្ធតែជាមនុស្សថ្នឹកសង្គ្រាម មានចំនួន៣១៨នាក់ លើកគ្នាចេញទៅដេញតាមគេរហូតដល់ដាន់
15. គាត់ចែកពួកបាវឲ្យទៅទាស់នឹងគេទាំងយប់ ក៏វាយគេហើយដេញតាមរហូតហូបា ដែលនៅជាខាងឆ្វេងនៃក្រុងដាម៉ាស
16. រួចនាំអស់ទាំងទ្រព្យសម្បត្តិវិលមកវិញ ព្រមទាំងឡុតជាក្មួយ និងទ្រព្យសម្បត្តិរបស់គាត់ដែរ ទាំងពួកស្ត្រី និងមនុស្សទាំងអស់ផង។
17. កាលគាត់បានត្រឡប់មកពីវាយកេដូឡោមើរ និងពួកស្តេចដែលនៅជាមួយនឹងទ្រង់វិញហើយ នោះស្តេចក្រុងសូដុំមក៏ចេញមកទទួលគាត់ នៅត្រង់វាលច្រកភ្នំសាវេ គឺជាច្រកភ្នំនៃស្តេច
18. ហើយម៉ិលគីស្សាដែកជាស្តេចក្រុងសាឡិម ក៏នាំយកនំបុ័ង និងស្រាទំពាំងបាយជូរមកពី ព្រោះទ្រង់ជាសង្ឃរបស់ព្រះដ៏ខ្ពស់បំផុត
19. ទ្រង់ប្រទានពរដល់គាត់ថា សូមឲ្យអាប់រ៉ាមបានពរពីព្រះដ៏ខ្ពស់បំផុត ជាម្ចាស់នៃស្ថានសួគ៌ និងផែនដី
20. ហើយសូមព្រះដ៏ខ្ពស់បំផុតបានប្រកបដោយព្រះពរ ជាព្រះដែលបានប្រគល់ខ្មាំងសត្រូវ មកក្នុងកណ្តាប់ដៃឯង រួចគាត់ក៏ថ្វាយ១ភាគក្នុង១០ ពីគ្រប់របស់ទាំងអស់ដល់ទ្រង់។
21. ឯស្តេចក្រុងសូដុំមក៏មានព្រះបន្ទូលនឹងអាប់រ៉ាមថា ចូរឲ្យតែមនុស្សមកខ្ញុំបានហើយ ឯរបស់ទ្រព្យទាំងប៉ុន្មាន ចូរយកទុកជារបស់ផងអ្នកចុះ
22. តែអាប់រ៉ាមគាត់ទូលទៅស្តេចសូដុំមថា ទូលបង្គំបានលើកដៃស្បថចំពោះព្រះយេហូវ៉ាជាព្រះដ៏ខ្ពស់បំផុត ជាម្ចាស់នៃស្ថានសួគ៌ និងផែនដីថា
23. ទូលបង្គំនឹងមិនយកអ្វីសោះ សូម្បីតែចេស១សរសៃ ឬខ្សែស្បែកជើង១ ឬអ្វីៗរបស់ទ្រង់ឡើយ ខ្លាចក្រែងទ្រង់មានព្រះបន្ទូលថា អញបានធ្វើឲ្យអាប់រ៉ាមទៅជាអ្នកមាន
24. សូមយកតែរបស់ណាដែលពួកបាវបំរើបានទទួលទានទៅហើយប៉ុណ្ណោះ ឯចំណែកពួកមនុស្សដែលបានចេញទៅជាមួយនឹងទូលបង្គំនេះ គឺអាន់នើរ អែសកុល និងម៉ាមរេ នោះឲ្យគេយកចំណែករបស់គេចុះ។