លេវីវិន័យ 7:18-35 ព្រះគម្ពីរបរិសុទ្ធ (KHOV)

18. បើ​អ្នក​ណា​បរិភោគ​សាច់​នៃ​យញ្ញ‌បូជា​ជា​ដង្វាយ​មេត្រី​របស់​ខ្លួន​ក្នុង​ថ្ងៃ​ទី​៣ យញ្ញ‌បូជា​នោះ​ឈ្មោះ​ថា ព្រះ​មិន​បាន​ទទួល​ទេ គឺ​ទុក​ដូច​ជា​មិន​បាន​ថ្វាយ​វិញ ដង្វាយ​នោះ​នឹង​ត្រឡប់​ទៅ​ជា​របស់​គួរ​ស្អប់​ខ្ពើម ឯ​អស់​អ្នក​ណា​ដែល​បរិភោគ នោះ​ក៏​នឹង​ត្រូវ​មាន​ទោស​ដែរ។

19. ឯ​សាច់​ណា​ដែល​ប៉ះ​ពាល់​នឹង​របស់​អ្វី​មិន​ស្អាត នោះ​មិន​ត្រូវ​បរិភោគ​ឡើយ ត្រូវ​តែ​ដុត​នឹង​ភ្លើង​វិញ តែ​សាច់​ណា​ដែល​ស្អាត នោះ​អ្នក​ដែល​បរិសុទ្ធ​នឹង​បរិភោគ​បាន

20. បើ​អ្នក​ណា​ដែល​ជាប់​មាន​សេចក្ដី​សៅ‌ហ្មង​នៅ​ខ្លួន បាន​បរិភោគ​សាច់​នៃ​យញ្ញ‌បូជា ជា​ដង្វាយ​មេត្រី​ដែល​ជា​របស់​ផង​ព្រះ‌យេហូវ៉ា នោះ​នឹង​ត្រូវ​កាត់‌កាល់​ចេញ​ពី​សាសន៍​ខ្លួន

21. ហើយ​បើ​អ្នក​ណា​ប៉ះពាល់​នឹង​របស់​មិន​ស្អាត​អ្វី​ក៏​ដោយ ទោះ​បើ​ជា​សេចក្ដី​ស្មោក‌គ្រោក​របស់​មនុស្ស ឬ​របស់​សត្វ​ដែល​មិន​ស្អាត ឬ​របស់​ស្មោក‌គ្រោក​ណា​មួយ​ដែល​គួរ​ខ្ពើម​ឆ្អើម រួច​នឹង​បរិភោគ​សាច់​នៃ​យញ្ញ‌បូជា​ដង្វាយ​មេត្រី​របស់​ផង​ព្រះ‌យេហូវ៉ា អ្នក​នោះ​នឹង​ត្រូវ​កាត់‌កាល់​ចេញ​ពី​សាសន៍​របស់​ខ្លួន។

22. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ

23. ឲ្យ​ហាម​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា កុំ​ឲ្យ​ឯង​រាល់​គ្នា​បរិភោគ​ខ្លាញ់​គោ ខ្លាញ់​ចៀម ឬ​ខ្លាញ់​ពពែ​ឡើយ

24. ឯ​ខ្លាញ់​សត្វ​ណា​ដែល​ស្លាប់​ឯង ឬ​ត្រូវ​សត្វ​ព្រៃ​ហែក‌ហួរ នោះ​នឹង​ប្រើ​ធ្វើ​ការ​អ្វី​ផ្សេង​ក៏​បាន តែ​មិន​ត្រូវ​ឲ្យ​បរិភោគ​ឡើយ

25. ដ្បិត​អ្នក​ណា​ដែល​បរិភោគ​ខ្លាញ់​របស់​សត្វ ជា​សត្វ​ដែល​មនុស្ស​តែង​ធ្លាប់​យក​មក​ថ្វាយ ជា​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា អ្នក​នោះ​នឹង​ត្រូវ​កាត់‌កាល់​ចេញ​ពី​សាសន៍​របស់​ខ្លួន

26. ហើយ​មិន​ត្រូវ​បរិភោគ​ឈាម​យ៉ាង​ណា​នៅ​ក្នុង​ទី​លំនៅ​របស់​ឯង​រាល់​គ្នា​ណា​មួយ​ឡើយ ទោះ​ទាំង​ឈាម​របស់​សត្វ​ហើរ ឬ​ឈាម​នៃ​សត្វ​ជើង​៤​ក្តី

27. អ្នក​ណា​ដែល​បរិភោគ​ឈាម​អ្វី​ក៏​ដោយ អ្នក​នោះ​នឹង​ត្រូវ​កាត់‌កាល់​ចេញ​ពី​សាសន៍​របស់​ខ្លួន។

28. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ

29. ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា អ្នក​ណា​ដែល​ថ្វាយ​យញ្ញ‌បូជា ជា​ដង្វាយ​មេត្រី​របស់​ខ្លួន ដល់​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​យក​១​ផ្នែក ពី​យញ្ញ‌បូជា​នោះ មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា

30. ដៃ​អ្នក​នោះ​ឯង ត្រូវ​យក​ដង្វាយ​ដែល​សំរាប់​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា​មក គឺ​ត្រូវ​យក​ខ្លាញ់​ជា​មួយ​នឹង​ទ្រូង​មក ដើម្បី​ឲ្យ​បាន​គ្រវី​ទ្រូង​នោះ​ទុក​ជា​ដង្វាយ​គ្រវី នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

31. រួច​ត្រូវ​សង្ឃ​ដុត​ខ្លាញ់​នៅ​លើ​អាសនា តែ​ឯ​ទ្រូង​នោះ ត្រូវ​ជា​របស់​ផង​អើរ៉ុន និង​ពួក​កូន​លោក

32. ឯ​ស្មា​ស្តាំ​នៃ​អស់​ទាំង​យញ្ញ‌បូជា ដែល​ឯង​រាល់​គ្នា​ថ្វាយ​ជា​ដង្វាយ​មេត្រី នោះ​ត្រូវ​ប្រគល់​ដល់​សង្ឃ​ទុក​ជា​ដង្វាយ​លើក​ចុះ​ឡើង

33. អ្នក​ណា​ក្នុង​ពួក​កូន​អើរ៉ុន​ដែល​ថ្វាយ​ឈាម​ហើយ​នឹង​ខ្លាញ់​នៃ​ដង្វាយ​មេត្រី នោះ​ត្រូវ​បាន​ស្មា​ស្តាំ​ជា​ចំណែក​ដល់​ខ្លួន

34. ដ្បិត​អញ​បាន​ញែក​ទ្រូង​ដែល​គ្រវី និង​ស្មា​ដែល​លើក​ចុះ​ឡើង​នោះ​ចេញ​ពី​យញ្ញ‌បូជា ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថ្វាយ​ដង្វាយ​មេត្រី ប្រគល់​ឲ្យ​ដល់​អើរ៉ុន​ដ៏​ជា​សង្ឃ និង​ពួក​កូន​លោក​ទុក​ជា​ចំណែក​ដល់​គេ​ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​អស់‌កល្ប‌ជានិច្ច​ហើយ

35. នេះ​ហើយ​ជា​ចំណែក​របស់​អើរ៉ុន និង​ជា​ចំណែក​របស់​ពួក​កូន​លោក ពី​អស់​ទាំង​ដង្វាយ​ដែល​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា ចាប់​តាំង​ពី​ថ្ងៃ​ដែល​បាន​តាំង​គេ​ឲ្យ​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ថ្វាយ​ព្រះ‌យេហូវ៉ា​ត​ទៅ

លេវីវិន័យ 7