17. បើគេថ្វាយស្រែរបស់គេចាប់តាំងពីឆ្នាំសោមនស្សមក នោះត្រូវតែមានដំឡៃដូចជាឯងគិតនោះជារហូតទៅ
18. តែបើគេថ្វាយស្រែគេរំលងប៉ុន្មានក្រោយពីឆ្នាំសោមនស្សមក នោះត្រូវឲ្យសង្ឃបន្ថយដំឡៃដែលបានគិតហើយ តាមចំនួនឆ្នាំដែលនៅសល់រហូតដល់ឆ្នាំសោមនស្ស១ទៀត
19. តែបើអ្នកដែលបានថ្វាយស្រែ ចង់លោះមកវិញ នោះត្រូវថែម១ភាគក្នុង៥លើសពីដំឡៃដែលឯងបានគិតនោះ រួចស្រែនោះនឹងបានជារបស់ផងអ្នកនោះវិញ
20. បើអ្នកនោះមិនលោះទេ ហើយគេលក់ទៅឲ្យម្នាក់ទៀត នោះនឹងលោះវិញពុំបានឡើយ
21. គឺកាលណាដល់ឆ្នាំសោមនស្ស ដែលស្រែនោះត្រូវរួចចេញ នោះនឹងបានដាច់ជាបរិសុទ្ធសំរាប់ព្រះយេហូវ៉ា ដូចជាស្រែណាដែលបានថ្វាយដល់ព្រះហើយដែរ ពួកសង្ឃត្រូវបានស្រែនោះទុកជាកេរអាករវិញ
22. បើគេញែកស្រែណាដែលគេបានទិញ ដែលមិនមែនជាកេរអាករខ្លួន ទុកជាបរិសុទ្ធសំរាប់ព្រះយេហូវ៉ា
23. នោះត្រូវឲ្យសង្ឃគិតថ្លៃឲ្យអ្នកនោះ តាមដំឡៃដែលបានគិត រហូតដល់ឆ្នាំសោមនស្ស រួចនៅថ្ងៃនោះ គេត្រូវចេញថ្លៃដែលបានគិតនោះ ទុកជារបស់បរិសុទ្ធដល់ព្រះយេហូវ៉ា
24. លុះដល់ឆ្នាំសោមនស្ស ស្រែនោះនឹងត្រឡប់បានទៅម្ចាស់ដើមវិញ គឺបានទៅអ្នកដែលមានស្រែនោះជាកេរអាករពីដើម
25. ឯដំឡៃទាំងប៉ុន្មានដែលបានគិតសំរេច នោះត្រូវគិតតាមប្រាក់រៀលប្រើក្នុងទីបរិសុទ្ធ គឺ១រៀលត្រូវជា១០កាក់។
26. ឯកូនច្បងដែលកើតក្នុងហ្វូងសត្វទាំងប៉ុន្មាន គឺជាផលដំបូងថ្វាយព្រះយេហូវ៉ាស្រាប់ ហើយគ្មានអ្នកណានឹងញែកទុកជាបរិសុទ្ធ សំរាប់ព្រះយេហូវ៉ាបានឡើយ ទោះបើជាគោ ឬចៀមក្តី ដ្បិតសត្វនោះជារបស់ផងព្រះយេហូវ៉ាហើយ
27. បើជាកូនរបស់សត្វដែលមិនស្អាត នោះត្រូវឲ្យគេលោះ តាមដំឡៃដែលឯងគិតសំរេច ហើយត្រូវថែម១ភាគក្នុង៥លើសទៅទៀត ឬបើគេមិនលោះទេ នោះត្រូវឲ្យលក់ទៅតាមដំឡៃដែលឯងគិតនោះ។
28. ប៉ុន្តែឯរបស់ដែលបានថ្វាយដាច់ទៅហើយ គឺដែលអ្នកណាថ្វាយដាច់ដល់ព្រះយេហូវ៉ា ពីរបស់ទ្រព្យខ្លួនទាំងប៉ុន្មាន ទោះជាមនុស្ស ឬសត្វ ឬស្រែចំការដែលជាកេរអាករខ្លួនក្តី នោះនឹងលក់ ឬលោះវិញ មិនបានឡើយ គ្រប់ទាំងរបស់អ្វីដែលថ្វាយដាច់ហើយ នោះត្រូវទុកជាបរិសុទ្ធបំផុតសំរាប់ព្រះយេហូវ៉ា
29. ឯអ្នកណាក្នុងពួកមនុស្សដែលបានថ្វាយដាច់ហើយ នោះនឹងលោះចេញវិញមិនបានឡើយ គឺត្រូវនៅរហូតដល់ស្លាប់។
30. ហើយផលពីដី១ភាគក្នុង១០ ទោះបើជាផលដែលកើតពីដី ឬជាផ្លែឈើ នោះជារបស់ផងព្រះយេហូវ៉ា ហើយត្រូវតែបានទុកជាបរិសុទ្ធសំរាប់ទ្រង់
31. បើអ្នកណាចង់លោះអ្វីពី១ភាគក្នុង១០ដែលខ្លួនថ្វាយ នោះត្រូវឲ្យថែម១ភាគក្នុង៥លើសទៅទៀត
32. ឯហ្វូងសត្វធំ ឬតូច១ភាគក្នុង១០ គឺសត្វណាក៏ដោយដែលចូលទៅក្រោមដំបង នោះត្រូវជាដង្វាយ១ភាគក្នុង១០ទុកជាបរិសុទ្ធដល់ព្រះយេហូវ៉ា
33. មិនត្រូវឲ្យពិនិត្យមើលពីសត្វនោះល្អ ឬអាក្រក់ទេ ក៏មិនត្រូវផ្លាស់ប្តូរដែរ តែបើចង់ប្តូរវិញ នោះទាំងសត្វដើម នឹងសត្វដែលយកមកប្តូរ ត្រូវបានបរិសុទ្ធដូចគ្នា សត្វទាំងនោះនឹងលោះវិញពុំបានឡើយ។
34. នេះហើយជាក្រឹត្យវិន័យទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ ត្រង់ភ្នំស៊ីណាយ សំរាប់ពួកកូនចៅអ៊ីស្រាអែល។:៚