35. បើបង ឬប្អូនដែលនៅជិតឯង ធ្លាក់ខ្លួនទៅជាក្រ មានកំឡាំងដៃខ្សោយ នោះត្រូវឲ្យឯងទប់ទល់ផង ហើយឲ្យនៅជាមួយនឹងឯងដូចជាអ្នកប្រទេសក្រៅ ឬជាអ្នកស្នាក់ដែរ
36. មិនត្រូវយកការប្រាក់ ឬគិតកំរៃពីគេឡើយ គឺត្រូវកោតខ្លាចដល់ព្រះនៃឯងវិញ ដើម្បីឲ្យបងប្អូនបាននៅជាមួយនឹងឯងផង
37. មិនត្រូវឲ្យគេខ្ចីប្រាក់ ដើម្បីនឹងយកការឡើយ ក៏មិនត្រូវឲ្យអាហារដល់គេដោយចង់បានកំរៃដែរ
38. អញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ដែលបាននាំឯងចេញពីស្រុកអេស៊ីព្ទមក ដើម្បីនឹងឲ្យស្រុកកាណានដល់ឯងរាល់គ្នា ហើយឲ្យបានធ្វើជាព្រះនៃឯងរាល់គ្នា។
39. បើបង ឬប្អូនដែលនៅជិតឯង ធ្លាក់ខ្លួនទៅជាក្រ ហើយលក់ខ្លួនដល់ឯង នោះមិនត្រូវឲ្យឯងប្រើគេទុកដូចជាបាវបំរើឡើយ
40. ត្រូវឲ្យគេនៅជាមួយនឹងឯងទុកដូចជាអ្នកស៊ីឈ្នួល ហើយដូចជាអ្នកស្នាក់នៅវិញ ត្រូវឲ្យគេនៅបំរើឯងដរាបដល់ឆ្នាំសោមនស្ស
41. រួចគេនឹងចេញពីឯងទៅ ព្រមទាំងកូនគេផង ដើម្បីនឹងត្រឡប់ទៅឯគ្រួសារនៅក្នុងកេរអាកររបស់ពួកអយ្យកោគេវិញ
42. ដ្បិតអ្នកទាំងនោះជាពួកអ្នកបំរើរបស់អញ ដែលអញបាននាំចេញពីស្រុកអេស៊ីព្ទមក មិនត្រូវឲ្យលក់គេដូចជាលក់ខ្ញុំកំដរទេ
43. ក៏មិនត្រូវត្រួតត្រាលើគេដោយតឹងរ៉ឹងពេកឡើយ ត្រូវឲ្យកោតខ្លាចដល់ព្រះនៃឯងវិញ
44. តែឯត្រង់បាវបំរើប្រុសឬស្រីដែលឯងនឹងបានទាំងប៉ុន្មាន នោះត្រូវទិញបាវប្រុសស្រីនោះ អំពីអស់ទាំងសាសន៍ដទៃដែលនៅជុំវិញឯរាល់គ្នាវិញ
45. ឯងក៏មានច្បាប់នឹងទិញពួកកូនចៅរបស់អ្នកប្រទេសក្រៅ ដែលស្នាក់នៅកណ្តាលឯងរាល់គ្នាបានដែរ ឯងនឹងទិញពួកនោះបាន ព្រមទាំងគ្រួគេ ដែលនៅជាមួយនឹងឯង ដែលគេបានបង្កើតនៅក្នុងស្រុកឯងរាល់គ្នាផង ពួកអ្នកទាំងនោះនឹងបានជាកេរអាករដល់ឯងរាល់គ្នា
46. ហើយឯងនឹងទុកអ្នកទាំងនោះ ជាមរដកឲ្យកូនចៅឯងតទៅ ដើម្បីឲ្យបានជាកេរអាករដែរ គឺពីពួកអ្នកទាំងនោះហើយ ដែលឯងរាល់គ្នាត្រូវយកទុកជាបាវបំរើដល់ឯង តែត្រង់ឯពួកកូនចៅអ៊ីស្រាអែលដែលជាបងប្អូនឯង នោះមិនត្រូវឲ្យឯងរាល់គ្នាត្រួតត្រាដោយតឹងរ៉ឹងឡើយ។
47. បើមានអ្នកប្រទេសក្រៅ ឬអ្នកដែលស្នាក់នៅជាមួយនឹងឯងបានទៅជាអ្នកមាន ហើយបងប្អូនឯងម្នាក់ទៀត ដែលនៅជិតបានធ្លាក់ខ្លួនទៅជាក្រ លក់ខ្លួនទៅអ្នកប្រទេសក្រៅដែលស្នាក់នៅជាមួយនឹងឯង ឬទៅអ្នកណាក្នុងពូជរបស់អ្នកប្រទេសក្រៅនោះ
48. យ៉ាងនោះមានច្បាប់នឹងលោះគេមកវិញបាន ក្រោយដែលលក់ខ្លួនហើយដូច្នោះ គឺបងប្អូនណាមួយនឹងលោះគេចេញបាន
49. ទោះជាឪពុកធំ ឬមា ឬក្មួយគេក្តី ឬអ្នកណាក៏ដោយដែលជាសាច់ញាតិជិតដិតក្នុងគ្រួសារគេ នោះនឹងលោះបាន ឬបើខ្លួនគេទៅជាមានវិញ ក៏នឹងលោះដោយខ្លួនឯងបានដែរ
50. ត្រូវគិតជាមួយនឹងអ្នកដែលទិញខ្លួន រាប់តាំងពីឆ្នាំដែលបានលក់ខ្លួនទៅរហូតដល់ឆ្នាំសោមនស្ស ហើយថ្លៃដែលបានលក់ខ្លួន នោះត្រូវសំរេចតាមចំនួនឆ្នាំដែលបានបំរើនោះ ត្រូវតែគិតឈ្នួលដូចជាអ្នកបំរើវិញ
51. បើសិនជាសល់នៅច្រើនឆ្នាំទៅទៀត នោះត្រូវសងថ្លៃលោះខ្លួន ពីដំឡៃប្រាក់ដែលបានលក់ខ្លួនទៅ តាមចំនួនឆ្នាំនោះ
52. តែបើសល់នៅតិចឆ្នាំ និងដល់ឆ្នាំសោមនស្សហើយ នោះត្រូវគិតនឹងចៅហ្វាយ ហើយសងដំឡៃលោះខ្លួនតាមចំនួនឆ្នាំនោះវិញ
53. ត្រូវនៅជាមួយនឹងចៅហ្វាយនោះ ទុកដូចជាជើងឈ្នួលតាមកំណត់ឆ្នាំ មិនត្រូវឲ្យចៅហ្វាយត្រួតត្រាលើគេដោយតឹងរ៉ឹងនៅមុខឯងរាល់គ្នាឡើយ