13. រីឯពួកក្រុងសូដុំម គេជាមនុស្សអាក្រក់ ធ្វើបាបនឹងព្រះយេហូវ៉ាយ៉ាងសន្ធឹក។
14. គ្រាក្រោយដែលឡុតបានឃ្លាតចេញទៅ នោះព្រះយេហូវ៉ាមានព្រះបន្ទូលនឹងអាប់រ៉ាមថា ចូរឯងងើបភ្នែកឡើងឥឡូវ ហើយមើលពីកន្លែងឯងនោះ ទៅខាងជើង ខាងត្បូង ខាងកើត ហើយខាងលិចចុះ
15. ដ្បិតស្រុកទាំងប៉ុន្មានដែលឯងមើលឃើញ នោះអញនឹងឲ្យដល់ឯង និងពូជឯងជាដរាបតទៅ
16. អញនឹងធ្វើឲ្យពូជឯងបានចំរើនឡើងដូចជាធូលីដី បានជាបើអ្នកណាអាចនឹងរាប់ធូលីដីបាន នោះនឹងរាប់ពូជឯងបានដែរ
17. ចូរឯងក្រោក ហើយដើរចុះឡើងក្នុងស្រុកនេះ តាមបណ្តោយ និងទទឹងចុះ ដ្បិតអញនឹងឲ្យដល់ឯងហើយ
18. អាប់រ៉ាមក៏រើត្រសាលទៅនៅក្បែរដើមម៉ៃសាក់របស់ម៉ាមរេ ដែលនៅត្រង់ហេប្រុនវិញ ហើយគាត់ស្អាងអាសនា១ថ្វាយព្រះយេហូវ៉ានៅទីនោះ។