9. អញនឹងជួយទំនុកបំរុងឯងរាល់គ្នា ឲ្យបានបង្កើតកូនចំរើនជាច្រើនឡើង ហើយអញនឹងតាំងសេចក្ដីសញ្ញានឹងឯងរាល់គ្នាដែរ
10. ឯងរាល់គ្នានឹងបរិភោគផលចាស់ដរាបដល់ផលថ្មីចូលមក នោះនឹងត្រូវយកផលចាស់ចេញ ឲ្យបានកន្លែងដាក់ផលថ្មីវិញ
11. អញនឹងតាំងទីលំនៅរបស់អញនៅកណ្តាលឯងរាល់គ្នា ឥតដែលមានសេចក្ដីខ្ពើមដល់ឯងរាល់គ្នាឡើយ
12. អញនឹងដើរនៅកណ្តាលពួកឯង ព្រមទាំងធ្វើជាព្រះដល់ឯងរាល់គ្នា ហើយឯងរាល់គ្នានឹងធ្វើជារាស្ត្រដល់អញ
13. អញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ដែលបាននាំឯងចេញពីស្រុកអេស៊ីព្ទមក ដើម្បីមិនឲ្យធ្វើជាបាវបំរើរបស់គេទៀត អញបានបំបាក់កាំនឹមរបស់ឯងរាល់គ្នាចេញ ហើយបាននាំឲ្យដើរដោយត្រង់ខ្លួនឡើងវិញ។
14. តែបើឯងរាល់គ្នាមិនព្រមស្តាប់តាមអញ ហើយមិនប្រព្រឹត្តតាមសេចក្ដីបញ្ញត្តរបស់អញទាំងនេះ
15. ដោយមើលងាយដល់អស់ទាំងច្បាប់អញ ហើយខ្ពើមក្រឹត្យក្រមរបស់អញ ដល់ម៉្លេះបានជាមិនព្រមប្រព្រឹត្តតាមអស់ទាំងសេចក្ដីបង្គាប់នេះ គឺឯងផ្តាច់សេចក្ដីសញ្ញារបស់អញចេញវិញ
16. នោះអញនឹងប្រព្រឹត្តចំពោះឯងរាល់គ្នាយ៉ាងដូច្នេះ គឺនឹងដំរូវសេចក្ដីស្ញែងខ្លាចមកលើឯងរាល់គ្នា ជាជំងឺរីងរៃ និងគ្រុនក្តៅ ដែលនឹងធ្វើឲ្យភ្នែកកាន់តែស្រវាំងទៅ ហើយនឹងនាំឲ្យមានចិត្តវេទនា ឯងរាល់គ្នានឹងសាបព្រោះជាការឥតប្រយោជន៍ ដ្បិតខ្មាំងសត្រូវនឹងស៊ីទាំងអស់ទៅ
17. អញនឹងតាំងមុខទាស់នឹងឯងរាល់គ្នា នោះឯងនឹងចាញ់ពួកខ្មាំងសត្រូវ ពួកអ្នកដែលស្អប់ឯង គេនឹងត្រួតត្រាលើឯង ហើយឯងនឹងរត់ទៅឥតមានអ្នកណាដេញតាមផង។
18. បើឯងរាល់គ្នានៅតែមិនស្តាប់តាមអញទៀត នោះអញនឹងវាយផ្ចាល៧ដងលើសទៅទៀត ដោយព្រោះអំពើបាបរបស់ឯង
19. អញនឹងបំបាត់សេចក្ដីអំនួតដែលឯងអួតពីអំណាចខ្លួន ក៏នឹងឲ្យមេឃដែលនៅពីលើឯងប្រែទៅដូចជាដែក ហើយដីរបស់ឯងដូចជាលង្ហិន