16. តែបើយញ្ញបូជានោះជាដង្វាយលាបំណន់ ឬជាដង្វាយស្ម័គ្រពីចិត្តវិញ នោះត្រូវបរិភោគក្នុងថ្ងៃដែលថ្វាយនោះឯង ហើយដល់ស្អែក ក៏នឹងបរិភោគអ្វីដែលនៅសល់បានដែរ
17. ឯរបស់អ្វីដែលសល់ពីសាច់នៃយញ្ញបូជាក្នុងថ្ងៃទី៣ នោះត្រូវដុតនឹងភ្លើងទៅ
18. បើអ្នកណាបរិភោគសាច់នៃយញ្ញបូជាជាដង្វាយមេត្រីរបស់ខ្លួនក្នុងថ្ងៃទី៣ យញ្ញបូជានោះឈ្មោះថា ព្រះមិនបានទទួលទេ គឺទុកដូចជាមិនបានថ្វាយវិញ ដង្វាយនោះនឹងត្រឡប់ទៅជារបស់គួរស្អប់ខ្ពើម ឯអស់អ្នកណាដែលបរិភោគ នោះក៏នឹងត្រូវមានទោសដែរ។
19. ឯសាច់ណាដែលប៉ះពាល់នឹងរបស់អ្វីមិនស្អាត នោះមិនត្រូវបរិភោគឡើយ ត្រូវតែដុតនឹងភ្លើងវិញ តែសាច់ណាដែលស្អាត នោះអ្នកដែលបរិសុទ្ធនឹងបរិភោគបាន
20. បើអ្នកណាដែលជាប់មានសេចក្ដីសៅហ្មងនៅខ្លួន បានបរិភោគសាច់នៃយញ្ញបូជា ជាដង្វាយមេត្រីដែលជារបស់ផងព្រះយេហូវ៉ា នោះនឹងត្រូវកាត់កាល់ចេញពីសាសន៍ខ្លួន
21. ហើយបើអ្នកណាប៉ះពាល់នឹងរបស់មិនស្អាតអ្វីក៏ដោយ ទោះបើជាសេចក្ដីស្មោកគ្រោករបស់មនុស្ស ឬរបស់សត្វដែលមិនស្អាត ឬរបស់ស្មោកគ្រោកណាមួយដែលគួរខ្ពើមឆ្អើម រួចនឹងបរិភោគសាច់នៃយញ្ញបូជាដង្វាយមេត្រីរបស់ផងព្រះយេហូវ៉ា អ្នកនោះនឹងត្រូវកាត់កាល់ចេញពីសាសន៍របស់ខ្លួន។
22. ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេ
23. ឲ្យហាមដល់ពួកកូនចៅអ៊ីស្រាអែលថា កុំឲ្យឯងរាល់គ្នាបរិភោគខ្លាញ់គោ ខ្លាញ់ចៀម ឬខ្លាញ់ពពែឡើយ
24. ឯខ្លាញ់សត្វណាដែលស្លាប់ឯង ឬត្រូវសត្វព្រៃហែកហួរ នោះនឹងប្រើធ្វើការអ្វីផ្សេងក៏បាន តែមិនត្រូវឲ្យបរិភោគឡើយ
25. ដ្បិតអ្នកណាដែលបរិភោគខ្លាញ់របស់សត្វ ជាសត្វដែលមនុស្សតែងធ្លាប់យកមកថ្វាយ ជាដង្វាយដុតដល់ព្រះយេហូវ៉ា អ្នកនោះនឹងត្រូវកាត់កាល់ចេញពីសាសន៍របស់ខ្លួន
26. ហើយមិនត្រូវបរិភោគឈាមយ៉ាងណានៅក្នុងទីលំនៅរបស់ឯងរាល់គ្នាណាមួយឡើយ ទោះទាំងឈាមរបស់សត្វហើរ ឬឈាមនៃសត្វជើង៤ក្តី
27. អ្នកណាដែលបរិភោគឈាមអ្វីក៏ដោយ អ្នកនោះនឹងត្រូវកាត់កាល់ចេញពីសាសន៍របស់ខ្លួន។
28. ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេ
29. ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា អ្នកណាដែលថ្វាយយញ្ញបូជា ជាដង្វាយមេត្រីរបស់ខ្លួន ដល់ព្រះយេហូវ៉ា នោះត្រូវយក១ផ្នែក ពីយញ្ញបូជានោះ មកថ្វាយដល់ព្រះយេហូវ៉ា
30. ដៃអ្នកនោះឯង ត្រូវយកដង្វាយដែលសំរាប់ដុតថ្វាយព្រះយេហូវ៉ាមក គឺត្រូវយកខ្លាញ់ជាមួយនឹងទ្រូងមក ដើម្បីឲ្យបានគ្រវីទ្រូងនោះទុកជាដង្វាយគ្រវី នៅចំពោះព្រះយេហូវ៉ា
31. រួចត្រូវសង្ឃដុតខ្លាញ់នៅលើអាសនា តែឯទ្រូងនោះ ត្រូវជារបស់ផងអើរ៉ុន និងពួកកូនលោក
32. ឯស្មាស្តាំនៃអស់ទាំងយញ្ញបូជា ដែលឯងរាល់គ្នាថ្វាយជាដង្វាយមេត្រី នោះត្រូវប្រគល់ដល់សង្ឃទុកជាដង្វាយលើកចុះឡើង