13. ឬបើជាពួកជំនុំអ៊ីស្រាអែលទាំងអស់គ្នា ដែលប្រព្រឹត្តការកំហុសអ្វីដោយឥតដឹង ហើយការនោះបានកំបាំងនឹងភ្នែកពួកជំនុំ ដែលរំលងចំពោះបញ្ញត្តណាមួយ ដែលព្រះយេហូវ៉ាហាមប្រាមមិនឲ្យធ្វើ ហើយមានទោសដូច្នោះ
14. កាលណាគេដឹងពីអំពើបាបដែលបានប្រព្រឹត្តរំលងហើយ នោះត្រូវឲ្យពួកជំនុំថ្វាយគោឈ្មោលស្ទាវ១ទុកជាដង្វាយលោះបាប ត្រូវនាំទៅឯមុខត្រសាលជំនុំ
15. ហើយត្រូវឲ្យពួកចាស់ទុំក្នុងពួកជំនុំ ដាក់ដៃលើក្បាលគោនោះនៅចំពោះព្រះយេហូវ៉ា រួចសំឡាប់នៅចំពោះព្រះយេហូវ៉ាទៅ
16. នោះត្រូវឲ្យសង្ឃ ដែលគេចាក់ប្រេងតាំងឲ្យស្រេចហើយ យកឈាមគោនោះទៅក្នុងត្រសាលជំនុំ
17. ហើយជ្រលក់ម្រាមដៃចុះក្នុងឈាមរលាស់៧ដង នៅចំពោះព្រះយេហូវ៉ាត្រង់មុខវាំងនន
18. រួចយកឈាមទៅប្រឡាក់នៅស្នែងអាសនា ដែលនៅចំពោះព្រះយេហូវ៉ាខាងក្នុងត្រសាលជំនុំ ហើយត្រូវចាក់ឈាមទាំងអស់ នាជើងអាសនាដង្វាយដុត ដែលនៅមាត់ទ្វារត្រសាលជំនុំ
19. ឯខ្លាញ់គោនោះទាំងប៉ុន្មាន នោះត្រូវយកចេញទៅដុតនៅលើអាសនា
20. ត្រូវឲ្យធ្វើនឹងគោនេះដូចជាបានធ្វើចំពោះគោដែលសំរាប់ជាដង្វាយលោះបាបដែរ គឺត្រូវធ្វើដូចគ្នាទាំង២ ហើយត្រូវឲ្យសង្ឃថ្វាយឲ្យធួននឹងបាបទាំងអស់គ្នា នោះនឹងរួចចាកទោសហើយ
21. រួចត្រូវឲ្យសង្ឃនាំយកគោនោះ ទៅដុតនៅខាងក្រៅទីដំឡើងត្រសាល ដូចជាបានដុតគោមុនដែរ នេះគឺជាដង្វាយលោះបាបសំរាប់ពួកជំនុំ។
22. បើនាម៉ឺនណាមួយធ្វើបាបឥតបានដឹង ដោយរំលងបទណា ដែលព្រះយេហូវ៉ា ជាព្រះនៃខ្លួន ទ្រង់ហាមប្រាមមិនឲ្យធ្វើ ហើយមានទោសដូច្នោះ
23. បើសិនជាអ្នកណាប្រាប់ឲ្យលោកជ្រាបពីបាបដែលបានប្រព្រឹត្តហើយ នោះលោកត្រូវនាំយកពពែឈ្មោល១ ដែលឥតខ្ចោះ មកសំរាប់ជាដង្វាយរបស់ខ្លួន
24. រួចដាក់ដៃលើក្បាលពពែនោះ ហើយសំឡាប់នៅកន្លែងដែលគេតែងសំឡាប់សត្វ សំរាប់ជាដង្វាយដុតនៅចំពោះព្រះយេហូវ៉ាទៅ នេះហើយជាដង្វាយលោះបាប
25. ត្រូវឲ្យសង្ឃយកឈាមនៃដង្វាយលោះបាបនោះ ដោយម្រាមដៃ ទៅប្រឡាក់នៅស្នែងអាសនាដង្វាយដុត ហើយចាក់ឈាមទាំងអស់នៅត្រង់ជើងអាសនាដង្វាយដុតនោះ