លេវីវិន័យ 25:9-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. រួច​ត្រូវ​ចាត់‌ចែង​ទៅ​ផ្លុំ​ត្រែ ឲ្យ​ឮ​រំពង នៅ​ថ្ងៃ​១០ ក្នុង​ខែ​អស្សុជ ដែល​ត្រូវ​នឹង​ថ្ងៃ​បុណ្យ​ធួន​នឹង​បាប​ត្រូវ​ឲ្យ​គេ​ផ្លុំ នៅ​ពេញ​ក្នុង​ស្រុក​ឯង

10. ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ញែក​ឆ្នាំ​ទី​៥០​នោះ​ទុក​ជា​បរិសុទ្ធ ព្រម​ទាំង​ប្រកាស​ប្រាប់​សេចក្ដី​ប្រោស​លែង​បាវ​បំរើ ដល់​មនុស្ស​ទាំង​អស់​នៅ​ពេញ​ក្នុង​ស្រុក​ផង ឆ្នាំ​នោះ​ជា​ឆ្នាំ​សោមនស្ស ដល់​ឯង​រាល់​គ្នា​ដែល​ឯង​នឹង​ត្រឡប់​ទៅ នៅ​ឯ​ដី​របស់​ឯង​រាល់​គ្នា​រៀប​ខ្លួន​បាន ហើយ​នឹង​ត្រឡប់​ទៅ​នៅ​នឹង​ញាតិ‌សន្តាន​របស់​ខ្លួន​វិញ

11. ឆ្នាំ​ទី​៥០​នោះ​នឹង​បាន​ជា​ឆ្នាំ​សោមនស្ស​ដល់​ឯង​រាល់​គ្នា ក្នុង​ឆ្នាំ​នោះ មិន​ត្រូវ​ឲ្យ​ឯង​សាប‌ព្រោះ ឬ​ច្រូត​កាត់​មួរ​ស្រូវ​ដែល​ដុះ​ឯង ឬ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ដែល​មិន​បាន​លួស​កាត់​ឡើយ

12. ដ្បិត​នោះ​គឺ​ជា​ឆ្នាំ​សោមនស្ស​ហើយ ត្រូវ​រាប់​ជា​ឆ្នាំ​បរិសុទ្ធ​ដល់​ឯង​រាល់​គ្នា ហើយ​ឯង​នឹង​បរិភោគ​ផល​ចំរើន​អំពី​ស្រែ​ចំការ។

13. នៅ​ឆ្នាំ​សោមនស្ស ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ត្រឡប់​ទៅ​នៅ​ឯ​ដី​របស់​ឯង​រៀង​ខ្លួន

14. បើ​កាល​ណា​ឯង​លក់​របស់​អ្វី​ឲ្យ​អ្នក​ជិត​ខាង​ឯង ឬ​ទិញ​អ្វី​ពី​អ្នក​ជិត​ខាង​ឯង​មក​ឯង នោះ​មិន​ត្រូវ​បំបាត់​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ

15. ត្រូវ​ឲ្យ​ទិញ​ពី​អ្នក​ជិត​ខាង​ឯង រាប់​តាម​ចំនួន​ឆ្នាំ ក្រោយ​ឆ្នាំ​សោមនស្ស​នោះ ហើយ​គេ​នឹង​លក់​ឲ្យ​ឯង ដោយ​រាប់​តាម​ចំនួន​រដូវ​ចំរូត​ដែរ

16. បើ​នៅ​មាន​ច្រើន​ឆ្នាំ​ទៅ​ទៀត នោះ​ឯង​ត្រូវ​បង្កើន​ថ្លៃ​ឡើង តែ​បើ​នៅ​សល់​តិច​ឆ្នាំ​វិញ នោះ​ត្រូវ​បន្ថយ​ថ្លៃ​ចុះ​តាម​ចំនួន​ឆ្នាំ​តិច​ច្រើន​ទាំង​នោះ គឺ​ជា​ចំនួន​ចំរូត​ទេ​ដែល​គេ​លក់​ឲ្យ​ឯង

17. មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បំបាត់​គ្នា​ឡើយ ត្រូវ​តែ​កោត‌ខ្លាច​ដល់​ព្រះ​នៃ​ឯង​វិញ ដ្បិត​អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា។

18. ដូច្នេះ ត្រូវ​ឲ្យ​កាន់​តាម​អស់​ទាំង​ច្បាប់​អញ ហើយ​រក្សា​សេចក្ដី​បញ្ញត្ត​របស់​អញ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង នោះ​ឯង​រាល់​គ្នា​នឹង​បាន​នៅ​ក្នុង​ស្រុក​ដោយ​សុខ‌សាន្ត

19. ហើយ​ស្រុក​នឹង​បង្កើត​ផល​ឲ្យ​ឯង​រាល់​គ្នា​បាន​បរិភោគ​ឆ្អែត ឯង​រាល់​គ្នា​នឹង​បាន​នៅ​ដោយ​សុខ‌សាន្ត

20. បើ​ឯង​រាល់​គ្នា​សួរ​ថា មើល ក្នុង​ឆ្នាំ​ទី​៧​នេះ យើង​មិន​សាប‌ព្រោះ ឬ​ប្រមូល​ផល​អ្វី​របស់​យើង​សោះ ដូច្នេះ តើ​យើង​រាល់​គ្នា​នឹង​បាន​អ្វី​បរិភោគ

21. នោះ​គឺ​អញ​នឹង​ផ្តល់​ពរ​របស់​អញ​ដល់​ឯង​រាល់​គ្នា​នៅ​ឆ្នាំ​ទី​៦ នៅ​ឆ្នាំ​នោះ​នឹង​បង្កើត​ផល​ឲ្យ​ល្មម​គ្រប់​៣​ឆ្នាំ​វិញ

លេវីវិន័យ 25