7. ព្រះយេហូវ៉ាទ្រង់លេចមកឲ្យអាប់រ៉ាមឃើញ ហើយមានព្រះបន្ទូលថា អញនឹងឲ្យស្រុកនេះដល់ពូជឯង រួចនៅទីនោះគាត់ក៏ស្អាងអាសនា១ថ្វាយព្រះយេហូវ៉ា ដែលទ្រង់លេចមកឲ្យឃើញនោះ
8. គាត់ចេញពីទីនោះទៅឯភ្នំនៅខាងកើតបេត-អែល ក៏ដំឡើងត្រសាលនៅឯណោះ មានបេត-អែលនៅជាខាងលិច និងអៃយនៅខាងកើត ហើយស្អាងអាសនា១ថ្វាយព្រះយេហូវ៉ានៅទីនោះដែរ រួចអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា
9. អាប់រ៉ាមក៏ចេះតែដើរដំណើរទៅឯត្បូងទៀត។
10. នៅស្រុកនោះកើតមានអំណត់អត់ ហើយអាប់រ៉ាមចុះទៅសំណាក់នៅឯស្រុកអេស៊ីព្ទវិញ ដ្បិតអំណត់នៅស្រុកកាណានបានខ្លាំងណាស់
11. កាលគាត់ជិតចូលទៅក្នុងស្រុកអេស៊ីព្ទហើយ នោះគាត់និយាយទៅសារ៉ាយជាប្រពន្ធថា មើល អញដឹងថាឯងជាស្ត្រីមានរូបស្រស់ល្អ
12. កាលណាពួកសាសន៍អេស៊ីព្ទឃើញឯង នោះក្រែងគេនឹងនិយាយពីឯងថាជាប្រពន្ធអញ រួចគេនឹងសំឡាប់អញទៅ ហើយទុកឯងឲ្យរស់នៅវិញ
13. ដូច្នេះ ចូរឯងប្រាប់គេថា ឯងជាប្អូនអញទេ ដើម្បីឲ្យគេបានប្រព្រឹត្តល្អនឹងអញដោយព្រោះឯង ហើយឲ្យអញមានជីវិតរស់នៅដោយសារឯងផង។
14. កាលអាប់រ៉ាមបានចូលទៅក្នុងស្រុកអេស៊ីព្ទហើយ នោះពួកសាសន៍អេស៊ីព្ទឃើញថា ប្រពន្ធគាត់មានរូបស្រស់ល្អមែន
15. ចំណែកពួកនាម៉ឺនរបស់ផារ៉ោនក៏ឃើញនាងដែរ ហើយគេសរសើរនាងនៅចំពោះទ្រង់ រួចនាំទៅនៅឯព្រះរាជដំណាក់ទៅ
16. ទ្រង់ក៏ប្រព្រឹត្តល្អនឹងអាប់រ៉ាមដោយព្រោះនាង ហើយគាត់បានហ្វូងចៀម ហ្វូងគោ និងលាឈ្មោល លាញី ហើយនឹងអូដ្ឋ ព្រមទាំងបាវប្រុសបាវស្រីផង