31. អញនឹងរំលាងអស់ទាំងទីក្រុងឯង ហើយនឹងធ្វើឲ្យទីបរិសុទ្ធរបស់ឯងទាំងប៉ុន្មានទៅជាសូន្យស្ងាត់ អញនឹងមិនព្រមហិតក្លិននៃគ្រឿងក្រអូបឯងទៀតឡើយ
32. អញនឹងនាំឲ្យស្រុកទៅជាស្ងាត់ឈឹង ដល់ម៉្លេះបានជាពួកខ្មាំងសត្រូវរបស់ឯងដែលនៅក្នុងស្រុក គេនឹងមានសេចក្ដីងឿងឆ្ងល់
33. ឯឯងរាល់គ្នា អញនឹងកំចាត់កំចាយឲ្យទៅនៅគ្រប់ទាំងនគរ ហើយនឹងហូតដាវទៅតាមឯងទៀត នោះស្រុកឯងនឹងនៅជាស្ងាត់ឈឹង ហើយទីក្រុងរបស់ឯងទាំងប៉ុន្មាននឹងត្រូវលាញទៅអស់រលីង។
34. ស្រុកនោះនឹងបានសំរាក ក្នុងរវាងប៉ុន្មាន ដែលកំពុងនៅស្ងាត់ឈឹង ហើយឯងរាល់គ្នានៅឯស្រុករបស់ពួកខ្មាំងសត្រូវឯងដូច្នេះ គឺស្រុកឯងនឹងបានត្រេកអរឡើងដោយមានពេលឈប់សំរាកវិញ
35. ក្នុងប៉ុន្មានឆ្នាំដែលស្រុកនៅស្ងាត់ឈឹង នោះនឹងបានសំរាកទៅ គឺនឹងបំពេញការសំរាក ដែលខានមានពីកាលគួរឈប់សំរាក ក្នុងគ្រាដែលឯងរាល់គ្នានៅស្រុកនោះនៅឡើយ
36. ឯពួកឯងដែលសល់នៅ នោះអញនឹងបណ្តាលឲ្យមានចិត្តស្រយុតនៅក្នុងស្រុករបស់ខ្មាំងសត្រូវខ្លួន បើគ្រាន់តែឮសូរស្លឹកឈើដែលត្រូវខ្យល់ផាត់ប៉ុណ្ណោះ នោះនឹងធ្វើឲ្យរត់ទៅ គេនឹងរត់ទៅ ដូចជារត់ឲ្យរួចពីមុខដាវផង ក៏នឹងដួល ដោយឥតមានអ្នកណាដេញតាមឡើយ
37. គេនឹងជំពប់ដួលប្រគរគ្នា ដូចជាស្លាប់ដោយមុខដាវ ក្នុងកាលដែលគ្មានអ្នកណាដេញតាមផង ហើយឯងរាល់គ្នានឹងគ្មានកំឡាំងឈរនៅមុខពួកខ្មាំងសត្រូវឯងសោះ
38. ឯងរាល់គ្នានឹងត្រូវវិនាសទៅ នៅអស់ទាំងនគរ ហើយស្រុករបស់ពួកខ្មាំងសត្រូវនឹងលេបបំបាត់ឯងទៅ
39. ឯពួកឯងរាល់គ្នា ដែលសល់នៅ នោះនឹងស្រងេះស្រងោច នៅក្នុងអំពើទុច្ចរិតរបស់ខ្លួននៅនាស្រុកនៃពួកខ្មាំងសត្រូវ ហើយនឹងស្រងេះស្រងោចទៅ ដោយសេចក្ដីទុច្ចរិតរបស់ពួកអយ្យកោដែរ។
40. នោះគេនឹងលន់តួសេចក្ដីទុច្ចរិតរបស់គេ ហើយសេចក្ដីទុច្ចរិតរបស់ពួកអយ្យកោគេដែរ គឺជាការរំលងដែលគេបានប្រព្រឹត្តនឹងអញ ដោយព្រោះការដែលគេបានដើរទាស់ទទឹងនឹងអញផង
41. គឺដោយហេតុនោះបានជាអញដើរទាស់ទទឹងនឹងគេដែរ ហើយបាននាំគេទៅនៅស្រុករបស់ពួកខ្មាំងសត្រូវ ដូច្នេះ បើចិត្តដែលមិនទាន់កាត់ស្បែករបស់គេ បានទទួលចាលចាញ់ ហើយគេព្រមទទួលទោសនៃអំពើទុច្ចរិតរបស់គេ
42. នោះអញនឹងនឹកចាំពីសេចក្ដីសញ្ញា ដែលអញបានតាំងនឹងយ៉ាកុប និងសេចក្ដីសញ្ញាដែលអញបានតាំងនឹងអ៊ីសាក ហើយនឹងសេចក្ដីសញ្ញាដែលអញបានតាំងនឹងអ័ប្រាហាំ អញក៏នឹងនឹកចាំពីស្រុកនោះដែរ
43. ឯស្រុកនោះនឹងត្រូវគេចោលទទេ ហើយនឹងបានអរចំពោះឆ្នាំឈប់សំរាក កំពុងដែលនៅស្ងាត់ ឥតមានគេនៅៗឡើយ ហើយគេនឹងព្រមទទួលទោសនៃអំពើទុច្ចរិតរបស់ខ្លួន គឺពីព្រោះគេបានមើលងាយដល់សេចក្ដីបញ្ញត្តរបស់អញ ហើយចិត្តគេបានខ្ពើមដល់អស់ទាំងច្បាប់អញដែរ
44. ប៉ុន្តែ ទោះបើការនោះយ៉ាងដូច្នោះក៏ដោយ គង់តែអញមិនបោះបង់ចោលគេ ក្នុងកាលដែលគេនៅស្រុករបស់ខ្មាំងសត្រូវនោះឡើយ ក៏មិនខ្ពើមគេដល់ទៅបំផ្លាញចេញអស់រលីង ឬផ្តាច់សេចក្ដីសញ្ញា ដែលអញបានតាំងនឹងគេនោះដែរ ដ្បិតអញនេះ គឺយេហូវ៉ា ជាព្រះនៃគេ