1. ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ
2. ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា បើអ្នកណាធ្វើបាបឥតដឹង ដោយបំពានលើបទណាមួយ ដែលព្រះយេហូវ៉ាទ្រង់ហាមមិនឲ្យធ្វើឡើយ ហើយប្រព្រឹត្តខុសត្រង់បទនោះឯង
3. បើអ្នកនោះជាពួកសង្ឃ ដែលគេចាក់ប្រេងតាំងឲ្យស្រេចហើយ បានធ្វើបាបជាហេតុនាំឲ្យពួកជនមានទោសផង នោះត្រូវយកគោឈ្មោលស្ទាវ១ដ៏ឥតខ្ចោះ មកថ្វាយដល់ព្រះយេហូវ៉ា ទុកជាដង្វាយលោះបាប ឲ្យធួននឹងបាបដែលបានធ្វើនោះ
4. ត្រូវនាំគោនោះ ទៅឯមាត់ទ្វារត្រសាលជំនុំ នៅចំពោះព្រះយេហូវ៉ា រួចដាក់ដៃលើក្បាល ហើយសំឡាប់នៅចំពោះព្រះយេហូវ៉ាទៅ
5. ត្រូវឲ្យសង្ឃយកឈាមនាំចូលទៅក្នុងត្រសាលជំនុំ
6. រួចជ្រលក់ម្រាមដៃចុះក្នុងឈាមរលាស់៧ដងនៅចំពោះព្រះយេហូវ៉ា ត្រង់ខាងមុខវាំងននទីបរិសុទ្ធ
7. ហើយត្រូវយកឈាមទៅប្រឡាក់នៅស្នែងអាសនាគ្រឿងក្រអូប ដែលនៅក្នុងត្រសាលជំនុំនៅចំពោះព្រះយេហូវ៉ា រួចត្រូវចាក់ឈាមគោនោះទាំងអស់ នាជើងអាសនាដង្វាយដុត ដែលនៅមាត់ទ្វារត្រសាលជំនុំ
8. ឯខ្លាញ់គោនោះដែលសំរាប់ជាដង្វាយលោះបាប នោះត្រូវយកចេញទាំងអស់ គឺជាខ្លាញ់ដែលរុំអាការៈខាងក្នុង និងខ្លាញ់ទាំងអស់ដែលនៅជាប់ខាងក្នុង
9. ព្រមទាំងអង្គញ់ទាំង២ និងខ្លាញ់ដែលនៅជាប់នឹងអង្គញ់នោះខាងចង្កេះ ហើយស្រទាប់នៅលើថ្លើម ដែលត្រូវយកចេញជាមួយនឹងអង្គញ់ផង
10. ដូចជាបានយកចេញពីគោដែលថ្វាយជាដង្វាយមេត្រីដែរ រួចត្រូវឲ្យសង្ឃដុតរបស់ទាំងនោះ នៅលើអាសនាដង្វាយដុត
11. ឯស្បែកគោនោះ និងសាច់ទាំងអស់ ព្រមទាំងក្បាល និងជើង អាការៈខាងក្នុង ហើយនឹងលាមក
12. គឺតួគោនោះទាំងមូល ត្រូវយកចេញទៅក្រៅទីដំឡើងត្រសាលនៅត្រង់កន្លែងស្អាតដែលចាក់ផែះ ហើយដុតនៅលើឧសត្រង់កន្លែងដែលចាក់ផែះនោះ។