23. បើសិនជាអ្នកណាប្រាប់ឲ្យលោកជ្រាបពីបាបដែលបានប្រព្រឹត្តហើយ នោះលោកត្រូវនាំយកពពែឈ្មោល១ ដែលឥតខ្ចោះ មកសំរាប់ជាដង្វាយរបស់ខ្លួន
24. រួចដាក់ដៃលើក្បាលពពែនោះ ហើយសំឡាប់នៅកន្លែងដែលគេតែងសំឡាប់សត្វ សំរាប់ជាដង្វាយដុតនៅចំពោះព្រះយេហូវ៉ាទៅ នេះហើយជាដង្វាយលោះបាប
25. ត្រូវឲ្យសង្ឃយកឈាមនៃដង្វាយលោះបាបនោះ ដោយម្រាមដៃ ទៅប្រឡាក់នៅស្នែងអាសនាដង្វាយដុត ហើយចាក់ឈាមទាំងអស់នៅត្រង់ជើងអាសនាដង្វាយដុតនោះ
26. ឯខ្លាញ់ទាំងប៉ុន្មាន នោះត្រូវដុតនៅលើអាសនា ដូចជាខ្លាញ់របស់យញ្ញបូជាដែលសំរាប់ជាដង្វាយមេត្រីដែរ ហើយត្រូវឲ្យសង្ឃថ្វាយឲ្យធួនចំពោះបាបដែលលោកបានធ្វើ នោះលោកនឹងបានរួចចាកទោសហើយ។
27. ឬបើអ្នកស្រុកណាមួយធ្វើបាបឥតបានដឹង ដោយរំលងបទណា ដែលព្រះយេហូវ៉ាបានហាមប្រាម មិនឲ្យធ្វើ ហើយមានទោសដូច្នោះ
28. បើសិនជាអ្នកណាប្រាប់ឲ្យគេដឹងពីបាបដែលបានប្រព្រឹត្តហើយ នោះត្រូវនាំពពែញី១ដែលឥតខ្ចោះមក សំរាប់ជាដង្វាយ ដោយព្រោះបាបដែលខ្លួនបានធ្វើ
29. រួចដាក់ដៃលើក្បាលនៃដង្វាយលោះបាបនោះ ហើយសំឡាប់ត្រង់កន្លែងដង្វាយដុត
30. នោះត្រូវឲ្យសង្ឃយកឈាម ដោយម្រាមដៃ ទៅប្រឡាក់នៅស្នែងអាសនាដង្វាយដុត ហើយចាក់ឈាមទាំងអស់ត្រង់ជើងអាសនា
31. ឯខ្លាញ់ទាំងប៉ុន្មាន នោះត្រូវយកចេញ ដូចជាយកចេញពីយញ្ញបូជា ដែលសំរាប់ជាដង្វាយមេត្រីដែរ រួចត្រូវឲ្យសង្ឃដុតនៅលើអាសនា ទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា ត្រូវឲ្យសង្ឃថ្វាយឲ្យធួននឹងអ្នកនោះ ដូច្នេះ អ្នកនោះនឹងរួចចាកទោសហើយ។
32. តែបើសិនជាអ្នកនោះនាំចៀមមកថ្វាយ សំរាប់ជាដង្វាយលោះបាបខ្លួនវិញ នោះត្រូវយកញី១ដែលឥតខ្ចោះមក
33. ហើយដាក់ដៃលើក្បាលនៃដង្វាយនោះ រួចសំឡាប់ទុកជាដង្វាយលោះបាប ត្រង់កន្លែងដែលគេតែងសំឡាប់សត្វសំរាប់ជាដង្វាយដុត
34. ត្រូវឲ្យសង្ឃម្នាក់យកឈាមនៃដង្វាយលោះបាបនោះដោយម្រាមដៃ ទៅប្រឡាក់នៅស្នែងអាសនាដង្វាយដុត ហើយចាក់ឈាមទាំងអស់ត្រង់ជើងអាសនា
35. ឯខ្លាញ់ទាំងប៉ុន្មាន នោះត្រូវយកចេញ ដូចជាយកខ្លាញ់ចេញពីកូនចៀមនៃយញ្ញបូជា ដែលសំរាប់ជាដង្វាយមេត្រីដែរ ហើយត្រូវឲ្យសង្ឃដុតនៅលើអាសនា តាមរបៀបដង្វាយទាំងប៉ុន្មានដែលដុតថ្វាយព្រះយេហូវ៉ា ក៏ត្រូវថ្វាយឲ្យធួននឹងបាបដែលអ្នកនោះបានប្រព្រឹត្ត ដូច្នេះ អ្នកនោះនឹងរួចចាកទោសហើយ។