1. ក្រោយដែលបានទទួលស្បថ ធ្វើជាស្មរបន្ទាល់ហើយ នោះបើអ្នកណាធ្វើបាប ដោយមិនព្រមឆ្លើយប្រាប់អំពីការដែលខ្លួនបានឃើញឬដឹង អ្នកនោះឈ្មោះថាមានទោសវិញ
2. ឬបើអ្នកណាប៉ះពាល់នឹងរបស់ស្មោកគ្រោកណាមួយ ជាខ្មោចសត្វដែលមិនស្អាត ទោះបើជាសត្វព្រៃ សត្វស្រុក ឬសត្វលូនវារ ដោយមិនបានដឹង ហើយខ្លួនក៏បានទៅជាមិនស្អាតដែរ នោះឈ្មោះថាមានទោសហើយ
3. ឬបើបានប៉ះពាល់នឹងសេចក្ដីស្មោកគ្រោករបស់មនុស្ស ទោះបើជាសេចក្ដីមិនស្អាតយ៉ាងណាក៏ដោយ ដែលនាំឲ្យខ្លួនមិនស្អាតបាន ដោយឥតដឹងខ្លួន បើកាលណាដឹងវិញ នោះមានទោសហើយ
4. ឬបើអ្នកណាស្បថលេងថា នឹងប្រព្រឹត្តការអាក្រក់ ឬល្អក្តី ទោះបើសេចក្ដីអ្វីក៏ដោយ ដែលមនុស្សនឹងស្បថ ដោយឥតបើគិត ហើយមិនបានដឹងខ្លួនសោះ បើកាលណាដឹងវិញ នោះនឹងមានទោសក្នុងបទណាមួយនោះជាមិនខាន
5. ដូច្នេះ បើអ្នកណាមានទោសក្នុងបទណាមួយយ៉ាងនោះ ត្រូវឲ្យលន់តួចំពោះអំពើបាបដែលខ្លួនបានប្រព្រឹត្តចុះ
6. ហើយត្រូវនាំយកដង្វាយ ដែលសំរាប់ការរំលងរបស់ខ្លួនមកថ្វាយព្រះយេហូវ៉ា ដោយព្រោះបាបដែលបានប្រព្រឹត្ត គឺជាសត្វញី១ពីហ្វូងចៀម ឬពពែ សំរាប់ជាដង្វាយលោះបាប រួចត្រូវឲ្យសង្ឃថ្វាយឲ្យធួននឹងបាបរបស់អ្នកនោះ។
7. បើសិនជាអ្នកនោះខ្វះខាត គ្មានល្មមនឹងយកកូនចៀម១បាន នោះត្រូវយកលលក២ ឬព្រាបជំទើរ២ មកថ្វាយព្រះយេហូវ៉ា ទុកជាដង្វាយសំរាប់ការរំលងរបស់ខ្លួន ដោយព្រោះបាបដែលបានប្រព្រឹត្តនោះវិញ គឺ១សំរាប់ជាដង្វាយលោះបាប ហើយ១សំរាប់ជាដង្វាយដុត
8. ត្រូវឲ្យនាំយកសត្វនោះទៅឯសង្ឃ ហើយត្រូវឲ្យសង្ឃថ្វាយ១ ដែលសំរាប់ជាដង្វាយលោះបាប ជាមុនដំបូង ដោយក្តិចបណ្តាច់ក្បាលចេញពីក តែមិនត្រូវពុះជា២ឡើយ
9. រួចប្រោះឈាមនៃដង្វាយលោះបាបនោះនៅចំហៀងអាសនា ហើយត្រូវសំរក់ឈាមដែលសល់ទាំងប៉ុន្មាននៅជើងអាសនាវិញ នេះហើយជាដង្វាយលោះបាប