1. មិនត្រូវឲ្យឯងរាល់គ្នាធ្វើរូបព្រះ ឬបញ្ឈររូបឆ្លាក់ ឬបង្គោលថ្ម សំរាប់គោរពឡើយ ក៏មិនត្រូវឲ្យមានថ្មឆ្លាក់ជារូបអ្វីនៅក្នុងស្រុកឯង ដើម្បីនឹងឱនខ្លួនក្រាបគោរពចំពោះរូបនោះដែរ ដ្បិតអញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នាហើយ
2. ត្រូវឲ្យឯងរាល់គ្នារក្សាអស់ទាំងពេលឈប់សំរាករបស់អញ ហើយកោតខ្លាចដល់ទីបរិសុទ្ធរបស់អញ ដ្បិតអញជាព្រះយេហូវ៉ា។
3. បើឯងរាល់គ្នាដើរតាមអស់ទាំងច្បាប់ ហើយរក្សាអស់ទាំងបញ្ញត្តអញ ព្រមទាំងប្រព្រឹត្តតាម
4. នោះអញនឹងបង្អុរភ្លៀងមកតាមរដូវកាល ហើយដី និងចំរើនផល ឯដើមឈើទាំងប៉ុន្មាននៅចំការ នោះនឹងបង្កើតផ្លែដែរ
5. ការបញ្ជាន់ស្រូវរបស់ឯងរាល់គ្នា និងនៅរហូតដល់រដូវបេះផ្លែទំពាំងបាយជូរ ហើយការបេះផ្លែទំពាំងបាយជូរនឹងនៅរហូតដល់រដូវសាបព្រោះទៀត ឯងរាល់គ្នានឹងបានអាហារបរិភោគជាបរិបូរ ហើយនឹងនៅក្នុងស្រុកឯងដោយសុខសាន្ត
6. អញនឹងឲ្យមានសេចក្ដីសុខនៅក្នុងស្រុកនោះ ឯងរាល់គ្នានឹងដេកទៅ ឥតមានអ្នកណាមកបំភ័យឡើយ អញនឹងធ្វើឲ្យអស់ទាំងសត្វសាហាវ បាត់ពីស្រុកចេញអស់ ហើយដាវក៏មិនដែលមកក្នុងស្រុកឯងដែរ
7. ឯងរាល់គ្នានឹងដេញពួកខ្មាំងសត្រូវ ហើយគេនឹងដួលដោយដាវនៅមុខឯង
8. ពួកឯងតែ៥នឹងដេញគេដល់ទៅ១០០នាក់ ហើយពួកឯង១០០នឹងដេញគេ ដល់ទៅ១ម៉ឺននាក់ក៏បានអស់ទាំងខ្មាំងសត្រូវឯង នឹងដួលដោយដាវ នៅមុខឯង