5. រួចត្រូវឲ្យសង្ឃដុតថ្វាយនៅលើអាសនា ទុកជាដង្វាយដុតថ្វាយដល់ព្រះយេហូវ៉ា នេះហើយជាដង្វាយសំរាប់ថ្វាយ ដោយព្រោះការរំលង
6. អស់ទាំងប្រុសៗក្នុងពួកសង្ឃ ត្រូវបរិភោគដង្វាយនោះ នៅត្រង់កន្លែងបរិសុទ្ធ នេះហើយជារបស់បរិសុទ្ធបំផុត
7. ឯដង្វាយដែលថ្វាយដោយព្រោះការរំលងនេះ ក៏ដូចជាដង្វាយលោះបាបដែរ មានរបៀបតែ១ សំរាប់ដង្វាយទាំង២យ៉ាង ឯសង្ឃណាដែលជាអ្នកថ្វាយឲ្យធួននឹងបាប សង្ឃនោះត្រូវបានដង្វាយនោះឯង។
8. ហើយសង្ឃណាដែលថ្វាយដង្វាយដុតរបស់អ្នកណា សង្ឃនោះឯងត្រូវបានស្បែករបស់សត្វដែលខ្លួនបានដុតថ្វាយ ទុកជារបស់ផងខ្លួន
9. ឯអស់ទាំងដង្វាយម្សៅទាំងប៉ុន្មាន ដែលចំអិននៅក្នុងឡ ចៀននឹងខ្ទះ ឬដុតក្នុងពុម្ព នោះនឹងត្រូវបានចំពោះសង្ឃដែលជាអ្នកថ្វាយ
10. តែគ្រប់ទាំងដង្វាយម្សៅលាយនឹងប្រេងឬទទេ នោះត្រូវបានជារបស់ផងពួកកូនអើរ៉ុនគ្រប់គ្នាវិញ។
11. នេះជារបៀបយញ្ញបូជា ដែលសំរាប់ជាដង្វាយមេត្រី ថ្វាយព្រះយេហូវ៉ា
12. បើអ្នកណាថ្វាយដង្វាយដោយអរព្រះគុណ នោះត្រូវយកនំឥតដំបែ លាយដោយប្រេង ហើយនំក្រៀបឥតដំបែ លាយដោយប្រេង និងនំចៀន ធ្វើពីម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង មកថ្វាយជាមួយនឹងយញ្ញបូជា ដែលថ្វាយដោយអរព្រះគុណនោះ
13. ហើយត្រូវយកនំបុ័ងមានដំបែមក ថែមនឹងនំទាំងនោះសំរាប់ជាដង្វាយរបស់ខ្លួន ត្រូវថ្វាយទាំងអស់ជាមួយនឹងយញ្ញបូជានៃដង្វាយមេត្រី ដែលថ្វាយទុកជាសេចក្ដីអរព្រះគុណ
14. ត្រូវយកនំ១ ពីរាល់តែដង្វាយយ៉ាងនោះ សំរាប់ជាដង្វាយលើកចុះឡើង ថ្វាយព្រះយេហូវ៉ា នំនោះត្រូវបានជារបស់ផងសង្ឃណា ដែលប្រោះឈាមដង្វាយមេត្រី
15. ឯសាច់នៃយញ្ញបូជារបស់ដង្វាយមេត្រី ដែលសំរាប់ជាសេចក្ដីអរព្រះគុណ នោះត្រូវបរិភោគក្នុងថ្ងៃដែលបានថ្វាយនោះឯង មិនត្រូវទុកឲ្យដល់ភ្លឺឡើយ
16. តែបើយញ្ញបូជានោះជាដង្វាយលាបំណន់ ឬជាដង្វាយស្ម័គ្រពីចិត្តវិញ នោះត្រូវបរិភោគក្នុងថ្ងៃដែលថ្វាយនោះឯង ហើយដល់ស្អែក ក៏នឹងបរិភោគអ្វីដែលនៅសល់បានដែរ
17. ឯរបស់អ្វីដែលសល់ពីសាច់នៃយញ្ញបូជាក្នុងថ្ងៃទី៣ នោះត្រូវដុតនឹងភ្លើងទៅ
18. បើអ្នកណាបរិភោគសាច់នៃយញ្ញបូជាជាដង្វាយមេត្រីរបស់ខ្លួនក្នុងថ្ងៃទី៣ យញ្ញបូជានោះឈ្មោះថា ព្រះមិនបានទទួលទេ គឺទុកដូចជាមិនបានថ្វាយវិញ ដង្វាយនោះនឹងត្រឡប់ទៅជារបស់គួរស្អប់ខ្ពើម ឯអស់អ្នកណាដែលបរិភោគ នោះក៏នឹងត្រូវមានទោសដែរ។
19. ឯសាច់ណាដែលប៉ះពាល់នឹងរបស់អ្វីមិនស្អាត នោះមិនត្រូវបរិភោគឡើយ ត្រូវតែដុតនឹងភ្លើងវិញ តែសាច់ណាដែលស្អាត នោះអ្នកដែលបរិសុទ្ធនឹងបរិភោគបាន