7. បើមានអាយុ៦០ឆ្នាំឡើងទៅលើ នោះខាងឯប្រុស ត្រូវគិតថ្លៃជា១៥រៀល ស្រី១០រៀល
8. តែបើអ្នកនោះក្រពេក គ្មានល្មមនឹងសងតាមដំឡៃដែលឯងគិត នោះត្រូវនាំមកនៅចំពោះមុខសង្ឃ ហើយត្រូវឲ្យសង្ឃគិតថ្លៃ តាមកំឡាំងរបស់អ្នកដែលជាប់បំណន់នោះវិញ។
9. បើជាសត្វវិញ គឺជាសត្វដែលគេតែងថ្វាយជាដង្វាយដល់ព្រះយេហូវ៉ា នោះគ្រប់ទាំងដង្វាយយ៉ាងនោះដែលអ្នកណាថ្វាយ ត្រូវញែកទុកជាបរិសុទ្ធសំរាប់ព្រះយេហូវ៉ា
10. និងផ្លាស់ប្តូរសត្វល្អនឹងសត្វអាក្រក់ ឬអាក្រក់នឹងល្អមិនបានឡើយ ឬបើសិនជាគេចង់ប្តូរសត្វនឹងសត្វយ៉ាងណា នោះទាំងសត្វដើម និងសត្វដែលយកមកប្តូរ ក៏ត្រូវបានញែកទុកជាបរិសុទ្ធទាំង២រូប
11. បើជាសត្វណាមិនស្អាត ដែលមិនត្រូវថ្វាយដល់ព្រះយេហូវ៉ាឡើយ នោះត្រូវនាំមកនៅចំពោះមុខសង្ឃ
12. ត្រូវឲ្យសង្ឃគិតតាមដំឡៃដែលសត្វនោះល្អ ឬអាក្រក់ ហើយដំឡៃណាដែលគិតនោះ នឹងត្រូវបានដូចជាលោកដ៏ជាសង្ឃគិតឲ្យពិត
13. តែបើគេចង់លោះចេញវិញ នោះត្រូវឲ្យថែម១ភាគក្នុង៥ លើដំឡៃដែលឯងបានគិតនោះទៀត។
14. បើមនុស្សណាចង់ញែកផ្ទះខ្លួន ទុកជាបរិសុទ្ធសំរាប់ព្រះយេហូវ៉ា នោះត្រូវឲ្យសង្ឃគិតតាមដំឡៃផ្ទះនោះដែលល្អឬអាក្រក់ ហើយដំឡៃណាដែលគិតនោះ នឹងត្រូវបានដូចជាសង្ឃគិតឲ្យពិត
15. តែបើអ្នកដែលបានថ្វាយផ្ទះចង់លោះមកវិញ នោះត្រូវឲ្យថែមជាប្រាក់១ភាគក្នុង៥លើសពីថ្លៃដែលបានគិតហើយ រួចផ្ទះនោះនឹងបានជារបស់ផងអ្នកនោះវិញ។
16. បើមនុស្សណាចង់ញែកស្រែ ជាកេររបស់ខ្លួន១ចំណែកទុកជាបរិសុទ្ធសំរាប់ព្រះយេហូវ៉ា នោះត្រូវឲ្យឯងគិតតាមដំឡៃដែលសាបព្រោះបាន បើព្រោះស្រូវ១០ថាំង នោះត្រូវគិតជាប្រាក់៥០រៀល
17. បើគេថ្វាយស្រែរបស់គេចាប់តាំងពីឆ្នាំសោមនស្សមក នោះត្រូវតែមានដំឡៃដូចជាឯងគិតនោះជារហូតទៅ
18. តែបើគេថ្វាយស្រែគេរំលងប៉ុន្មានក្រោយពីឆ្នាំសោមនស្សមក នោះត្រូវឲ្យសង្ឃបន្ថយដំឡៃដែលបានគិតហើយ តាមចំនួនឆ្នាំដែលនៅសល់រហូតដល់ឆ្នាំសោមនស្ស១ទៀត
19. តែបើអ្នកដែលបានថ្វាយស្រែ ចង់លោះមកវិញ នោះត្រូវថែម១ភាគក្នុង៥លើសពីដំឡៃដែលឯងបានគិតនោះ រួចស្រែនោះនឹងបានជារបស់ផងអ្នកនោះវិញ
20. បើអ្នកនោះមិនលោះទេ ហើយគេលក់ទៅឲ្យម្នាក់ទៀត នោះនឹងលោះវិញពុំបានឡើយ
21. គឺកាលណាដល់ឆ្នាំសោមនស្ស ដែលស្រែនោះត្រូវរួចចេញ នោះនឹងបានដាច់ជាបរិសុទ្ធសំរាប់ព្រះយេហូវ៉ា ដូចជាស្រែណាដែលបានថ្វាយដល់ព្រះហើយដែរ ពួកសង្ឃត្រូវបានស្រែនោះទុកជាកេរអាករវិញ