17. តែតួគោនោះ និងស្បែក សាច់ ហើយនឹងលាមក លោកដុតនឹងភ្លើង នៅខាងក្រៅទីដំឡើងត្រសាលវិញ ដូចជាព្រះយេហូវ៉ាបានបង្គាប់មក។
18. លោកក៏នាំយកចៀមឈ្មោល ដែលសំរាប់ជាដង្វាយដុតមក ហើយអើរ៉ុន និងពួកកូនទាំងប៉ុន្មានក៏ដាក់ដៃលើក្បាលចៀមនោះ រួចសំឡាប់ទៅ
19. នោះម៉ូសេក៏យកឈាមទៅប្រោះនៅជុំវិញលើអាសនា
20. រួចកាប់ចៀមនោះជាដុំៗ ក៏ដុតក្បាល និងដុំទាំងប៉ុន្មាន ព្រមទាំងខ្លាញ់ផង
21. លោកយកទឹកមកលាងអាការៈខាងក្នុង និងជើងទាំងប៉ុន្មាន ហើយដុតចៀមនោះទាំងអស់នៅលើអាសនា នេះហើយជាដង្វាយដុតសំរាប់ជាក្លិនឈ្ងុយ គឺជាដង្វាយដុតថ្វាយព្រះយេហូវ៉ា ដូចជាព្រះយេហូវ៉ាបានបង្គាប់មក។