24. ក៏នាំពួកកូនអើរ៉ុនមក លាបឈាមនៅទងត្រចៀកស្តាំ មេដៃស្តាំ និងមេជើងស្តាំដែរ ហើយប្រោះឈាមនៅជុំវិញលើអាសនា
25. រួចលោកយកខ្លាញ់កន្ទុយ និងខ្លាញ់ទាំងអស់ដែលរុំអាការៈខាងក្នុង និងស្រទាប់ថ្លើម អង្គញ់ទាំង២ និងខ្លាញ់របស់អង្គញ់នោះហើយនឹងស្មាខាងស្តាំមក
26. រួចយកនំឥតដំបែ១ នំបុ័ងលាបដោយប្រេង១ និងនំក្រៀប១ ចេញពីកញ្ច្រែងនំបុ័ងឥតដំបែដែលនៅចំពោះព្រះយេហូវ៉ា ទៅដាក់លើខ្លាញ់ ហើយនឹងស្មាស្តាំនោះ
27. លោកដាក់ទាំងអស់នៅបាតដៃអើរ៉ុន ហើយនៅបាតដៃរបស់ពួកកូន ឲ្យគ្រវីរបស់ទាំងនោះ ទុកជាដង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា
28. បន្ទាប់មក លោកយកពីដៃអ្នកទាំងនោះទៅដុតលើដង្វាយដែលនៅលើអាសនា នេះហើយជាដង្វាយសំរាប់ពិធីតាំងជាសង្ឃទុកជាក្លិនឈ្ងុយ គឺជាដង្វាយដុតថ្វាយដល់ព្រះយេហូវ៉ា
29. ម៉ូសេក៏យកទ្រូងទៅគ្រវីទុកជាដង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា នេះហើយជាចំណែករបស់ម៉ូសេក្នុងចៀមឈ្មោលដែលសំរាប់ពិធីតាំងជាសង្ឃ ដូចជាព្រះយេហូវ៉ាបានបង្គាប់មក
30. រួចម៉ូសេក៏យកប្រេងលាប និងឈាមខ្លះដែលនៅលើអាសនាទៅប្រោះលើអើរ៉ុន លើសំលៀកបំពាក់របស់លោក ព្រមទាំងលើពួកកូនលោក និងសំលៀកបំពាក់របស់ពួកកូននោះផង ហើយញែកអើរ៉ុន និងសំលៀកបំពាក់លោក ព្រមទាំងពួកកូនលោក និងសំលៀកបំពាក់របស់គេចេញជាបរិសុទ្ធទាំងអស់។
31. ម៉ូសេក៏បង្គាប់អើរ៉ុន និងពួកកូនលោកថា ចូរស្ងោរសាច់នៅត្រង់មាត់ទ្វារត្រសាលជំនុំ រួចបរិភោគនៅទីនោះចុះ ព្រមទាំងនំបុ័ងដែលនៅក្នុងកញ្ច្រែងនៃពិធីតាំងជាសង្ឃផង ដូចជាខ្ញុំបានទទួលបង្គាប់ហើយថា ត្រូវឲ្យអើរ៉ុន និងពួកកូនលោកបរិភោគរបស់ទាំងនោះ
32. ឯសាច់ និងនំបុ័ងដែលសល់នៅ នោះត្រូវដុតនឹងភ្លើងទៅ
33. ហើយមិនត្រូវឲ្យអ្នករាល់គ្នាចេញពីត្រសាលជំនុំនៅអស់៧ថ្ងៃ ដរាបដល់អស់ទាំងថ្ងៃ ដែលតាំងអ្នករាល់គ្នាឡើងជាសង្ឃបានសំរេច ដ្បិតត្រូវធ្វើពិធីតាំងអ្នករាល់គ្នាជាសង្ឃឲ្យគ្រប់៧ថ្ងៃ
34. ព្រះយេហូវ៉ាទ្រង់បានបង្គាប់ឲ្យធ្វើ ដូចជាបានធ្វើហើយនៅថ្ងៃនេះ ដើម្បីឲ្យធួននឹងអ្នករាល់គ្នា
35. ត្រូវឲ្យអ្នករាល់គ្នានៅត្រង់មាត់ទ្វារត្រសាលជំនុំគ្រប់៧យប់៧ថ្ងៃ ទាំងរក្សាបញ្ញើរបស់ព្រះយេហូវ៉ា ដើម្បីកុំឲ្យត្រូវស្លាប់ឡើយ ដ្បិតខ្ញុំបានទទួលបង្គាប់មកយ៉ាងដូច្នេះហើយ
36. នោះអើរ៉ុន និងពួកកូនលោកក៏ធ្វើសំរេចគ្រប់ការទាំងអស់ តាមដែលព្រះយេហូវ៉ាបានបង្គាប់មកដោយសារម៉ូសេ។