លេវីវិន័យ 8:23-36 ព្រះគម្ពីរបរិសុទ្ធ (KHOV)

23. នោះ​ម៉ូសេ​យក​ឈាម​ទៅ​លាប​នៅ​ទង​ត្រចៀក​ស្តាំ មេ​ដៃ​ស្តាំ និង​មេ​ជើង​ស្តាំ​របស់​អើរ៉ុន

24. ក៏​នាំ​ពួក​កូន​អើរ៉ុន​មក លាប​ឈាម​នៅ​ទង​ត្រចៀក​ស្តាំ មេ​ដៃ​ស្តាំ និង​មេ​ជើង​ស្តាំ​ដែរ ហើយ​ប្រោះ​ឈាម​នៅ​ជុំវិញ​លើ​អាសនា

25. រួច​លោក​យក​ខ្លាញ់​កន្ទុយ និង​ខ្លាញ់​ទាំង​អស់​ដែល​រុំ​អាការៈ​ខាង​ក្នុង និង​ស្រទាប់​ថ្លើម អង្គញ់​ទាំង​២ និង​ខ្លាញ់​របស់​អង្គញ់​នោះ​ហើយ​នឹង​ស្មា​ខាង​ស្តាំ​មក

26. រួច​យក​នំ​ឥត​ដំបែ​១ នំបុ័ង​លាប​ដោយ​ប្រេង​១ និង​នំ​ក្រៀប​១ ចេញ​ពី​កញ្ច្រែង​នំបុ័ង​ឥត​ដំបែ​ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទៅ​ដាក់​លើ​ខ្លាញ់ ហើយ​នឹង​ស្មា​ស្តាំ​នោះ

27. លោក​ដាក់​ទាំង​អស់​នៅ​បាត​ដៃ​អើរ៉ុន ហើយ​នៅ​បាត​ដៃ​របស់​ពួក​កូន ឲ្យ​គ្រវី​របស់​ទាំង​នោះ ទុក​ជា​ដង្វាយ​គ្រវី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

28. បន្ទាប់​មក លោក​យក​ពី​ដៃ​អ្នក​ទាំង​នោះ​ទៅ​ដុត​លើ​ដង្វាយ​ដែល​នៅ​លើ​អាសនា នេះ​ហើយ​ជា​ដង្វាយ​សំរាប់​ពិធី​តាំង​ជា​សង្ឃ​ទុក​ជា​ក្លិន​ឈ្ងុយ គឺ​ជា​ដង្វាយ​ដុត​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា

29. ម៉ូសេ​ក៏​យក​ទ្រូង​ទៅ​គ្រវី​ទុក​ជា​ដង្វាយ​គ្រវី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នេះ​ហើយ​ជា​ចំណែក​របស់​ម៉ូសេ​ក្នុង​ចៀម​ឈ្មោល​ដែល​សំរាប់​ពិធី​តាំង​ជា​សង្ឃ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក

30. រួច​ម៉ូសេ​ក៏​យក​ប្រេង​លាប និង​ឈាម​ខ្លះ​ដែល​នៅ​លើ​អាសនា​ទៅ​ប្រោះ​លើ​អើរ៉ុន លើ​សំលៀក‌បំពាក់​របស់​លោក ព្រម​ទាំង​លើ​ពួក​កូន​លោក និង​សំលៀក‌បំពាក់​របស់​ពួក​កូន​នោះ​ផង ហើយ​ញែក​អើរ៉ុន និង​សំលៀក‌បំពាក់​លោក ព្រម​ទាំង​ពួក​កូន​លោក និង​សំលៀក‌បំពាក់​របស់​គេ​ចេញ​ជា​បរិសុទ្ធ​ទាំង​អស់។

31. ម៉ូសេ​ក៏​បង្គាប់​អើរ៉ុន និង​ពួក​កូន​លោក​ថា ចូរ​ស្ងោរ​សាច់​នៅ​ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ រួច​បរិភោគ​នៅ​ទី​នោះ​ចុះ ព្រម​ទាំង​នំបុ័ង​ដែល​នៅ​ក្នុង​កញ្ច្រែង​នៃ​ពិធី​តាំង​ជា​សង្ឃ​ផង ដូច​ជា​ខ្ញុំ​បាន​ទទួល​បង្គាប់​ហើយ​ថា ត្រូវ​ឲ្យ​អើរ៉ុន និង​ពួក​កូន​លោក​បរិភោគ​របស់​ទាំង​នោះ

32. ឯ​សាច់ និង​នំបុ័ង​ដែល​សល់​នៅ នោះ​ត្រូវ​ដុត​នឹង​ភ្លើង​ទៅ

33. ហើយ​មិន​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ចេញ​ពី​ត្រសាល​ជំនុំ​នៅ​អស់​៧​ថ្ងៃ ដរាប​ដល់​អស់​ទាំង​ថ្ងៃ ដែល​តាំង​អ្នក​រាល់​គ្នា​ឡើង​ជា​សង្ឃ​បាន​សំរេច ដ្បិត​ត្រូវ​ធ្វើ​ពិធី​តាំង​អ្នក​រាល់​គ្នា​ជា​សង្ឃ​ឲ្យ​គ្រប់​៧​ថ្ងៃ

34. ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​ឲ្យ​ធ្វើ ដូច​ជា​បាន​ធ្វើ​ហើយ​នៅ​ថ្ងៃ​នេះ ដើម្បី​ឲ្យ​ធួន​នឹង​អ្នក​រាល់​គ្នា

35. ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ​គ្រប់​៧​យប់​៧​ថ្ងៃ ទាំង​រក្សា​បញ្ញើ​របស់​ព្រះ‌យេហូវ៉ា ដើម្បី​កុំ​ឲ្យ​ត្រូវ​ស្លាប់​ឡើយ ដ្បិត​ខ្ញុំ​បាន​ទទួល​បង្គាប់​មក​យ៉ាង​ដូច្នេះ​ហើយ

36. នោះ​អើរ៉ុន និង​ពួក​កូន​លោក​ក៏​ធ្វើ​សំរេច​គ្រប់​ការ​ទាំង​អស់ តាម​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ដោយ‌សារ​ម៉ូសេ។

លេវីវិន័យ 8