18. បើឯងរាល់គ្នានៅតែមិនស្តាប់តាមអញទៀត នោះអញនឹងវាយផ្ចាល៧ដងលើសទៅទៀត ដោយព្រោះអំពើបាបរបស់ឯង
19. អញនឹងបំបាត់សេចក្ដីអំនួតដែលឯងអួតពីអំណាចខ្លួន ក៏នឹងឲ្យមេឃដែលនៅពីលើឯងប្រែទៅដូចជាដែក ហើយដីរបស់ឯងដូចជាលង្ហិន
20. នោះឯងរាល់គ្នានឹងបង្អស់កំឡាំងជាការឥតប្រយោជន៍ ដ្បិតដីរបស់ឯងនឹងមិនបង្កើតផលទេ ហើយដើមឈើដែលនៅស្រុកក៏មិនបានផ្លែផង។
21. បើឯងរាល់គ្នានៅតែដើរទទឹងនឹងអញ ហើយមិនព្រមស្តាប់តាម នោះអញនឹងនាំឲ្យឯងមានសេចក្ដីវេទនា៧ដងលើសទៅទៀត តាមអំពើបាបរបស់ឯង
22. អញនឹងឲ្យសត្វព្រៃមកកណ្តាលពួកឯង សត្វទាំងនោះនឹងឆក់នាំយកកូនចៅឯងទៅ ព្រមទាំងបង្ហិនហ្វូងសត្វរបស់ឯងផង និងធ្វើឲ្យឯងទៅជាមានគ្នាតិច ហើយឲ្យអស់ទាំងផ្លូវថ្នល់របស់ឯងទៅជាសូន្យស្ងាត់។
23. បើឯងរាល់គ្នាមិនទាន់រាងដោយព្រោះសេចក្ដីទាំងនោះទេ គឺនៅតែដើរទទឹងនឹងអញ
24. នោះអញនឹងដើរទាស់នឹងឯងរាល់គ្នាដែរ ហើយនឹងវាយផ្ចាល៧ដងលើសទៅទៀត ដោយព្រោះអំពើបាបរបស់ឯង
25. អញនឹងនាំឲ្យមានដាវជាសេចក្ដីសងសឹកនៃសញ្ញាមកលើឯង នោះឯងរាល់គ្នានឹងមូលគ្នា នៅក្នុងក្រុងរបស់ឯងទាំងប៉ុន្មាន ហើយអញនឹងឲ្យជំងឺអាសន្នរោគកើតឡើង នៅកណ្តាលឯងរាល់គ្នាទៀត រួចឯងនឹងត្រូវបញ្ជូនទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ
26. កាលណាអញបានផ្តាច់ស្បៀងអាហារពីឯងរាល់គ្នាចេញ នោះស្ត្រី១០នាក់នឹងដុតនំបុ័ងឲ្យឯងនៅក្នុងឡតែ១ ហើយគេនឹងថ្លឹងនំបុ័ងឲ្យឯងបរិភោគ ឯងរាល់គ្នានឹងបរិភោគ តែមិនចេះឆ្អែតឡើយ។
27. បើយ៉ាងដូច្នេះហើយ ឯងរាល់គ្នានៅតែមិនព្រមស្តាប់តាមអញ គឺនៅតែដើរទាស់ទទឹងនឹងអញតទៅទៀត
28. នោះអញនឹងដើរទាស់ទទឹងនឹងឯងរាល់គ្នា ដោយសេចក្ដីក្រោធ ហើយនឹងវាយផ្ចាល៧ដងលើសទៅទៀត ដោយព្រោះអំពើបាបរបស់ឯង
29. ឯងរាល់គ្នានឹងបរិភោគទាំងកូនប្រុស កូនស្រីរបស់ឯងផង
30. អញនឹងបំផ្លាញអស់ទាំងទីខ្ពស់របស់ឯង ហើយនឹងគាស់រំលំរូបព្រះអាទិត្យរបស់ឯង ព្រមទាំងបោះខ្មោចឯងរាល់គ្នាទៅលើរូបព្រះរបស់ឯងទាំងនោះដែរ ហើយចិត្តអញនឹងខ្ពើមឯងរាល់គ្នា
31. អញនឹងរំលាងអស់ទាំងទីក្រុងឯង ហើយនឹងធ្វើឲ្យទីបរិសុទ្ធរបស់ឯងទាំងប៉ុន្មានទៅជាសូន្យស្ងាត់ អញនឹងមិនព្រមហិតក្លិននៃគ្រឿងក្រអូបឯងទៀតឡើយ
32. អញនឹងនាំឲ្យស្រុកទៅជាស្ងាត់ឈឹង ដល់ម៉្លេះបានជាពួកខ្មាំងសត្រូវរបស់ឯងដែលនៅក្នុងស្រុក គេនឹងមានសេចក្ដីងឿងឆ្ងល់
33. ឯឯងរាល់គ្នា អញនឹងកំចាត់កំចាយឲ្យទៅនៅគ្រប់ទាំងនគរ ហើយនឹងហូតដាវទៅតាមឯងទៀត នោះស្រុកឯងនឹងនៅជាស្ងាត់ឈឹង ហើយទីក្រុងរបស់ឯងទាំងប៉ុន្មាននឹងត្រូវលាញទៅអស់រលីង។
34. ស្រុកនោះនឹងបានសំរាក ក្នុងរវាងប៉ុន្មាន ដែលកំពុងនៅស្ងាត់ឈឹង ហើយឯងរាល់គ្នានៅឯស្រុករបស់ពួកខ្មាំងសត្រូវឯងដូច្នេះ គឺស្រុកឯងនឹងបានត្រេកអរឡើងដោយមានពេលឈប់សំរាកវិញ
35. ក្នុងប៉ុន្មានឆ្នាំដែលស្រុកនៅស្ងាត់ឈឹង នោះនឹងបានសំរាកទៅ គឺនឹងបំពេញការសំរាក ដែលខានមានពីកាលគួរឈប់សំរាក ក្នុងគ្រាដែលឯងរាល់គ្នានៅស្រុកនោះនៅឡើយ